“បដិវត្តន៍ទិន្នន័យសម្រាប់វិស័យអចលនទ្រព្យ” ត្រូវបានលើកយកមកពិភាក្សាក្នុងសន្និសីទអចលនទ្រព្យនៅតំបន់អាស៊ី

0

ដោយៈ សុផារី

អាស៊ីៈ PropertyGuru Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍ បានប្រារព្ធធ្វើកម្មវិធីសន្និសិទ អចលនទ្រព្យនៅតំបន់អាស៊ី (PropertyGuru Asia Real Estate Summit) ដែលជាកម្មវិធីភាពជាអ្នកដឹកនាំ ប្រកបដោយគំនិតលំដាប់ពិភពលោក មានរយៈពេលមួយខែ ហើយបិទបញ្ចប់នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ។

សន្និសីទមានការចូលរួមពីសំណាក់បុគ្គលសំខាន់ៗ មកពីជុំវិញតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់ផ្សេងទៀត ដោយធ្វើការយកចិត្តទុកដាក់ទៅលើនិរន្តរភាព អគារបៃតងនិងហិរញ្ញវត្ថុ បច្ចេកវិទ្យាស្អាត ភាពធនរបស់ទីប្រជុំជន និងទីក្រុងឆ្លាតវៃ ជាមួយនឹងការផ្តោតលើវិទ្យាសាស្ត្រ គ្រប់គ្រងទិន្នន័យនិងការស្វែងយល់ពីទិន្នន័យជាចំណុចស្នូល។

នៅក្រោមប្រធានបទ “បដិវត្តន៍ទិន្នន័យ”សន្និសីទឆ្នាំនេះត្រូវបានបែង​ចែកទៅតាមប្រធានបទ ដោយផ្ដោតលើភាពទាក់ទងគ្នានៃទិន្នន័យ (data landscape) ទិន្នន័យដែលអាចចូលប្រើប្រាស់បាន (accessible data) ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនិងនវានុវត្តន៍ទិន្នន័យ។

លោក Hari V. Krishnan នាយកប្រតិបត្តិ និងជានាយកគ្រប់គ្រងនៃក្រុមហ៊ុន PropertyGuru Groupបានមានប្រសាសន៍ថា “យើងមានឱកាស ដើម្បីផ្លាស់ប្ដូរលំហូរការងាររបស់យើង ពីខាងក្នុងទៅវិញ ដោយប្រាកដថា យើងកំពុងតែប្រើប្រាស់នូវព័ត៌មានអំពីទិន្នន័យ ដើម្បីធ្វើការសម្រេ​ចចិត្តឆ្លាតវៃ ដូចជា ថាតើយើងត្រូវសង់ដោយរបៀបណា ត្រូវសង់អ្វី ត្រូវផ្គត់ផ្គង់បែបណាដើម្បីសមនឹងតម្រូវការ និងថាតើយើងត្រូវគ្រប់គ្រងអចលនទ្រព្យដោយរបៀបណាជាដើម។

ព័ត៌មានអំពីទិន្នន័យ អាចជួយទៅដល់គ្រប់ផ្នែកទាំងអស់ នៃប្រព័ន្ធអេកូឡូស៊ីសម្រាប់វិស័យអចលនទ្រព្យ” ។

លោក Stephen Oehme ប្រធានសន្និសីទ និងជានាយកគ្រប់គ្រងនៃក្រុមហ៊ុន Quantum Thailand Ltd បានធ្វើការអំពាវនាវឱ្យទាញយកអត្ថប្រយោជន៍ពីចំណុចខ្លាំង នៃវិទ្យាសាស្ត្រទិន្នន័យ ដើម្បីសម្រេចបាននូវគោលដៅនិរន្តរភាពរួមគ្នា ។ លោកបានមានប្រសាសន៍ថា “និរន្តរភាព គឺជាកញ្ចក់ឆ្លុះបញ្ចាំង សម្រាប់សម្រេចនូវលទ្ធផល ដែលយើងទាំងអស់គ្នាមានបំណងចង់សម្រេច និងកេរ្តិ៍ឈ្មោះដែលយើងចង់បន្សល់ទុក។ យើងត្រូវតែមានវឌ្ឍនភាពឱ្យរឹតតែខ្លាំងក្លា ហើយយើងត្រូវតែសម្រេចឱ្យបាននូវលទ្ធផលរឹងមាំនិងយូរអង្វែង រួមគ្នាយើងអាចធ្វើបាន”។

សន្និសីទឆ្នាំនេះ មានការប្រមូលផ្ដុំនូវក្រុមហ៊ុននាំមុខជាង30 ក្រុមហ៊ុន ខាងវិស័យអចលនទ្រព្យនិងបច្ចេកវិទ្យា បុគ្គលមានស្នាដៃកំពូលខាងការងារនិរន្តរភាព និងខាងការងារអាកាសធាតុ អ្នកបង្កើតថ្មី រួមទាំង អ្នកមានចក្ខុវិស័យវែងឆ្ងាយពីជុំវិញពិភពលោកផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here