ដោយៈសុខុម
ប្រទេសកូរ៉េ: ក្រុមហ៊ុនកូរ៉េខាងត្បូង MBK Partners បានទិញយកសួនកម្សាន្ត ជាប់មាត់សមុទ្រចំនួន៥នៅប្រទេសចិន ក្នុងផែនការយុទ្ធសាស្ត្រពង្រីកអាជីវកម្មរបស់ខ្លួន ដើម្បីច្បាមយកកំណើនវិស័យទេសចរណ៍នៅក្នុងប្រទេស ដែលមានប្រជាជនច្រើនបំផុត ក្នុងពិភពលោកមួយនេះ។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយនៅថ្ងៃសុក្រ ទី២៤ ធ្នូ នេះ។
ក្រុមហ៊ុនឯកជន ដែលបានបោះវិនិយោគរួចទៅហើយ ក្នុងគម្រោងសួនកម្សាន្ត Universal Studios Japan ដែលល្អដាច់គេប្រចាំប្រទេសជប៉ុន ខាងលើនេះបានទូទាត់ប្រាក់ចំនួន១,០៣ពាន់ លានដុល្លារអាមេរិក ទិញយកសួនកម្សាន្តទាំង៥ ពីក្រុមហ៊ុនដែលចុះបញ្ជីនៅហុងកុង Haichang Ocean Park Holdings ហើយបានបង្កើតក្រុមហ៊ុនមួយមានឈ្មោះថា HHAn Group ដើម្បីគ្រប់គ្រងសួនកម្សាន្តទាំងនេះ។
សួនកម្សាន្តទាំងនេះ មានទីតាំងនៅក្នុងក្រុងឈឹងទូ (Chengdu) ក្រុងឈីងតាវ (Qingdao) ក្រុងអ៊ូហាន (Wuhan) និងក្រុងធានជីន (Tianjin) ដោយគម្រោងសួនកម្សាន្តទី៥ កំពុងស្ថិតក្រោមដំណើរការសាងសង់ក្នុងក្រុងជឹងចូវ (Zhengzhou)។
ការលក់សួនកម្សាន្តទាំងនេះ គឺជាផ្នែកមួយនៃកម្មវិធីលក់ចេញទ្រព្យសកម្មរបស់ក្រុមហ៊ុន Haichang ដែលមានទីស្នាក់ការកណ្ដាលនៅក្រុងតាលៀន (Dalian) ខេត្តលាវនីង (Liaoning) ដើម្បីសងបំណុលរបស់ខ្លួន។
ភាគហ៊ុនរបស់ក្រុមហ៊ុន Haichang បានហក់ឡើង៧,៧%នៅក្នុងការជួញដូរពេលព្រឹក លើផ្សារភាគហ៊ុនក្រុងហុងកុង រហូតដល់២,៩៣ដុល្លារហុងកុង (០,៣៨ដុល្លារអាមេរិក) ក្នុងមួយភាគហ៊ុន៕ South China Morning Post៕