ដោយៈសុខុម
ញូវយ៉ក: ទីផ្សារលំនៅដ្ឋាននៅសហរដ្ឋអាមេរិក មានសន្ទុះហក់ឡើងយ៉ាងខ្លាំង ដែលការលក់ផ្ទះបានឈានដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មានក្នុងរយៈពេល១៥ឆ្នាំមកនេះ។
ផ្ទះរហូតដល់ទៅប្រមាណ៦លានខ្នង ត្រូវបានលក់ចេញក្នុងឆ្នាំ២០២១។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២៧ ធ្នូ។
ប៉ុន្តែត្រង់អ្នកទទួលបានអត្ថប្រយោជន៍ ពីសន្ទុះកើនឡើងនេះ ឬក៏អត់ គឺភាគច្រើនអាស្រ័យលើថា តើអ្នកនោះជាអ្នកទិញផ្ទះ ឬ ក៏ជាអ្នកលក់ផ្ទះ។
ទីភ្នាក់ងារហិរញ្ញវត្ថុលំនៅដ្ឋានសហព័ន្ធ (Federal Housing Finance Agency) និយាយថា ម្ចាស់ផ្ទះបានចំណេញយ៉ាងក្រាស់ក្រែល ដោយសារតម្លៃផ្ទះ ជាមធ្យមបានហក់ឡើង រហូតដល់ជិត២០%ក្នុងត្រីមាសទី៣ បើធៀបនឹងឆ្នាំ២០២០។វាជាឡើងថ្លៃប្រចាំឆ្នាំខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ នៃសន្ទស្សន៍តម្លៃលំនៅដ្ឋានរបស់ទីភ្នាក់ងារនេះ។ ហើយនៅក្នុងទីផ្សារមួយចំនួនទៀត ការហក់ឡើងថ្លៃក៏កើនឡើងទ្វេដងផងដែរ។
ផ្ទះក៏លក់ដាច់ក្នុងល្បឿនលឿនមិនធ្លាប់មានដែរ ដោយសូម្បីតែផ្ទះដែលមើលទៅគគ្រេច ឬត្រូវភ្លើងឆេះរោលក៏លក់ដាច់យ៉ាងរហ័សដែរ ហើយថែមទាំងលក់បានក្នុងតម្លៃខ្ពស់ថែមទៀតផង។
ទោះជាយ៉ាងណា សម្រាប់អ្នកទិញវិញ វាជារឿងផ្សេង។ ខណៈពេលដែលអត្រាប្រាក់សម្រាប់ឥណទាន លំនៅដ្ឋានគេហដ្ឋាន ឬកម្ចីទិញផ្ទះនៅឆ្នាំនេះត្រូវបានបញ្ចុះ មកដល់អត្រាទាបបំផុតមិនធ្លាប់មាន វាបែរជារកផ្ទះទិញសឹងមិនបានទៅវិញ។ ចំនួនផ្ទះដែលមានដាក់លក់ លើទីផ្សារគឺតិចតួចខ្លាំងណាស់កាលពីដើមឆ្នាំនេះ ហើយមានការប្រកួតប្រជែងខ្លាំង។
អ្នកដែលមានគម្រោងទិញផ្ទះជាច្រើ នបានជួបការខកចិត្ត ដ្បិតរកផ្ទះទិញមិនបាន និងខកខានឱកាសចំណេញពីការឡើងថ្លៃផ្ទះនេះ។ ជាលទ្ធផល តម្រូវការជួលផ្ទះបានកើនឡើង ហើយថ្លៃឈ្នួលផ្ទះក៏បានហក់ឡើងនៅទូទាំងសហរដ្ឋអាមេរិក។
យោងតាមការព្យាកររបស់គេហទំព័រអចលនទ្រព្យ Realtor.com ឱ្យដឹងថា ស្តុកលំនៅដ្ឋានសម្រាប់ការផ្គត់ផ្គង់លើទីផ្សារ នឹងប្រសើរឡើងក្នុងឆ្នាំ២០២២ ប៉ុន្តែនឹងមិនកើនឡើងច្រើនប៉ុន្មានឡើយ ពោលគឺយ៉ាងច្រើនកើនឡើង០,៣%ប៉ុណ្ណោះ។ ដូចនេះតម្លៃលំនៅដ្ឋាននឹងបន្តហក់ឡើង ខណៈការប្រកួតប្រជែងនឹងមានកាន់តែខ្លាំង៕ CNN៕