សម្ដេចតេជោនឹងរៀបចំឱ្យមានច្បាប់កំណត់អាយុចូលនិវត្តិន៍របស់នាយករដ្ឋមន្ត្រី

0

ដោយៈសុផារី

ភ្នំពេញៈ ថ្លែងពីវេទិកាសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី នាព្រឹកថ្ងៃទី ២៩ ខែធ្នូនេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសទុកមុនថា នៅពេលដែលចាកចេញពីតំណែងជានាយករដ្ឋមន្ត្រី សម្ដេចនឹងសម្រេចបំណងរបស់អ្នកស្នើសុំ ដែលចង់ឲ្យមានការកំណត់អាយុចូលនិវត្តិន៍ របស់នាយករដ្ឋមន្ត្រី។

សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា“ប្រកាសទុកឱ្យ​ហើយ នៅពេលដែលខ្ញុំចាកចេញពីនាយករដ្ឋមន្ត្រី ខ្ញុំនឹងសម្រេចបំណងអ្នក ដែលស្នើសុំឱ្យរៀបចំច្បាប់កំណត់អាយុ ចូលនិវត្តិន៍របស់នាយករដ្ឋមន្ត្រី ខ្ញុំនឹងធ្វើជូន”។

សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា អាណត្តិនាយករដ្ឋមន្ត្រី មិនអាចកំណត់បាននោះទេ ពីព្រោះតែការបោះឆ្នោត គឺបោះឆ្នោតជ្រើ​សរើសសមាជិកសភា មិនមែនបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ដោយផ្ទាល់នោះទេ។ ប៉ុន្តែសមាជិករដ្ឋសភាទេ ដែលបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី។ ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានផ្ដាំទៅក្រុមអតីតគណបក្សប្រឆាំងថា “ហើយរឿងអ្នកណាធ្វើនាយករដ្ឋមន្ត្រី នៅពេលណា គឺជារឿងបក្សរបស់គេ”។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបន្តថា នៅពេលដែលសម្ដេច ចាកចេញពីតំណែង ជានាយករដ្ឋមន្ត្រីនាពេលខាងមុខ ហើយក្លាយសមា​ជិករដ្ឋសភាវិញ នឹងពិភាក្សាជាមួយសមាជិករដ្ឋសភាផ្សេងទៀត ដើម្បីរៀបចំឲ្យមានច្បាប់កំណត់អាយុ នាយករដ្ឋមន្ត្រី ដែលត្រូវចូលនិវត្តិន៍។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងទៀតថា “កាលហ្នឹងគេថា កំណ​ត់អាយុនាយករដ្ឋមន្ត្រី អូខេ! ចាំពេលហ្នឹង បោះឆ្នោតជ្រើសរើស ផ្ដល់ការទុកចិត្តឱ្យរដ្ឋាភិបាលថ្មីរួចហើយ ចេញមកយើងជាសមាជិកសភា គិតថា បបួលគ្នាប៉ុន្មាននាក់យើង ពេលដែលយើងចេញមកប្រជុំកាសែតទាំងអស់គ្នា ហើយយើងផ្ដួចផ្ដើមគំនិតស្នើសុំ ធ្វើច្បាប់កំណត់អាយុនាយករដ្ឋមន្ត្រី”៕

LEAVE A REPLY

Please enter your comment!
Please enter your name here