ដោយ៖ សុធារី
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានដកអភិបាលខេត្តណាដែលជំពាក់លុយ ក្រុមហ៊ុន លី ឈួង រឿងឃុបឃិតគ្នាសាងសង់មុនទើបធ្វើការទូទាត់ប្រាក់តាមក្រោយ ដោយមិនមានការដេញថ្លៃ ហើយសម្តេចក៏បានបញ្ជាឱ្យអភិបាលរាជធានីខេត្ត និងស្ថាប័នរដ្ឋទាំងអស់ បញ្ឈប់គម្រោងបែបនេះជាបន្ទាន់។
ការព្រមានរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែល សម្តេចអញ្ជើញបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះ។
សម្តេចបានថ្លែងថា “ខ្ញុំសូមផ្តាំនិងដាក់បទបញ្ជាដាច់ណាត់ គម្រោងទាំងឡាយណាដែលមិនទាន់អនុវត្ត គឺដកចេញភ្លាម លុបកុងត្រាហ្នឹងចោលភ្លាម ព្រោះកុងត្រាហ្នឹងគ្មានអ្នកណាទទួលស្គាល់។ បើសិនជាខ្ញុំរកឃើញ នឹងមានរឿង”។ ចំពោះគម្រោងដែលបានអនុវត្តរួចហើយ សូមទូរទាត់រយៈពេល២០ ឆ្នាំ ហើយយកលុយរដ្ឋបាលខេត្តហ្នឹងទូរទាត់ទៅ។ រដ្ឋាភិបាលមិនចេញឱ្យមួយសេនទេ ព្រោះធ្វើអ្វីមិនឱ្យរដ្ឋាភិបាលដឹង ចឹងវាក្លាយជាបន្ទុកបំណុល”។
សម្តេចបន្តថា “បើខេត្តណាដែលមាន ហើយចុះហត្ថលេខាដោយអភិបាលខេត្ត ឱ្យអតីតអភិបាលខេត្តមកទូរទាត់ទៅ។ បើបណ្តោយរឿងនេះ មិនទប់ស្កាត់អភិបាលខេត្ត ឬស្ថាប័ន សូមផ្តាំរឿងនេះវាទៅជាជំងឺមហារីក។ ខាងក្រោមជំពាក់លុយគេ តម្រូវឱ្យខាងលើអ្នកចេញលុយ។ អ្នកឯងឃុបឃិតគ្នា អត់ដាក់ដេញថ្លៃផង។ នេះជាអំពើពុករលួយ ដែលខ្ញុំនិយាយដោយត្រង់ បើមិនសម្អាតអាហ្នឹង គឺមិនបាន។ ចឹងផ្តាំទៅ គ្រប់អភិបាលខេត្ត រាជធានីទាំងអស់ អត់ឱ្យធ្វើបែបហ្នឹងទៀតទេ។ រាល់ការធ្វើណាក៏ដោយ ត្រូវមានការយល់ព្រម បើត្រូវចំណាយថវិកា”។
ជាមួយគ្នានេះ សម្តេចតេជោ ក៏បានផ្តាំទៅក្រុមហ៊ុន លី ឈួង ដូច្នេះថា “ខ្ញុំផ្តាំទៅក្រុមហ៊ុន លី ឈួង ឲ្យបញ្ឈប់ជាបន្ទាន់ បើមិនអ៊ីចឹង ខ្ញុំនឹងដាក់ក្រុមហ៊ុន លី ឈួង ទៅក្នុងបញ្ជីខ្មៅ។ ខ្ញុំដឹងថា ក្រុមហ៊ុនអ្នកឯងធ្វើល្អហើយ ដូចជា វិមានសន្តិភាព វិមានរដ្ឋសភា ធ្វើកន្លែងនេះ កន្លែងនោះ ក៏ប៉ុន្តែអ្នកឯងមិនអាចធ្វើរបៀបនេះតទៅទៀតទេ ហើយផ្តាំទៅក្រុមហ៊ុនទាំងអស់ កុំយកតម្រាប់តាមក្រុមហ៊ុន លី ឈួង”។
ក្រុមហ៊ុន លី ឈួង សំណង់ និងអាហរ័ណ នីហរ័ណ គឺជាក្រុមហ៊ុនសាងសង់អគារ និងផ្លូវថ្នល់ ជាច្រើនឆ្នាំមកហើយ។ បើតាមសម្តេចតេជោ ក្រុមហ៊ុននេះ បានសាងសង់វិមានសន្តិភាព វិមានរដ្ឋសភាជាតិ និងអគារសំណង់ធំៗជាច្រើនទៀត នៅកម្ពុជា៕