ដោយ៖ សុផារី
កោះកុង៖ ផ្លូវជាតិលេខ៤៨ ជារបៀងមាត់សមុទ្រ ដែលមិនត្រឹមបម្រើនៅក្នុងស្រុកទេ តែក៏បម្រើដល់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា ថៃ និងវៀតណាមផងដែរ ខណៈបច្ចុប្បន្នកំពុងក្លាយជាប៉ូលទេសចរណ៍ដ៏សំខាន់ផងនោះ ហើយនៅពេលខាងមុខខេត្តកោះកុង នឹងមានតំបន់សេដ្ឋកិច្ចច្រើនជាងខេត្តដទៃ ដោយមិនចាញ់ខេត្តព្រះសីហនុនោះឡើយ។
នេះបើតាមការលើកឡើងរបស់ម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែល សម្តេចអញ្ជើញបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះ។
សម្តេចលើកឡើងថា “វាជារបៀងមាត់សមុទ្រដែលបម្រើឱ្យមិនត្រឹមតែទំនាក់ទំនងផ្ទៃក្នុងរបស់កម្ពុជាទេ ក៏ប៉ុន្តែទំនាក់ទំនងរវាងថៃ កម្ពុជានិងវៀតណាម ដែលឆ្លងកាត់រវាងមាត់សមុទ្រនេះ។ ប្រសិនបើវៀតណាមចង់យកទំនេញទៅប្រទេសថៃឆ្លងកាត់តាមផ្លូវនេះ ក៏រហ័ស។ ថៃចង់យកទំនិញទៅវៀតណាម ក៏អាចឆ្លងកាត់តាមផ្លូវនេះ”។
សម្តេចបន្តថា “ទន្ទឹមនឹងរបៀងមាត់សមុទ្រនេះក្លាយជាតំបន់ទេសចរណ៍ដ៏គួរឱ្យទាក់ទាញ និងតំបន់ប៉ូលសេដ្ឋកិច្ចនៅទិសនារតី ដែលមុននេះមានក្នុងខេត្តព្រះសីហនុតែប៉ុណ្ណោះ។ តែឥឡូវនេះ គ្របដណ្តប់ខេត្តទិញនារតីរបស់យើង មានខេត្ត ព្រះសីហនុ ខេត្តកោះកុង ខេត្ត កែប និងខេត្តកំពត ជាមួយនឹងប៉ូលសេដ្ឋកិច្ចដ៏រីកចម្រើននិងមានសក្តានុពលខ្ពស់នៅពេលខាងមុខផងដែរ”។
ក្រៅពីនេះ ផ្លូវជាតិលេខ៤៨ ក៏បានតភ្ជាប់យ៉ាងសំខាន់ជាមួយខេត្តបាត់ដំបង ពោធិ៍សាត់ ទៅខាងប៉ៃលិន បន្ទាយមានជ័យ តាមរយៈផ្លូវជាតិលេខ១០ ដែលកំពុងសាងសង់ដែរនោះ ដែលនេះជាការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋកម្ពុជា ដោយមិនចាំបាច់ធ្វើដំណើរឆ្លងកាត់តាមរាជធានីភ្នំពេញទៀតឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា កុំសង្ឃឹមដល់ការរីកចម្រើន បើគ្មានការតភ្ជាប់ផ្ទៃក្នុង និងប្រទេសជិតខាង តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពានទេនោះ៕