អ្នកជំនាញរំពឹងថា ផ្នែកចំនួនពីរនៃអចលនទ្រព្យនឹងមានកំណើនខ្ពស់ក្នុងឆ្នាំ២០២២

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ក្រោយពេលរាជរដ្ឋាភិបាលកម្ពុជា បានបើកប្រទេសឡើងវិញ និងបើកឱ្យមានអ្នកដំណើរបរទេសចូលមកកម្ពុជា ដោយមិនធ្វើចត្តាឡីស័ក  ក៏បានឃើញថាសកម្មភាព នៃការវិនិយោគអចលនទ្រព្យនិងវិស័យនានាងើបឡើងវិញជាបន្តបន្ទាប់ ក្នុងនោះដែរចំណោមអនុវិស័យជាច្រើន ក្នុងវិស័យអចលនទ្រព្យ អ្នកជំនាញមើលឃើញថាវិស័យឧស្សាហកម្ម និងពាណិជ្ជកម្មរំពឹងនឹងកើនឡើងខ្ពស់នៅឆ្នាំ២០២២។

លោកសន សៀប នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យឃីរៀលអ៊ីស្ទេត បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ឆ្នាំ២០២២ខាងមុខនេះ វិស័យអចលនទ្រព្យ ប្រហែលជាមិនអាចងើបឡើងខ្ពស់ដូចមុនស្ថា​ន​ភាពកូវីដ១៩មកដល់ទេ ប៉ុន្តែផ្នែកខ្លះនៃវិស័យនេះ នឹងងើបឡើងវិញ ហើ​យខ្ពស់ជាងគេ ក្នុងចំណោមផ្នែកជាច្រើនទៀត ដូចជាវិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម ហើយតម្រូវការដីធ្លីសម្រាប់បម្រើ ក្នុងវិស័យទាំងពីរនេះ នឹងមានតម្រូវការខ្ពស់នៅឆ្នាំក្រោយនេះ ។

លោកបន្តថា “សម្រាប់វិស័យអចលនទ្រព្យកម្ពុជាទាំងមូល អាចនឹងងើបឡើងវិញ ដូចមុននឹងស្ថានភាពកូវីដ១៩ នៅអំឡុងពាក់កណ្ដាលឆ្នាំ ២០២៣ ខណៈ២០២២នេះ វាអាចនឹងនៅបន្តប្រឈមនឹងបញ្ហាកូវីដ១៩ ពីព្រោះដូចបានឃើញ វត្តមានមេរោគកូវីដ១៩បម្លែងថ្មី ប្រភេទអូមីក្រុងរកឃើញជាបន្តបន្ទាប់”។

លោកបន្តថា បន្ទាប់ពីបានបើកប្រទេសឡើងវិញ ឃើញថារោងចក្រឧស្សាហកម្ម ចាប់ផ្ដើមកម្រើកឡើងវិញ តម្រូវការការិយាល័យជួលក៏ចាប់ផ្ដើមមានឡើងវិញ ហើយនៅឆ្នាំ២០២២នេះ តម្រូវការផ្នែកទាំងពីរនេះនឹងនៅតែបន្តងើប និងអាចងើបឡើងខ្លាំងជាងគេ ក្នុងចំណោមអនុវិស័យនៃអចលនទ្រព្យ ។

ជាមួយគ្នានេះ លោកឡុង គឹមសួគ៌អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century 21 Advance Property បានមានប្រសាសន៍ថា ការអភិវឌ្ឍលំនៅឋានជាបុរីសម្រាប់ឆ្នាំ ២០២២ខាងមុខនេះ លោកជឿថានឹងមានតម្រូវការបន្ថែមទៀត ខណៈ២០២១ជាឆ្នាំដែលកម្ពុជារងគ្រោះ ធ្ងន់ធ្ងរដោយ​សារតែកូវីដ១៩ ប៉ុន្តែការអភិវឌ្ឍលំនៅឋាននៅតាមបុរី នៅតែមានដដែល ជាពិសេសម្ចាស់អភិវឌ្ឍន៍ដែលយល់ច្បាស់ពីទីផ្សារ ។

លោកបន្តថា “ឆ្នាំ២០២២ខាងមុខនេះ បើសិនជាម្ចាស់បុរី មិនអភិវឌ្ឍទៅរកតម្រូវការទីផ្សារបច្ចុប្បន្ន នៅតែបន្តប្រឈមនឹងបញ្ហាដដែល តែបើសិនជាម្ចាស់បុរី ណាស្វែងយល់ពីតម្រូវការទីផ្សារ នឹងនៅតែអាចលក់ចេញ បានដដែលទោះក្នុងវិបត្តិកូវីដ១៩”។លោកថា “យើងឃើញថានៅក្នុងវិបត្តិកូវីដ១៩ បុរីលំនៅឋាននៅក្នុងប្រទេសកម្ពុជា នៅតែបន្តអភិវឌ្ឍន៍ និងលក់បានជាហូរហែ ចំណែកបុរីដែលមិនមានស្ដង់ដារ មិនមានការសិក្សាពីទីផ្សារនៅតែជួបបញ្ហា”។

លោកចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យស៊ីភិអិល បានមានប្រសាសន៍ថា  ក្នុងវិបត្តិកូវីដ១៩ឬវិបត្តិផ្សេងៗ សម្រាប់រូបលោកមិនផ្ដោតលើវិបត្តិទេ តែលោកនឹងបន្តការងារ ដោយសុទិដ្ឋិនិយមដដែល ដូច្នេះនៅពេលចប់វិបត្តិ យ៉ាងហោចណាស់ ក៏យើងអាចត្រៀមខ្លួនសម្រាប់បន្តដំណើរការវិនិយោគរបស់យើងទៅមុខគេដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here