ដោយ: ម៉ាលីស
ភ្នំពេញ: ដីឡូត៏ និងផ្ទះលំហែកាយគឺជាផ្នែកមួយ នៃវិស័យអចលនទ្រព្យកម្ពុជា និងមានការវិនិយោគជាបន្តបន្ទាប់ ពីវិនិយោគិនក្នុងនិងក្រៅប្រទេស។
ទោះជាយ៉ាងណាអ្នកអភិវឌ្ឍន៍ខ្លះ ក៏ទទួលជោគជ័យ ឯខ្លះទៀតក៏មិនទទួលបានជោគជ័យ។ ដូច្នេះតើហតុអ្វីវិនិយោគិន ត្រូវវិនិយោគលើដីឡូត៏លំហែនិងផ្ទះលំហែនៅក្នុងប្រទេសកម្ពុជា ហើយតើគាត់ត្រូវត្រៀមលក្ខណៈសម្បត្តិយ៉ាងណាដើម្បីទទួលបានជោគជ័យ?។
លោកCooler Tan ម្ចាស់គម្រោងវិនិយោគលើដីឡូត៏លំហែកាយបូកគោលែន នៅក្នុងខេត្តកំពតបានមាន ប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយ សារពត៍មាន គេហទំព័រ Property Area Asia អោយដឹងថា ដំបូងលោក គឺជាអ្នកវិនិយោគលើវិស័យផ្សេងទេ ប៉ុន្តែដោយសំលឹងមើលឃើញថាវិស័យអចលនទ្រព្យ កំពុងតែមានការពេញនិយមនិងមានតម្រូវការខ្ពស់ ហើយវិស័យនេះផងដែរ ក៏បានចូលរួមចំណែកយ៉ាងធំ ក្នុងសេដ្ឋកិច្ចជាតិ លោកក៏បានសម្រេចចិត្តបណ្ដាក់ទុនវិនិយោគ លើវិស័យអចលនទ្រព្យនិងបានជ្រើសរើស យកការអភិវឌ្ឍលើដីឡូត៏លំហែកាយ នៅក្នុងខេត្តកំពតដែលជាខេត្តមានសក្តានុពលទេសចរ និងសកថិតកៀកនឹងក្រុងផងនោះ។
លោកក៏បានចែករំលែកនូវគន្លឹះមួយចំនួន សំរាប់អ្នកដែលចង់ធ្វើវិនិយោគដីឡូត៏លំហែថា “យើងត្រូវមានទុនគ្រប់គ្រាន់ ដោយមួយចំណែកត្រូវរកទិញដីឱ្យបានសិន ពេលដែលទិញបានហើយ គឺត្រូវការទុនមួយចំណែកទៀតសម្រាប់ទុកអភិវឌ្ឍន៍ និងត្រូវមានទុនមួយកញ្ចប់ទៀត សម្រាប់ទុកទិញដីអភិវឌ្ឍន៍គម្រោងបន្តបន្ទាប់”។ លោកបន្តថា “ទោះបីជាយើងមានទុនទាំងអស់នេះហើយ ក៏មិនប្រាកដថាអាចទទួលបានជោគជ័យនោះទេ ។ ជាក់ស្ដែង នៅក្នុងប្រទេសកម្ពុជាអ្នកមានធនធាន និងមានដីច្រើនណាស់ ដោយអ្នកខ្លះ មិនធ្វើខាងផ្នែកលំហែនេះ ទេហើយអ្នកខ្លះទៀតធ្វើដែរតែក៏មិនទទួលបានជោគជ័យ អ្វីដែលសំខាន់គឺផ្នត់គំនិត ពោលគឺត្រូវមានឆន្ទៈខ្ពស់ក្នុងការអភិវឌ្ឍ”។
លោកក៏បានជំរាបអោយដឹងពីផែនការ និងយុទ្ធសាស្រ្ត សម្រាប់គម្រោងបូកគោលែន របស់លោកដែលទទួលបានការគាំទ្រ ពីអតិថិជនក្នុងប្រទេសកម្ពុជាដូចនេះថា ដោយសារ ការចេះសិក្សាស្វែងយល់ពីតម្រូវការទីផ្សាររបស់អតិថិជន ដែលធ្វើយ៉ាងណាឱ្យអតិថិជន ស្រលាញ់ពេញចិត្តនូវគម្រោងនីមួយៗ ដូចជា ការគូសប្លង់ រចនាគម្រោង និងទាក់ទាញអតិថិជនជាដើម ដូចនេះទើបមានការជោគជ័យ និងកោតសរសលរពីសំនាកអតិថិជនដូចសព្វថ្ងៃ។
រួមផ្សំនឹងការបង្កើតទីផ្សារបានល្អ ជាពិសេសនោះគឺ រកអ្នកដែលមានចំណេះដឹងផ្នែកទីផ្សារ ក្នងការលក់គម្រោងផងដែរ។ ម្យ៉ាងទៀត អ្នកអភិវឌ្ឍន៍គម្រោងលំហែបូកគោលែន មិនត្រឹមតែគូសប្លង់ រចនាគម្រោងបានស្អាត និងរកទីផ្សារបានល្អនោះទេ តែអភិវឌ្ឍន៍គម្រោងនោះ ឱ្យបានស្អាតជាងគេ ទាក់ទាញជាងគេ ។
លោកCooler Tanបានបញ្ជាក់ថា គម្រោងដែលជោគជ័យ មិនមែនជាគម្រោង ដែលលក់ឱ្យអតិថិជនដាច់អស់លឿន ហើយគ្រប់គ្រាន់តែម្យ៉ាងទេ តែធ្វើយ៉ាងណាទាក់ទាញឱ្យអតិថិជនមកអភិវឌ្ឍន៍ មកសង់ផ្ទះ និងមករស់នៅ ។ លោកថា យើងមានផែនការអភិវឌ្ឍឱ្យស្អាត ល្អទាក់ទាញ និងធ្វើឱ្យលឿន ដើម្បិឱ្យអតិថិជនដែលចង់សង់ផ្ទះ នៅក្នុងគម្រោងដែលបានទិញអាចសង់បានភ្លាមៗលឿនរហ័ស។ គម្រោងខ្លះអភិវឌ្ឍន៍ពីរបីឆ្នាំហើយ តែពេលអតិថិជន ចង់មកអភិវឌ្ឍន៍ក៏មិនអាចធ្វើទៅបាន ខ្វះប្រព័ន្ធទឹក ភ្លើង ផ្លូវជាដើម តែសម្រាប់គម្រោងរបស់យើង អតិថិជនទិញហើយ មិនឱ្យរង់ចាំយូរនោះទេ។
មួយវិញទៀតទាក់ទិននឹង នឹងការប្រកួតប្រជែងនៃវិស័យដីឡូតិ៍លំហែសព្វថ្ងៃ លោកCooler Tan ក៏បានបញ្ជាក់ថា លោកមើលឃើញ មិនទាន់មានការប្រកួតប្រជែងគ្នាខ្លាំងនោះទេ បើធៀបជាមួយនឹងការអភិវឌ្ឍលំនៅឋាន។
ប៉ុន្តែលោកជឿថា ចាប់ពីឆ្នាំ២០២៣ឡើងទៅ ទីផ្សារដីឡូត៏លំហែនឹងកាន់តែមានការប្រកួតប្រជែងគ្នាខ្លាំងឡើង។ អ្វីដែលអ្នកទិញដីឡូត៏ត្រូវប្រយ័ត្ន និងពិចារណា មុននឹងទិញដីឡូត៏លំហែគឺត្រូវមើលថា តើគម្រោងនោះធ្វើពិតប្រាកដឬអត់ គម្រោងអភិវឌ្ឍន៍ពិតដែរទេ? បើសិនជាត្រឹមទិញហើយទុកចោល ឬត្រូវប្រើពេលវេលាបួនដប់ឆ្នាំក្រោយ ទើបអាចមកចូលនៅបាន វាអត់ន័យនោះទេ៕