ដោយៈសុខុម
ប្រទេសចិនៈ ស្របពេលករណីឆ្លងវីរុសកូវីដ-១៩ កំពុងតែកើនឡើង ទីក្រុងមួយទៀតនៃប្រទេសចិន ត្រូវបានបិទខ្ទប់ បិទសាលារៀន និងផ្អាកសេវាដឹកជញ្ជូនសាធារណៈ ដើម្បីទប់កុំឱ្យរីករាលដាលកាន់តែខ្លាំង។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី៣ មករា។
ទីភ្នាក់ងារព័ត៌មាន Anadolu Agency បានចុះផ្សាយដោយដកស្រង់ប្រភពកាសែតចិន Global Times ថា អាជ្ញាធរក្រុងយូចូវ (Yuzhou) នៃខេត្តហឺណាន (Henan) បានប្រកាសដាក់ចេញវិធានការថ្មីទាំងនេះ កាលពីយប់ថ្ងៃអាទិត្យ ថ្ងៃទី០២ មករា នៅពេល “រកឃើញការឆ្លង២ករណី”។
ការបិទខ្ទប់នេះធ្វើឡើង នៅពេលទីក្រុងស៊ីអាន (Xi’an) នៃខេត្តសានស៊ី (Shaanxi) ដែលជាចំណុចផ្ទុះចុងក្រោយ នូវការឆ្លងវីរុសកូវីដ-១៩ បានរាយការណ៍ករណីឆ្លងវីរុសនេះ តិចជាង១០០ករណី ក្រោយផ្ទុះជិតមួយសប្តាហ៍។
គណៈកម្មាធិការជាតិ សុខភាពសាធារណៈនៃប្រទេសចិន បាននិយាយថា កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅមានករណីឆ្លងថ្មី ចំនួន១៦១ករណី ដោយក្នុងនោះករណីឆ្លង ក្នុងស្រុកមាន១០១ករណី និងករណីនាំចូលចំនួន៦០ករណី។
ករណីឆ្លងក្នុងស្រុកនៅក្រុងស៊ីអាន បានកើនឡើងយ៉ាងខ្លាំងដោយសារវីរុសបំប្លែងខ្លួនថ្មីឌែលតា (Delta) បន្ទាប់ពីក្រុងនេះរាយការណ៍ករណីដំបូងរបស់ខ្លួនកាលពីខែធ្នូ ឆ្នាំ ចុងឆ្នាំ២០២១។ ជាមួយនឹងករណីឆ្លងថ្មីចំនួន៩២ករណី កាលពីថ្ងៃអាទិត្យ កន្លងទៅ តួលេខឆ្លងសរុបបានកើនឡើងដល់១.៦៦៦ករណីហើយ។
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua News ឱ្យដឹងថា ក្រុមគ្រូពេទ្យយ៉ាងតិច២៤ក្រុម ដែលមានវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាចំនួន១.៣៧០នាក់ ត្រូវបានដាក់ពង្រាយក្នុងទីក្រុងស៊ីអាន ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលករណីឆ្លងកើនឡើង។
អាជ្ញាធរមូលដ្ឋាន ក៏បានបង្កើតមន្ទីរពេទ្យចំនួន២ នៅខាងក្នុងតំបន់ធ្វើចត្តាឡីស័ក សម្រាប់ការព្យាបាលសង្គ្រោះបន្ទាន់ផងដែរ៕ The Edge Markets៕