ការិយាល័យទំនើបនឹងក្លាយជាចំណែកទីផ្សារអចលនទ្រព្យដ៏សំខាន់មួយ បន្ទាប់ពីទីផ្សារលំនៅឋាន

0

ដោយ៖ សុធារី

ភ្នំពេញ៖ ទីតាំងការិយាល័យទំនើប នឹងក្លាយជាចំណែកទីផ្សារអចលនទ្រព្យដ៏សំខាន់មួយទៀតបន្ទាប់ពីទីផ្សារលំនៅឋាន សម្រាប់អ្នកប្រើប្រាស់ក្នុងស្រុក ខណៈការផ្គត់ផ្គង់អាគារការិយាល័យទំនើបមានទីផ្សារកាន់តែល្អឡើង ដោយសារកំណើនតម្រូវការពីម្ចាស់អាជីវកម្មក្នុងស្រុកដែលធ្លាប់តែជួលផ្ទះល្វែង ឬវីឡាដើម្បីប្រតិបត្តិការអាជីវកម្ម។

នាយកប្រតិបត្តិក្រុមហ៊ុន CENTURY 21 IMPERIAL REALTY លោកខេន ឡូ ថ្លែងក្នុងកិច្ចពិភាក្សាស្តីពី ឱកាសការងារ និងវិនិយោគអចលនទ្រព្យថា ឥរិយាបថនៃការផ្លាស់ប្តូរទីតាំងការិយាល័យពីការជួលផ្ទះល្វែង ឬវីឡា មកកាន់អគារការិយាល័យទំនើប ដោយសារកត្តាតម្លៃប្រហាក់ប្រហែលគ្នា ខណៈដែលអគារការិយាល័យមានប្រព័ន្ធគ្រប់គ្រង ទីធ្លាទូលាយ បរិយាកាសល្អ និងសុវត្ថិភាពជាងផ្ទះល្វែង។

លោក ខេន ឡូ បញ្ជាក់ថា អគារការិយាល័យមិនត្រឹមតែផ្តល់ភាពទំនើបប៉ុណ្ណោះទេ តែក៏ជួយលើកមុខមាត់កេរ្តិ៍ឈ្មោះដល់ក្រុមហ៊ុនផងដែរ។ អគារការិយាល័យទំនើប ត្រូវបានបែងចែកជាបីប្រភេទគឺកម្រិត A B និងកម្រិត C។ បើតាមលោកខេន ឡូ កម្រិតBនិងCភាគច្រើនផ្តោតលើអតិថិជនក្នុងស្រុក ដោយសារការជួលការិយាល័យកម្រិតនេះមានតម្លៃសក្កិសមសម្រាប់អតិថិជនក្នុងស្រុក។

បរិមាណនៃការផ្គត់ផ្គង់អគារការិយាល័យនឹងបន្តកើនឡើងនៅឆ្នាំនេះ នឹងឆ្នាំបន្ទាប់។ តាមការរំពឹងទុក ការផ្គត់ផ្គង់ ការិយាល័យនឹងកើនដល់ជាង ៧៩ម៉ឺនម៉ែត្រការ៉េ នៃទំហំផ្ទៃក្រឡាជួលសរុប (NLA) ដែលកើនជាង ១សែន៤ម៉ឺនម៉ែត្រការ៉េ ធៀបនឹងឆ្នាំមុន។ ទំហំផ្ទៃក្រឡាជួលនេះនឹងបន្តកើនដល់ជាង ១លានម៉ែត្រការ៉េ នៅត្រឹមដំណាច់ឆ្នាំ២០២២។ នេះបើតាមការរបាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុន CBRE Cambodia។

ប្រភពដដែលបានបង្ហាញថា គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២១ តម្លៃជួលការិយាល័យកម្រិត B មានតម្លៃជួលចន្លោះពី ១៩ ទៅ ២២ ដុល្លារ ខណៈដែលកម្រិតC មានតម្លៃចន្លោះពី១២ដុល្លារទៅ១៤ ដុល្លារក្នុងមួយម៉ែត្រការ៉េ ក្នុងមួយខែ ដោយអាស្រ័យទៅលើអគារការិយាល័យដែលឋិតនៅក្នុងតំបន់ពាណិជ្ជកម្ម និងក្រៅពីតំបន់ពាណិជ្ជកម្ម។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម ដែលចូលរួមជាវាគ្មិននៅក្នុងកិច្ចពិភាក្សាខាងលើនេះ បានលើកឡើងដែរថា ការផ្គត់ផ្គង់ការិយាល័យកម្រិតBនិងC នៅមានកម្រិតតិចតូចនៅឡើយ ក្នុងការឆ្លើយតបទៅនឹងតម្រូវការនាពេលបច្ចុប្បន្ន។

លោកបន្តថា ការិយាល័យកម្រិត B និង C មានសក្តានុពខ្ពស់ ដែលជាសញ្ញាល្អសម្រាប់ក្រុមហ៊ុនអភិវឌ្ឍ ក្នុងការចាប់យកចំណែកទីផ្សារកម្រិតនេះ ព្រោះយើងសង្កេតឃើញថាបច្ចុប្បន្នការផ្គត់ផ្គង់ការិយាល័យកម្រិត B និង C ត្រូវបានជួលស្ទើរទាំងស្រុង ដែលមិនសូវនៅទំនេរនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here