កម្ពុជាអនុញ្ញាតឱ្យក្រុមហ៊ុន៤ទៀតបើកដំណើរការធ្វើអាជីវកម្មរ៉ែមាសក្នុងឆ្នាំ២០២២

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ៖ ក្រុមហ៊ុនរុករករ៉ែមាសចំនួន ៤ទៀតគ្រោងនឹងបើកដំណើរការធ្វើអាជីវកម្មចម្រាញ់រ៉ែមាសនៅឆ្នាំ ២០២២នេះ បន្ទាប់ពីរោងចក្រលើកដំបូងរបស់អូស្ត្រាលី បានបើកដំណើរការកាលពីខែមិថុនាកន្លងទៅ នៅក្នុងខេត្តមណ្ឌលគិរី។

លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា នៅឆ្នាំ២០២២នេះ នឹងមានក្រុមហ៊ុនរុករករ៉ែមាសចំនួន៤ទៀត នឹងចាប់ផ្តើមធ្វើអាជីវកម្មចម្រាញ់រ៉ែមាសជាផ្លូវការរបស់ខ្លួន ដែលក្នុងនោះ៣ក្រុមហ៊ុនត្រូវបានវិនិយោគដោយក្រុមហ៊ុនចិន មានទីតាំងនៅខេត្តព្រះវិហារ ក្រចេះ និងមណ្ឌលគិរី នឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០២២ និងមួយទៀតជាក្រុមហ៊ុនឥណ្ឌា Mesco Gold ដែលមានទីតាំងនៅខេត្តរតនគិរីនឹងអាចចាប់ផ្តើមនៅចុងឆ្នាំនេះ។

លោកបញ្ជាក់ថា ការចាប់ផ្តើមការធ្វើអាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុនទាំងនេះ នឹងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា តាមរយៈរាជរដ្ឋាភិបាលទទួលបានចំណូលពីសួយសារ និងពន្ធអាករផ្សេងៗ និងបង្កើតការងារដល់ប្រជាពលរដ្ឋនៅក្នុងស្រុក។

លោកលើកឡើងថា តាមការប៉ាន់ស្មានសក្តានុពលធនធានរ៉ែមាសនៅតំបន់វិនិយោគរបស់ក្រុមហ៊ុនទាំងនេះ មានទំហំតិចជាង គម្រោងវិនិយោគរបស់ក្រុមហ៊ុនអូស្ត្រាលីស្ថិតនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ដែលកំពុងធ្វើអាជីវកម្មសព្វថ្ងៃនេះ។

ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត គឺជាក្រុមហ៊ុនមួយរបស់អូស្ត្រាលី ដែលទទួលបានអាជ្ញាប័ណ្ណរុករករ៉ែមាស ពីក្រសួងរ៉ែ និងថាមពល អាចផលិតមាសបាន ប្រមាណ ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង។ ក្រុមហ៊ុននេះ កំពុងដំណើរការអភិវឌ្ឍន៍រ៉ែមាស ស្ថិតនៅក្នុងតំបន់អូខ្វាវ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

រោងចក្រនេះ បានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស កាលពីថ្ងៃទី ២១ខែមិថុនា ឆ្នាំ ២០២១ ហើយជាមួយគ្នានោះក្រុមហ៊ុននេះ ក៏បានស្លចម្រាញ់រ៉ែមាស ចាក់ដុំមាស និងបោះត្រាសម្គាល់លើដុំមាស (Gold Dore) ទី១របស់ខ្លួនផងដែរ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍ថា រ៉ែមាស ដែលក្រុមហ៊ុនធ្វើអាជីវកម្មនេះ នឹងផ្តល់ផលប្រយោជន៍ ជាចំណូលដុលជាមធ្យមប្រមាណ១៨៥លានដុល្លារក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗ ជាមធ្យមប្រមាណ៤០លានដុល្លារ ក្នុងមួយឆ្នាំ។ សម្តេចតេជោ បានបញ្ជាក់ទៀតថា ថវិកាទាំងនេះ នឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម៕

LEAVE A REPLY

Please enter your comment!
Please enter your name here