អ្នកជំនាញៈអចលនទ្រព្យដែលធ្លាប់រងផលប៉ះពាល់នឹងងើបឡើងវិញនៅក្នុងឆ្នាំ២០២២នេះ

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ សកម្មភាពនៃការទិញលក់ និងតម្លៃអចលនទ្រព្យដែលរងផលប៉ះពាល់នៅក្នុងវិបត្តិឆ្នាំ២០២០ និងឆ្នាំ២០២១កន្លងទៅចាប់ផ្ដើមមានសកម្មភាពកម្រើកឡើងវិញហើយ ដែលជាសញ្ញាវិជ្ជមានសម្រាប់វិស័យអចលនទ្រព្យក្នុងឆ្នាំ២០២២នេះ។

លោកខេន ឡូ អគ្គនាយកក្រុមហ៊ុន Century 21 Imperial Realty បានមានប្រសាសន៍ នៅក្នុងកិច្ចសម្ភាសន៍មួយ កាលពីដើមសប្ដាហ៍នេះថា ក្នុងឆ្នាំ២០២០ និង២០២១ វិស័យអចលនទ្រព្យបានថមថយល្បឿន នៃការអភិវឌ្ឍតិចតួច ក្នុងនោះទាំងពាណិជ្ជកម្ម លំនៅឋាន និងដីធ្លីសុទ្ធតែរងផលប៉ះពាល់។ យ៉ាងណាក្ដីតម្លៃអចលនទ្រព្យនៅក្នុងទីផ្សារ មិនមានការថមថយខ្លាំងនោះទេ ហើយវាក៏ចាប់ផ្ដើមមានកំណើនឡើងវិញ នៅចុងឆ្នាំ២០២១ ដោយរំពឹងថាតម្លៃអចលនទ្រព្យ ដែលរងផលប៉ះពាល់កាលពី២០២០និង២០២១ នឹងងើបឡើងវិញក្នុងឆ្នាំ២០២២នេះ។

លោកបន្តថា  “តំបន់ខ្លះទៀត តម្លៃដីធ្លីមិនត្រឹមតែមិនធ្លាក់ចុះនោះទេ តែផ្ទុយទៅវិញបែរជាមានកំណើននិងបន្តឡើង កាលពីចុងឆ្នាំ២០២១ ហើ​យបន្តកើនក្នុងឆ្នាំ២០២២ ដែលជាសញ្ញាមួយដ៏ល្អ នៅក្នុងវិស័យនេះ”។

លោកKen Loបានបន្តទៀតថា គម្រោងសាងសង់មួយចំនួននៅក្នុងរាជធានីភ្នំពេញ យើងបានមើលឃើញថា សន្ទុះនៃការទិញលក់មានការថមថយតិចតួច តែការអភិវឌ្ឍមិនបានបង្អង់ល្បឿននោះទេ។ ជាក់ស្ដែងក្រុម​ហ៊ុនអភិវឌ្ឍន៍លំនៅឋាននានា ថ្វីត្បិតតែការទិញលក់គម្រោងមានការថម​ថយតិចតួចមែន តែសម្រាប់សកម្មភាពអត់បានបញ្ឈប់ ឬក៏បង្អាក់សកម្ម​ភា​ពសាងសង់ឡើយ គឺនៅតែដំណើរទៅមុខបន្តទៀត។

ជាមួយគ្នានេះ លោក គាម សៀកឡុង អ្នកជំនាញនៃវិស័យអចលនទ្រព្យមួយរូបក្នុងប្រទេសកម្ពុជា ក៏បានលើកឡើងផងដែរថា នៅក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ថ្វីត្បិតតែមានបញ្ហា និងធ្វើឱ្យរារាំងដល់ការទិញលក់អចលនទ្រព្យក៏ពិតមែន ប៉ុន្តែក្រលេកទៅមើលសកម្មភាពនៃការអភិវឌ្ឍនៅបន្តសកម្មភាពដដែល។

លោកបន្តថា “ក្រុមហ៊ុនខ្លះពិតជាជួបវិបត្តិ ប៉ុន្តែមិនអាចបញ្ឈប់សកម្ម​ភាពរបស់ខ្លួនបានឡើយ ដោយលោកប្រៀប ដូចជា ម៉ាស៊ីនយានយន្ត បើកាលណាយើងបង្អង់ល្បឿន ឬពន្លត់ម៉ាស៊ីន ដោយឈប់ឬផ្អាកដំណើរការ នៅពេលចប់វិបត្តិកាលណា ក្រុមហ៊ុនដែលមិនផ្អាកដំណើរការសាងសង់ គេនឹងទៅមុខមួយជំហានហើយ”។

លោកគាម សៀកឡុងបានបន្តថា ការបង្អង់ល្បឿនអភិវឌ្ឍន៍ ឬក៏ផ្អាកល្បឿនអភិវឌ្ឍន៍ ពិតជាមានផលប៉ះពាល់ធ្ងន់ធ្ងរជាងបន្តទៅទៀត។ ជាក់ស្ដែងពេលបញ្ឈប់សកម្មភាព កម្មករ បុគ្គលិករបស់ខ្លួននឹងអត់ការងារ អត់ចំណូល ប៉ះពាល់ដល់សេដ្ឋកិច្ចកាន់តែធំ។ ពេលចាប់ផ្ដើមដំណើរការសាងសង់ឡើងវិញ ត្រូវប្រមូលបុគ្គលិក កម្មករ ហើយទំរាំតែរកបានគ្រប់គ្រាន់ ក្រុមហ៊ុនដែលមិនបញ្ឈប់សកម្មភាព គេទៅមុខកាន់តែឆ្ងាយហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here