ក្រុមហ៊ុនអភិវឌ្ឍន៍ចិន Shimao ប្រកាសលក់គម្រោងអចលនទ្រព្យទាំងអស់របស់ខ្លួនយ៉ាងតក់ក្រហល់

0

ដោយ៖ សុខុម

សៀងហៃ៖ ក្រុមហ៊ុនអភិវឌ្ឍន៍ចិន Shimao Group Holdings បានប្រកាសដាក់លក់គម្រោងអចលនទ្រព្យទាំងអស់របស់ខ្លួនយ៉ាងតក់ក្រហល់ រួមទាំងអចលនទ្រព្យប្រភេទលំនៅដ្ឋាន និងអគារពាណិជ្ជកម្មផងដែរ ខណៈក្រុមហ៊ុននេះកំពុងជាប់កុនលុយខ្លាំង។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃច័ន្ទ ទី១០ មករា នេះ។

សារព័ត៌មានចិន Caixin បានទម្លាយឱ្យដឹងកាលពីចុងសប្តាហ៍មុនថា ក្រុមហ៊ុន Shimao Group ដែលបានខកខានសងបំណុលកាលពីសប្ដាហ៍មុន បានប្រកាសឱ្យភ្នាក់ងារនានាជួយស្វែងរកអ្នកទិញអចលនទ្រព្យរបស់ខ្លួន។ ទោះជាយ៉ាងណា ភ្លាមៗក្រុមហ៊ុននេះមិនបានឆ្លើយតបសំណើសុំការបំភ្លឺឡើយជុំវិញរឿងនេះ។

ក្រុមហ៊ុន Shimao ផ្តោតសំខាន់លើការអភិវឌ្ឍអចលនទ្រព្យប្រភេទលំនៅដ្ឋាន ហើយក្រុមហ៊ុនសំណង់ Shanghai Shimao Construction គឺជាបុត្រសម្ព័ន្ធអាជីវកម្មដ៏សំខាន់របស់ខ្លួននៅប្រទេសចិន។ ចំណែក ក្រុមហ៊ុន Shanghai Shimao Co Ltd ដែលគ្រប់គ្រងដោយ Shimao Group ភាគច្រើនអភិវឌ្ឍអគារពាណិជ្ជកម្ម។

សារព័ត៌មានចិន Caixin ចុះផ្សាយថា ក្រុមហ៊ុន Shimao Group បានចុះកិច្ចព្រមព្រៀងបឋមមួយជាមួយក្រុមហ៊ុនរដ្ឋរបស់ចិន ដើម្បីលក់អគារពាណិជ្ជកម្ម Shimao International Plaza Shanghai របស់ខ្លួននៅតាមបណ្ដោយផ្លូវ Nanjing Road ក្នុងក្រុងសៀងហៃ ក្នុងតម្លៃ១,៥៧ពាន់លានដុល្លារអាមេរិក។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយនេះបាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនបានខកខានសងបំណុល ខណៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Shanghai Shimao Construction បានស្នើសុំពន្យារសងបំណុលមូលបត្ររបស់ខ្លួនដែលដល់ពេលកំណត់ត្រូវទូទាត់សងនៅខែនេះ។

យោងតាមសារព័ត៌មាន Caixin ឱ្យដឹងថា ក្រុមហ៊ុន Shimao Group មានបំណុលច្រើនរហូតដល់ទៅ១១,០៨ពាន់លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here