ធនាគារពិភពលោកព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាស្ថិតក្នុងរង្វង់៤,៥ភាគរយ ក្នុងឆ្នាំ២០២២ និងរំពឹងស្ថិតក្នុងរង្វង់៥,៥ភាគរយ ក្នុងឆ្នាំ២០២៣

0

ដោយៈសូរិយា

ភ្នំពេញ: យោងតាមរបាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំនេះរំពឹងទទួលបានប្រមាណ៤,៥ភាគរយ និងប្រមាណ៥,៥ភាគរយនៅឆ្នាំ២០២៣។

របាយការណ៍ដដែលនេះបានបន្តថា សេដ្ឋកិច្ចរបស់កម្ពុជា ម៉ាឡេស៊ី ហ្វីលីពីន និងថៃ ដែលពឹងផ្អែកលើវិស័យទេសចរណ៍ មិនត្រូវបានគេរំពឹងថានឹងងើបឡើងវិញដល់កម្រិតមុនជំងឺរាតត្បាត រហូតដល់ឆ្នាំ២០២២ឬឆ្នាំ២០២៣ឡើយ។

វត្តមាននៃវីរុសបំប្លែងថ្មី អូមីក្រុង អាចរំខានដល់ការងើបឡើងវិញ នៃឧស្សាហកម្មទេសចរណ៍ និងទេសចរណ៍ស្របគ្នានឹងហានិភ័យហិរញ្ញវត្ថុ ដែលបានកើនឡើងជាមួយនឹងកំណើននៃបំណុល និងភាពងាយរងគ្រោះពីគ្រោះធម្មជាតិ និងព្រឹត្តិការណ៍ដែលទាក់ទងនឹងអាកាសធាតុ។

របាយការណ៍បានបន្តទៀតថា ការប្រឈមនឹងការកើនឡើងវិញនូវករណីឆ្លងជំងឺកូវីដ១៩ អាចនឹងធ្វើឱ្យការស្តារសេដ្ឋកិច្ចរបស់កម្ពុជាមានភាពយឺតយ៉ាវ ជាពិសេសវិស័យសេវាកម្ម សំណង់ និងអចលនទ្រព្យ ក្រោយពីនៅឆ្នាំ២០២១ ត្រូវបានកែសម្រួលពី៤ភាគរយ មកនៅត្រឹមជាង២ភាគរយវិញ បន្ទាប់ពីវិស័យទេសចរណ៍ និងការធ្វើដំណើរ ដែលត្រូវបានព្យាករណ៍ថា បានផ្តល់ការងារប្រហែល២លានកន្លែង និងបានរួមចំណែកមួយភាគបួន នៃផលិតផលសរុបក្នុងស្រុក ក្នុងអំឡុងមុនពេលជំងឺរាតត្បាត ត្រូវបានបាត់បង់ស្ទើរតែទាំងស្រុង។

បើយោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីធ្លាប់បានព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជានឹងស្ថិតក្នុងរង្វង់៥,៥ភាគរយក្នុងឆ្នាំ ២០២២ នេះដោយសារការងើបឡើងវិញ នៃសេដ្ឋកិច្ចប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗ ដែលជួយជំរុញតម្រូវការសម្រាប់ការនាំចេញរបស់ប្រទេសកម្ពុជា។

ចំណែកប្រមុខ រដ្ឋាភិបាលកម្ពុជារំពឹងថាកម្ពុជានឹងអាចមានកំណើនសេដ្ឋកិច្ចលើស៥ភាគរយ នៅឆ្នាំ២០២២ ដោយសារការជម្រុញការនាំចេញផលិតផលកសិកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here