អ្នកជំនាញអន្តរជាតិបង្ហាញសុទិដ្ឋិនិយមចំពោះទីផ្សារអចលនទ្រព្យនៅកម្ពុជាសម្រាប់ឆ្នាំ២០២២

0

ដោយៈសុខុម

ភ្នំពេញ: នៅទូទាំងរាជធានីភ្នំពេញ ទីផ្សារអចលនទ្រព្យមាននិន្នាការធ្លាក់ចុះក្នុងកម្រិតមធ្យមអំឡុងឆ្នាំ២០២១ ដោយផលប៉ះពាល់ផ្ទាល់ដោយ​សារវិបត្តិកូវីដ-១៩ បានកើនឡើងគួរឱ្យកត់សម្គាល់ នៅដើមឆ្នាំដដែលនេះ បើធៀបនឹងឆ្នាំ២០២០។

បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូបាន និងកំពុងផ្តល់ជូននូវការបញ្ចុះតម្លៃដ៏គួរឱ្យទាក់ទាញ និងបានកែសម្រួលការទូទាត់កាន់តែប្រសើរ។ ទោះជាយ៉ាងណា ការជួលនៅតែងាយនឹងធ្លាក់ចុះខ្លាំង ដោយសារកំណើននៃការផ្គត់ផ្គង់ក្នុងទីផ្សារ។ នេះបើយោងតាមការលើកឡើងរបស់លោក James Hodge នាយកគ្រប់គ្រងក្រុមហ៊ុនផ្ដល់សេវាអចលនទ្រព្យអន្តរជាតិធំបំផុតប្រចាំកម្ពុជា CBRE Cambodia។

អ្នកជំនាញអន្តរជាតិជាន់ខ្ពស់រូបនេះបានគូសបញ្ជាក់ថា ទីផ្សារលំនៅដ្ឋានប្រភេទទាបៗ ហាក់មានសភាពស្ងប់ស្ងាត់ជាងធម្មតា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ខណៈទីផ្សារការិយាល័យ និងកន្លែងលក់រាយមានសន្ទុះកើនឡើងគួរសម ប៉ុន្តែតម្លៃជួលនៅតែធូរថ្លៃ ដោយសារការផ្គត់ផ្គង់លើសទីផ្សារ ឬច្រើនពេក។

ទីផ្សារអចលនទ្រព្យនៅខេត្តសៀមរាប បានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារការដាំក្បាលចុះ រយៈពេលវែងនៃវិស័យទេសចរណ៍ ដោយស  ណ្ឋា​គារជាច្រើនត្រូវបានបិទ ហើយឱកាសការងារបានធ្លាក់ចុះ។ ទោះជាយ៉ាងណា ខេត្តសៀមរាប មានស្ថានភាពប្រសើរឡើងវិញច្រើន ក្រោយបើកប្រទេសឡើងវិញ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរ ព្រមទាំងការជំរុញឆ្ពោះទៅរកការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួនផងដែរ។

លោក James Hodge លើកឡើងថា “យើងនៅតែរក្សាការប្រយ័ត្នប្រយែង ចំពោះការព្យាកររបស់យើងសម្រាប់ឆ្នាំ២០២២នេះ”។លោកបន្តថា “សុទិដ្ឋិនិយមកាលពីដើមឆ្នាំ២០២១ ត្រូវបានកាត់បន្ថយដោយបទពិ​សោ​ធន៍ និងការមើលឃើញកាន់តែច្រើននូវបញ្ហាប្រឈមនានា ដែលទីផ្សារអគារពាណិជ្ជកម្ម និងលំនៅដ្ឋានក្នុងរាជធានីភ្នំពេញកំពុងប្រឈមមុខ”។

លោកបានបន្ថែមថា “ដូចនេះហើយ យើងព្យាករថាឆ្នាំ២០២២ នឹងនៅតែធ្លាក់ចុះពាក់ព័ន្ធនឹងតម្លៃ និងការជួល។ ទោះជាយ៉ាងណា សកម្មភាពរបស់បណ្ដាវិនិយោគិនអន្តរជាតិ អាចនឹងកើនឡើងជាថ្មីម្តងទៀត ដោយតម្រូវការនឹងផ្តោតលើអចលនទ្រព្យដែលមានតម្លៃធូរថ្លៃ”។

សកម្មភាពសេដ្ឋកិច្ច ក៏ទំនងជាកើនឡើងផងដែរ នៅក្នុងវិស័យដូចជាឧស្សាហកម្ម និងភ័ស្តុភារ ការថែទាំសុខភាព និងការអប់រំ។ ហើយឧស្សាហកម្មបដិសណ្ឋារកិច្ច កំពុងចាប់ផ្តើមបង្ហាញសញ្ញាជំរុញ ការអភិវឌ្ឍថ្មីរួចទៅហើយ ជាពិសេសនៅកណ្តាលរាជធានីភ្នំពេញ។

ដោយមើលឃើញការប្រសើរឡើង ជាមូលដ្ឋាននៃហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា អ្នកជំនាញរូបនេះជឿជាក់ថា ទីផ្សារឧស្សាហកម្ម និងភ័ស្តុភារ នឹងមានភាពទាក់ទាញបំផុតនៅឆ្នាំ២០២៣។ ដីដែលមានទីតាំងល្អ និងតម្លៃសមរម្យ នៅជាយរាជធានីភ្នំពេញ ទំនងជាផ្តល់ផលល្អសម្រាប់ការអភិវឌ្ឍគម្រោងលំនៅដ្ឋានតម្លៃសមរម្យ សម្រាប់គោលដៅអតិថិជនដែលមានប្រាក់ចំណូលទាប។

វិស័យសម្រាប់ការវិនិយោគពីបរទេស រួមទាំងទីផ្សារខុនដូកម្រិតមធ្យម និងកម្រិតខ្ពស់ ទំនងជានៅតែធ្លាក់ចុះគួរសម យ៉ាងហោចណាស់៦ខែដំបូងនៃឆ្នាំ២០២២។ ការជួលនៅក្នុងទីផ្សារអគារពាណិជ្ជកម្ម ទំនងជានឹងកើនឡើង។

ទន្ទឹមនេះអ្នកជំនាញអន្តរជាតិជាន់ខ្ពស់រូបនេះ បានកតោតសរសើរពីភាពខ្លាំងរបស់កម្ពុជា នៅក្នុងការដាក់ចេញកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩៕  The Edge Markets៕

LEAVE A REPLY

Please enter your comment!
Please enter your name here