WB ព្យាករណ៍កំណើនសេដ្ឋកិច្ចវៀតណាមស្ថិតក្នុងរង្វង់៥,៥ភាគរយ ក្នុងឆ្នាំ២០២២

0

ដោយ៖ ស្រីលិះ

ហាណូយ៖ ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមទំនងជានឹងកើនឡើងនៅឆ្នាំ២០២២ ខណៈដែលកំណើនផលិតផលក្នុងស្រុកសរុបត្រូវបានធនាគារពិភពលោកព្យាករណ៍ថានឹងកើនឡើងដល់ ៥,៥% កើនពី ២,៦% កាលពីឆ្នាំ២០២១។

តាមរយៈវិធានការគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ ទាំងក្នុងប្រទេស និងក្រៅប្រទេស វិស័យសេវាកម្មរបស់វៀតណាមត្រូវបានគេព្យាករណ៍ថា នឹងងើបឡើងវិញជាបណ្តើរៗដោយសារទំនុកចិត្តរបស់ក្រុមហ៊ុននិងវិនិយោគិននានា ខណៈវិស័យផលិតកម្មទទួលបានអត្ថប្រយោជន៍ពីស្ថិរភាពការបញ្ជាទិញពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសចិន។

ចំណែកឱនភាពសារពើពន្ធ និងបំណុលត្រូវបានគេរំពឹងថានឹងនៅមានស្ថិរភាព ជាមួយនឹងសមាមាត្របំណុលធៀបនឹងផលិតផលក្នុងស្រុកសរុប ដែលត្រូវបានព្យាករថាស្ថិតក្នុងរង្វង់ ៥៨,៨ ភាគរយ ដែលទាបជាងការកំណត់នៅក្នុងច្បាប់។

ទោះជាយ៉ាងនេះក្តី ភាពមិនប្រាកដប្រជាអំពីជំងឺរាតត្បាត អាចជំរុញធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចចុះខ្សោយ។ លើសពីនេះ ដៃគូពាណិជ្ជកម្មជាច្រើនកំពុងប្រឈមមុខនឹងការថយចុះទំហំសារពើពន្ធ និងគម្លាតរូបិយវត្ថុ ដែលអាចកម្រិតសមត្ថភាពក្នុងការគាំទ្រសេដ្ឋកិច្ច ប្រសិនបើវិបត្តិនៅតែបន្តកើតមាន ដែលនេះអាចធ្វើឱ្យការស្ទុះងើបឡើងវិញជាសកល និងធ្វើឱ្យតម្រូវការនាំចេញរបស់វៀតណាមធ្លាក់ចុះ។
តាមរយៈការបោះពុម្ពផ្សាយរបាយការណ៍របស់ Takeing Stock “គ្មានពេលដែលត្រូវខ្ជះខ្ជាយ៖ បញ្ហាប្រឈម និងឱកាសនៃពាណិជ្ជកម្មស្អាតសម្រាប់វៀតណាម” ឱ្យដឹងថា វិស័យពាណិជ្ជកម្មបៃតងគួរតែជាអាទិភាពមួយសម្រាប់ប្រទេសវៀតណាម។ ពាណិជ្ជកម្មរបស់វៀតណាមក្នុងរយៈពេល២ទសវត្សរ៍កន្លងមកនេះ ពឹងផ្អែកទៅលើកាបូន ដែលស្មើនឹងមួយភាគបីនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់សរុបរបស់ប្រទេស និងការបំពុល។

លោកស្រី Carolyn Turk នាយកធនាគារពិភពលោកប្រចាំប្រទេសវៀតណាមបានមានប្រសាសន៍ថា “ពាណិជ្ជកម្មនឹងក្លាយជាធាតុផ្សំសំខាន់នៃសកម្មភាពអាកាសធាតុរបស់វៀតណាមក្នុងប៉ុន្មានឆ្នាំខាងមុខ”។ លោកស្រីថា “ការលើកកម្ពស់ពាណិជ្ជកម្មបៃតងនឹងមិនត្រឹមតែជួយវៀតណាមធ្វើតាមការសន្យារបស់ខ្លួនក្នុងការឈានដល់ការបំភាយសូន្យសុទ្ធក្នុងឆ្នាំ ២០៥០ ប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងជួយឱ្យប្រទេសនេះរក្សាការប្រកួតប្រជែងរបស់ខ្លួននៅក្នុងទីផ្សារអន្តរជាតិ និងធានាថាពាណិជ្ជកម្មនៅតែជាប្រាក់ចំណូលដ៏សំខាន់ និងជាប្រភពការងារ។

របាយការណ៍នេះបានផ្តល់អនុសាសន៍ឱ្យរដ្ឋាភិបាលធ្វើសកម្មភាពអាទិភាពចំនួនបី៖ សម្រួលដល់ការធ្វើពាណិជ្ជកម្មទំនិញ និងសេវាកម្មបៃតង ជំរុញការវិនិយោគផ្ទាល់ពីបរទេសបៃតង និងអភិវឌ្ឍតំបន់ឧស្សាហកម្មធន់ និងគ្មានកាបូនបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here