កំពូលមហាសេដ្ឋីមានបំផុតនៅអាស៊ី គ្រោងបោះទុនជិត១០០ពាន់លានដុល្លារ វិនយោគលើគម្រោងបៃតង

0

ដោយ៖ សុខុម

ញូវដេលី៖ សម្ព័ន្ធក្រុមហ៊ុនយក្សដឹកនាំដោយលោក Mukesh Ambani ដែលជាកំពូលមហាសេដ្ឋីមានបំផុតប្រចាំតំបន់អាស៊ី បានប្រកាសផែនការបោះទុនរហូតដល់ទៅ៧៦ពាន់លានដុល្លារអាមេរិក វិនិយោគលើគម្រោងថាមពលស្អាត។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយនៅថ្ងៃសុក្រ ទី១៤ មករានេះ។

យោងតាមឯកសារទីផ្សារភាគហ៊ុនកាលពីថ្ងៃព្រហស្បតិ៍ ទី១៣ មករា បង្ហាញថា សម្ព័ន្ធក្រុមហ៊ុន Reliance Industries Ltd ដែលគ្រប់គ្រងដោយលោក Mukesh Ambani បានចុះកិច្ចព្រមព្រៀងជាមួយអាជ្ញាធររដ្ឋហ្គូចារ៉ាត (Gujarat) ប្រទេសឥណ្ឌា សម្រាប់ការវិនិយោគសរុបរហូតដល់ទៅ៥,៩៦ពាន់ពាន់លានរូពី (៨១ពាន់លានដុល្លារអាមេរិក)។

ក្នុងចំណោមទំហំវិនិយោគសរុប ទុនប្រមាណ៥ពាន់ពាន់លានរូពី នឹងត្រូវប្រើប្រាស់ក្នុងរយៈពេល១៥ឆ្នាំខាងមុខដើម្បីសាងសង់គម្រោងថាមពលកកើតឡើងវិញ និងបណ្ដាញអ៊ីដ្រូសែនបៃតងមួយ ដែលមានកម្លាំងសរុបរហូតដល់ទៅ១០០ជីហ្គាវ៉ាត់ (GW) ចំណែកឯ៦០០ពាន់លានរូពីទៀតសម្រាប់ការសាងសង់រោងចក្រផលិតបន្ទះសូឡា អេឡិចត្រូតអ៊ីដ្រូសែន កោសិកាឥន្ធនៈ និងអាគុយផ្ទុកថាមពល។

ទំហំទឹកប្រាក់ដែលនៅសេសសល់ គឺត្រូវចំណាយក្នុងគម្រោងថ្មីៗ និងគម្រោងដែលមានស្រាប់របស់ក្រុមហ៊ុនរួមទាំងការធ្វើឱ្យប្រសើរឡើងនូវបណ្តាញទូរគមនាគមន៍របស់ខ្លួនសម្រាប់សេវាអ៊ីនធឺណិតល្បឿនលឿន 5G និងការពង្រីកអាជីវកម្មលក់រាយអ្នកប្រើប្រាស់របស់ខ្លួនផងដែរ។

ក្រុមហ៊ុន Reliance Industries Ltd “បានចាប់ផ្តើមហើយនូវដំណើរការស្វែងរកដី” សម្រាប់គម្រោងថាមពលកកើតឡើងវិញរបស់ខ្លួន ហើយបានស្នើសុំរដ្ឋបាលរដ្ឋហ្គូចារ៉ាត នូវផ្ទៃដីរហូតដល់ទៅ១៨២.១១០ហិកតានៅតំបន់គុច (Kutch)។

ទោះបីជាពេលនេះកិច្ចព្រមព្រៀងវិនិយោគនេះគ្រាន់តែជាអនុស្សរណៈនៃការយោគយល់ (MoU) នៅឡើយយ៉ាងណាក្ដី វាបង្ហាញពីវិសាលភាពនៃមហិច្ឆតាបៃតងរបស់មហាសេដ្ឋី Mukesh Ambani និងជាការបោះជំហានយ៉ាងធំពីទំហំវិនិយោគ១០ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៣ឆ្នាំដែលលោកធ្លាប់បានប្រកាសកាលពីខែមិថុនា៕

LEAVE A REPLY

Please enter your comment!
Please enter your name here