ក្នុងរយៈពេលជាង៧ខែកន្លងមក កម្ពុជាចម្រាញ់បានរ៉ែមាសជិត១៥០០គីឡូហើយ

0

ដោយ៖ សុធារី

ភ្នំពេញ៖ ក្នុងរយៈពេលជាង ៧ ខែ កន្លងមកនេះ ក្រុមហ៊ុនអូស្រ្ដាលី Renaissance Limited (Cambodia) ដែលកំពុងរុករកមាសនៅខេត្តមណ្ឌលគីរី បានចម្រាញ់រ៉ែមាសបានជិត១៥០០គីឡូ ឬស្មើនឹង១១០ដុំមាសហើយ។

នេះបើតាមការបង្ហាញរបស់លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ក្នុងពិធីប្រគល់ទទួលអគារទីស្តីការក្រសួងរ៉ែ និងថាមពល ទៅជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។

ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd គឺជាក្រុមហ៊ុនទី១ ដែលជាក្រុមហ៊ុនខ្នាតអន្ដរជាតិ ដែលអាចចាប់ផ្ដើមផលិតមាសជាលើកដំបូងនៅប្រទេសកម្ពុជា ដែលចាប់ផ្តើមដំណើរការរបស់ខ្លួននៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ។

លោក អ៊ឹង ឌីប៊ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ បានឱ្យដឹងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នេះថា គិតចាប់ពីពេលចាប់ផ្តើមបើកឱ្យដំណើរការ រាជរដ្ឋាភិបាលទទួលបានចំណូល តាមរយៈការបង់សួយសាររបស់ក្រុមហ៊ុន ចូលក្នុងថវិកាជាតិ បានចំនួនជាង១,៦លានដុល្លារអាមេរិក។

លោកថា ក្រុមហ៊ុនរំពឹងថានឹងអាចផលិតមាសសុទ្ធបានប្រមាណ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល៨ឆ្នាំដំបូង ដោយនឹងត្រូវនាំចេញទៅបន្សុទ្ធនៅក្រៅប្រទេស ដូចជាប្រទេសសឹង្ហបុរី និងអូស្ត្រាលី ជាដើម។

នៅឆ្នាំ២០២២នេះ នឹងមានក្រុមហ៊ុនរុករករ៉ែមាសចំនួន៤ទៀត នឹងចាប់ផ្តើមធ្វើអាជីវកម្ម ចម្រាញ់រ៉ែមាសជាផ្លូវការរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះ៣ក្រុមហ៊ុន ត្រូវបានវិនិយោគដោយក្រុមហ៊ុនចិន មានទីតាំងនៅខេត្តព្រះវិហារ ក្រចេះ និងមណ្ឌលគិរី នឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០២២។ មួយទៀត ជាក្រុមហ៊ុនឥណ្ឌា Mesco Gold ដែលមានទីតាំង នៅខេត្តរតនគិរី នឹងអាចចាប់ផ្តើមនៅចុងឆ្នាំ២០២២៕

LEAVE A REPLY

Please enter your comment!
Please enter your name here