ដោយៈសុខុម
បាងកក: រដ្ឋាភិបាលថៃ បានបញ្ជាឱ្យក្រុមហ៊ុនប្រតិបត្តិករ ផ្លូវដែករដ្ឋ State Railway of Thailand (SRT) ដែលស្ថិតក្រោមចំណុះក្រសួងដឹកជញ្ជូនថៃ ធ្វើការឌីហ្សាញ និងសាងសង់ស្ពានថ្មីមួយពីខេត្តណងខៃ (Nong Khai) ឆ្ពោះទៅកាន់ប្រទេសឡាវ ក្នុងគោលបំណងតភ្ជាប់ប្រទេសថៃ ទៅកាន់ផ្លូវដែកឡាវ-ចិន។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយនៅថ្ងៃច័ន្ទ ទី១៧ មករា នេះ។
កាសែត Bangkok Post បានចុះផ្សាយថា កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ឧបនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានថ្លែងថា គណៈកម្មាធិការទទួលបន្ទុកផ្លូវដែកថៃ-ឡាវ-ចិន (Thai-Lao-Chinese Railway Committee) នៃរដ្ឋាភិបាលថៃ ដែលលោកធ្វើជាប្រធាន បានបញ្ជាឱ្យក្រុមហ៊ុន SRT សាងសង់ស្ពានថ្មីខាងលើនេះ ឱ្យលេចចេញជារូបរាងឆាប់ៗតាមដែលអាចធ្វើទៅបាន។
ស្ពានថ្មីនេះ នឹងឆ្លងកាត់ទន្លេមេគង្គពីខេត្តណងខៃ ប្រទេសថៃ ឆ្ពោះទៅកាន់ប្រទេសឡាវ ហើយវានឹងជួយសម្រួល ដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេសថៃ តាមរយៈប្រទេសឡាវ និងដឹកបន្តចូលទៅក្នុងប្រទេសចិន។
គណៈកម្មាធិការទទួលបន្ទុកផ្លូវដែកថៃ-ឡាវ-ចិន ទទួលបានភ្លើងខៀវឱ្យស្នើសុំថវិកាសម្រាប់គម្រោងនេះរួចហើយ។
យោងតាមលោក Anutin Charnvirakul ឱ្យដឹងថា ការដាក់ឱ្យដំណើរការផ្លូវដែកឡាវ-ចិន បានធ្វើឱ្យការដឹកជញ្ជូនទំនិញ ឆ្លងកាត់ព្រំដែនរវាងប្រទេសថៃ និងប្រទេសចិន ចំណេញពេលរហូតដល់ទៅ២៤ម៉ោងជាមួយនឹងការកាត់បន្ថយការចំណាយ២៥%រួចទៅហើយ។
រថភ្លើងដឹកទំនិញដំបូង បានចាប់ផ្តើមដំណើរការ រវាងខេត្តណងខៃ ប្រទេសថៃ និងរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ឆ្លងកាត់ស្ពានមិត្តភាពដែលមានស្រាប់ក្នុងខែសីហា ឆ្នាំ២០១៩ ដែលអនុញ្ញាតឱ្យទំនិញចេញពីផែកុងតឺន័រមួយនៅស្ថានីយផ្លូវដែក Thanaleng Railway Station ក្នុងរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ដឹកជញ្ជូនតាមរថភ្លើង រហូតដល់កំពង់ផែសមុទ្រ Laem Chaban ក្នុងប្រទេសថៃ៕ Laotian Times៕