តោះស្តាប់ប្រតិកម្មចម្រុះរបស់ពលរដ្ឋជុំវិញគំរោងរថភ្លើងល្បឿនលឿនរបស់ អភិបាលខេត្តកំពត

0

ដោយ : គង់ សូរិយា
ភ្នំពេញ : ស្របពេលអភិបាលខេត្តកំពត លោក ជាវ តាយ ប្រកាសបង្កើតក្រុមហ៊ុនមួយ ដើម្បីប្រមូលប្រាក់សាងសង់រថភ្លើងល្បឿនលឿន ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តកំពតកាលពីសប្តាហ៍មុន បានធ្វើឲ្យមានប្រតិកម្មចម្រុះ ពីគំរោងរបស់អភិបាលខេត្តនេះ ដោ​យភាគច្រើនពួកគេលើកឡើងថា ការប្រកាសគំរោងនេះ ដើម្បីធ្វើឲ្យដីឡើងថ្លៃប៉ុណ្ណោះ។


តាមរយៈគេហទំព័រ Propertyarea.asia ប្រជាពលរដ្ឋបាន Comment ខុសៗគ្នាទាក់ទងនឹងគំរោងនេះ។ ហេតុនេះយើងសូមលើកយកមតិចម្រុះ របស់ប្រជាពលរដ្ឋមកលើកឡើងដើម្បីពិចារណា។
លោក Sem Koy បានសរសេរថា អ្នកខ្លះគេមានដីច្រើន គេស្លដី។ ការវិនិយោគផ្លូវ​ដែកនៅប្រទេសជឿនលឿនមួយចំនួន ក៏ជាគម្រោងរបស់រដ្ឋដែរ ឯកជនមិនអាចទៅរួចទេ។
ចំណែកលោក Vannatt Srun បានសរសេរផងដែរថា មិនអាចទៅរួច គ្រាន់តែចង់ ឲ្យដីនៅកំពតឡើងថ្លៃប៉ុណ្ណោះ។ ខំអួតគេគំរោងបែបហ្នឹង។
លើកឡើងស្រដៀងគ្នានេះ ម្ចាស់គេហទំព័រ Facebook ឈ្មោះ Cheerr Zee បាន​និយាយថា ហ៊ឺ លោក អ្នកគួរអាណិតរាស្រ្ត តែល្អណាស់ដែលមានវត្តមានឯកឧត្តមមកប្រ​កាសបដិសេធ។ គម្រោងរដ្ឋាភិបាលទេទានម្ចាស់។ ៥០លានដុល្លារ និង១០៣៦លានដុល្លាខុសគ្នាឆ្ងាយណាស់។
លោក Buntha Ek បានលើកឡើងផងដែរថា “ចេះតែនិយាយ រៀនឲ្យដឹងតិច ចាំនិយាយលោកអើយ”។
ចំណែកអ្នកស្រី Seng Keng បានសរសេរបែបចំអកថា “នេះជារដូវកាលរកស៊ីដី វាអញ្ចឹងហើយ”។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋមួយចំនួន ក៏បានគាំទ្រគំនិតលើកឡើងរបស់អភិ​បាលខេត្តកំពតផងដែរ។
លោក សុខ សារិន បានលើកឡើងផងដែរថា ក្រោមគំនិតពួកលោកសេរី គំរោង​លោកជាវ តាយមិនអាចចេញរួច។ តែបើប្រមូលមូលនិធិក្នុងការសាងសង់ប្រហែលមិនលំ​បាក ខ្ញុំសូមគាំទ្រ។
ចំណែកលោក Ol Thong បានលើកឡើងថា ស្តាប់គាត់ឲ្យច្បាស់សិន គាត់ថានឹងពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងសាធារណៈការ។ តាមខ្ញុំយល់គឺប្រើផ្លូវដែលមានស្រាប់ ហើ​យកែសម្រូលបច្ចេកទេសខ្លះ ដើម្បីឲ្យរថភ្លើងរត់បានលឿន។ លោកសរសេរថា គួរសរសើ​រគាត់ ដែលមានគំនិតផ្តួចផ្តើម ហើយគាត់ក៏មិនទាត់ចោលក្រសួងជំនាញដែរ។
លើកឡើងស្រដៀងគ្នានេះ លោក Sambok Nuth បានសរសេរថា ទោះជាយ៉ាងណាគួរត្រូវបានលើកទឹកចិត្តគំនិតផ្តួចផ្តើមនេះ។
អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ាស៊ីម សូរិយា បានថ្លែងឲ្យដឹងកាលពីម្សិលម៉ិញនេះថា គំរោងនេះមិនអាចថ្នាក់ខេត្តរៀបចំបានទេ វាមិនមែនជាសម​ត្ថ​កិច្ចរបស់ថ្នាក់ខេត្តទេ វាត្រូវតែជាគំរោងដែលផ្តួចផ្តើមដោយរដ្ឋាភិបាល។ លោកបន្ត​ថា គំរោងដែលមានតម្លៃ៥០លានដុល្លារមិនអាចទៅរួចទេ ព្រោះផ្លូវរថភ្លើងល្បឿនលឿនត្រូវចំណាយរហូតដល់ប្រមាណ៧លានដុល្លារ ក្នុងមួយគីឡូម៉ែត្រ នេះមិនទាន់គិតពីតម្លៃទូរថភ្លើងនៅឡើយទេ។
បើតាមលោកសូរិយាធ្លាប់បានឲ្យដឹងថា រថភ្លើងល្បឿនលឿនត្រូវការទទឹងផ្លូវទំហំ១,២ម៉ែត្រ ខណៈផ្លូវរថភ្លើងដែលមានស្រាប់បច្ចុប្បន្នមានទំហំទទឹងតែមួយម៉ែត្រ និងមិនទាន់មានស្តង់ដានៅឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here