មហាយក្សចិន និងឥណ្ឌា សម្ងំសម្រុកទិញប្រេងឆៅថោកៗរបស់រុស្ស៊ី

0

ដោយៈសុខុម

អន្តរជាតិ: បណ្ដាក្រុមហ៊ុនចម្រាញ់ប្រេងរបស់ប្រទេសចិន កំពុងសម្ងំសម្រុកទិញប្រេងឆៅថោកៗរបស់ប្រទេសរុស្ស៊ី ខណៈការផ្គត់ផ្គង់របស់ប្រទេសនេះ បន្តហូរចូលក្នុងទីផ្សារសន្សឹមៗ ក្រោយទទួលរងការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ដូចទឹកបាក់ទំនប់។

ក្រុមឈ្មួញទម្លាយឱ្យដឹងថា ខុសពីបណ្ដាក្រុមហ៊ុនចម្រាញ់ប្រេង គ្រប់គ្រងដោយរដ្ឋរបស់ប្រទេសឥណ្ឌា ដែលបានចេញចំនួនដេញថ្លៃទិញប្រេងឆៅរបស់រុស្ស៊ី បណ្ដាក្រុមហ៊ុនចម្រាញ់ប្រេង ដែលគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសចិន កំពុងចរចាជាសម្ងាត់ដោយផ្ទាល់ជាមួយអ្នកលក់។

យោងតាមក្រុមឈ្មួញ ដែលសុំមិនបញ្ចេញអត្តសញ្ញាណ បានទម្លាយព័ត៌មានសម្ងាត់ថា បណ្ដាក្រុមហ៊ុនចម្រាញ់ប្រេង ឯករាជ្យរបស់ប្រទេសចិន ក៏កំពុងសម្ងំសម្រុកទិញប្រេងឆៅរុស្ស៊ី ដូចគ្នាដែរ។

អ្នកទិញភាគច្រើនកំពុងគេចចេញ ឬជៀសវាងពីប្រេងឆៅរបស់រុស្ស៊ី បន្ទាប់ពីប្រទេសរុស្ស៊ី បានបញ្ឆេះសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន ដោយភ័យខ្លាចការខូចកេរ្តិ៍ឈ្មោះ ឬធ្លាក់ចូលក្នុងរណ្ដៅទណ្ឌកម្ម។

យោងតាមក្រុមឈ្មួញឱ្យដឹងថា បណ្ដាក្រុមហ៊ុនចម្រាញ់ប្រេងឯករាជ្យ របស់ប្រទេសចិន ដែលគ្របដណ្ដប់១ភាគ៤ នៃសមត្ថភាពចម្រាញ់ប្រេងរបស់ប្រទេសចិន និងដែលភាគច្រើនមានមូលដ្ឋាននៅខេត្តសានតុង (Shandong) បានទិញប្រេងឆៅរុស្ស៊ី នៅកំពង់ផែភាគខាងកើត Kozmino របស់ប្រទេសរុស្ស៊ី។

ភាគច្រើនការជួញដូរប្រេងរបស់រុស្ស៊ី ត្រូវបានធ្វើជាឡើងជាសម្ងាត់ ក្រោយប្រទេសរុស្ស៊ី បានបញ្ឆេះសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន។ ទាំងអ្នកទិញ និងអ្នកលក់ត្រូវបង្ខំចិត្តធ្វើការចរចាជាលក្ខណៈឯកជន បន្ទាប់ពីការដេញថ្លៃមួយទទួលបានលទ្ធផលសូន្យ ពោលគឺគ្មានអ្នកដាក់ដេញថ្លៃទាល់តែសោះ។

ក្រុមហ៊ុនប្រេងអង់គ្លេស Shell Plc បានទទួលរងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីទិញប្រេងឆៅរបស់រុស្ស៊ី មិនយូរប៉ុន្មានក្រោយពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានផ្ទុះឡើង។

ទោះជាយ៉ាងណា ក្រុមហ៊ុនប្រេងធំៗរបស់ឥណ្ឌា រួមមានក្រុមហ៊ុន Indian Oil ក្រុមហ៊ុន Hindustan Petroleum និង ក្រុមហ៊ុន ONGC ជាដើមបានបដិសេធមិនឆ្លើយបំភ្លឺឡើយជុំវិញបញ្ហានេះ។

យោងតាមទិន្នន័យ ដែលប្រមូលចងក្រងដោយសារព័ត៌មាន Bloomberg បង្ហាញថា រហូតមកទល់ពេលនេះ ប្រទេសឥណ្ឌា បានទិញប្រេងឆៅរបស់រុស្ស៊ី យ៉ាងតិច១៣លានបារ៉ែលចាប់តាំងពីចុងខែកុម្ភៈ មក ដោយក្រុមហ៊ុន Indian Oil បានទិញ៣លានបារ៉ែលបន្ថែមទៀតនៅក្នុងការដេញថ្លៃចុងក្រោយរបស់ខ្លួន៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here