ដោយៈសុខុម
ឥណ្ឌា: ក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុប Airbus នៅថ្ងៃទី២៤ ខែមីនា នេះបានបង្ហាញក្ដីរំពឹងថា បណ្ដាក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា នឹងបញ្ជាទិញយន្តហោះរបស់ខ្លួនរហូតដល់ទៅ២.២១០គ្រឿង ក្នុងរយៈពេល២០ឆ្នាំខាងមុខ បើធៀបនឹងចំនួន១.៩០០គ្រឿងដែលខ្លួនបានព្យាករទុកមុននេះ។
អំឡុងព្រឹត្តិការណ៍ពិព័រណ៍យន្តហោះមួយ កាលពីពេលថ្មីៗនេះ លោក Brent McBratney ប្រធានផ្នែកទីផ្សារអាកាសចរណ៍ សម្រាប់ទីផ្សារឥណ្ឌា និងអាស៊ីខាងត្បូងនៃក្រុមហ៊ុន Airbus បានលើកឡើងថា ដោយក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប មានចំនួនភាគច្រើន នៅក្នុងទីផ្សារឥណ្ឌា ក្រុមហ៊ុនAirbus រំពឹងថា បណ្ដាក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា នឹងត្រូវការយន្តហោះធុនតូចដែលមានច្រកដើរមួយជួរ (Narrowbody Plane) ប្រមាណ១.៧៧០គ្រឿង ដើម្បីពង្រីកសមត្ថភាព និងជំនួសយន្តហោះចាស់ៗរបស់ខ្លួន ហើយសល់ប៉ុន្មានគឺយន្តហោះធុនធំ ដែលមានច្រកដើរ២ជួរ (Widebody Plane)។
លោក Brent McBratney បានគូសបញ្ជាក់ថា ទីផ្សារធ្វើដំណើរតាមផ្លូវអាកាសក្នុងស្រុក និងអន្តរជាតិរបស់ឥណ្ឌា ត្រូវបានរំពឹងថានឹងកើនឡើង៦,២% ក្នុងមួយឆ្នាំក្នុងរយៈពេល២០ឆ្នាំខាងមុខ ដែលលើសពីកំណើនជាមធ្យមរបស់ពិភពលោក ដែលមានត្រឹមប្រមាណ៣,៩%។
ក្រុមហ៊ុន Airbus រំពឹងថា ការធ្វើដំណើរតាមផ្លូវអាកាស ក្នុងស្រុករបស់ប្រទេសឥណ្ឌា នឹងឈានដល់កម្រិតមុនពេលផ្ទុះវិបត្តិកូវីដ-១៩ នៅពាក់កណ្តាលឆ្នាំ២០២២ ខណៈចរាចរណ៍ធ្វើដំណើរ តាមផ្លូវអាកាសរបស់អន្តរជាតិត្រូវបានរំពឹងថា នឹងងើបឡើងវិញនៅឆ្នាំក្រោយ។
ក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុប មួយនេះបាននិយាយកាលពីខែវិច្ឆិកា ចុងឆ្នាំ២០២១ ថា ខ្លួនរំពឹងថានឹងផ្គត់ផ្គង់យន្តហោះ សរុបចំនួន៣៩.០២០គ្រឿងនៅ២០ឆ្នាំក្រោយ បើធៀបនឹងចំនួន៣៩.២១៣គ្រឿង ដែលខ្លួនបានព្យាករកាលពី២ឆ្នាំមុននេះ៕ Reuters៕