សម្ដេចតេជោៈផ្លូវជាតិលេខ៥១អាចចាត់ទុកថាជាផ្លូវខ្សែក្រវាត់វាងក្រុងភ្នំពេញ

0

ដោយៈ សុផារី

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃសុក្រនេះ បានមានប្រសាសន៍ថា ផ្លូវជាតិលេខ៥១អាចចាត់ទុកថា ជាផ្លូវខ្សែក្រវាត់វាងរាជធានីភ្នំពេញ ដែលអាចសម្រួលដល់ការធ្វើដំណើរ និងផ្តល់ផលប្រយោជន៍ដ៏ច្រើន សម្រាប់វិស័យសេដ្ឋកិច្ចនិងសង្គម។

សម្ដេចតេជោបានថ្លែងដូច្នេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១ ពីឧត្ដុង្គទៅកាន់ថ្នល់ទទឹង នៅក្នុងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៥ ខែមីនានេះ។

សម្ដេចតេជោបានថ្លែងបន្តថា “សម្រាប់អ្នកធ្វើដំណើរវែងឆ្ងាយ ឧទាហរណ៍អ្នកធ្វើដំណើរពីខេត្តកំពត ខេត្តតាកែវ ឬខេត្តកំពង់ស្ពឺ ត្រូវធ្វើដំណើរទៅខេត្តពោធិ៍សាត់ ឬក៏ខេត្តបាត់ដំបង គ្មានការចាំ​បាច់ ដើម្បីធ្វើដំណើរទៅកាន់ទីក្រុងភ្នំពេញ រួចហើយធ្វើដំណើរបន្តតាមផ្លូវជាតិលេខ៥នោះទេ គេអាចមកដល់ទីនេះ ហើយឆ្លងតាមនេះគឺកាត់ត្រង់ទៅរកឧដ្ដុងតែម្ដង”។

សម្តេចបន្តថា ផ្ទុយទៅវិញ អ្នកដែលនៅកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ចង់ធ្វើដំណើរទៅកំពង់សោម ទៅកំពតទៅកែប គឺធ្វើដំណើរ មិនចាំបាច់ឆ្លងកាត់ទីក្រុងភ្នំពេញ នាំអស់សាំងអស់ថ្លៃឡានទេ គេអាចធ្វើដំណើរឆ្លងកាត់តាមផ្លូវនេះតែម្ដង។

សម្តេចបានថ្លែងថា “នេះជាការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលអាចផ្តល់ផលប្រយោជន៍ដ៏ច្រើន សម្រាប់វិស័យសេដ្ឋកិច្ចនិងសង្គម”។

គម្រោងសាងសង់ផ្លូវជាតិលេខ៥១ មានប្រវែងសរុបជិត៣៨គីឡូម៉ែត្រ ចាប់ផ្តើមពីឧដុង្គត្រង់ចំណុចប្រសព្វ ផ្លូវជាតិលេខ៥ទៅដល់ថ្នល់ទទឹងត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៤។

ផ្លូវជាតិលេខ៥១ គឺជាខ្សែផ្លូវស្ថិតនៅក្នុងភូមិសាស្រ្ត រវាងខេត្តកណ្តាលនិងខេត្តកំពង់ស្ពឺ ដែលប្រទាក់ក្រឡាគ្នាជាមួយបណ្តាញខ្សែផ្លូវសំខាន់ៗ រួមមានដូចជា ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៤១ និងតភ្ជាប់ទៅផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤២ ទៅភ្នំពេញនិងផ្លូវលេខ១៤៤០ ទៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ផ្លូវនេះបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់វិស័យដឹកជញ្ជូន និងឧស្សាហកម្ម ដោយសារនៅតំបន់នេះសម្បូរទៅដោយរោងចក្រឧស្សាហកម្ម សិប្បកម្ម និងសហគ្រាសខ្នាតធំ ព្រមទាំងជាតំបន់ទីប្រជុំជន ដែលមានអំណោយផលសម្រា​ប់គម្រោងអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ដូចជា លំនៅឋាននិងបុរីជាច្រើន ដែលបានចូលរួមបង្កើតមុខរបរ និងបង្កើនប្រាក់ចំណូលសម្រា​ប់ប្រជាពលរដ្ឋដែលរស់តាមបណ្តោយខ្សែផ្លូវនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here