ដោយៈសុខុម
ញូវយ៉ក: រយៈពេលជាច្រើនទសវត្សរ៍មកនេះ ក្រុមហ៊ុនបរទេសនានា បានធ្វើការរកស៊ីយ៉ាងកាប់កប និងសុខសាន្តនៅក្រុងហុងកុង ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏មានស្ថិរភាព និងដែលតែងតែលើកស្ទួយដល់ជនបរទេស។
ទោះជាយ៉ាងណា នៅពេលររដ្ឋាភិបាលក្រុងប៉េកាំង បានរឹតបន្តឹងការគ្រប់គ្រងរបស់ខ្លួន លើទីក្រុងដែលជាអតីតអាណានិគមអង់គ្លេស មួយនេះកាន់តែខ្លាំង ក្រុមហ៊ុនទាំងនោះកាន់តែច្រើនឡើងកំពុងសម្លឹងរកឱកាសចាកចេញ។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា។
ផ្អែកតាមរបាយការណ៍សិក្សាថ្មីមួយបង្ហាញថា ស្ទើរតែពាក់កណ្តាលនៃក្រុមហ៊ុនអឺរ៉ុប ទាំងអស់នៅក្នុងទីក្រុងហុងកុង កំពុងពិចារណាចាកចេញពីក្រុងនេះនៅឆ្នាំក្រោយ។ ក្រុមហ៊ុនទាំងនោះមានការមិនសប្បាយចិត្តយ៉ាងខ្លាំង ចំពោះវិធានការរឹតបន្តឹងកូវីដ-១៩ ដ៏តឹងរ៉ឹងខ្លាំងពេករដ្ឋាភិបាលហុងកុង ដែលជាការចម្លងម៉ូឌែលតាមវិធានការអនុវត្តន៍នៅប្រទេសចិន។
ក្នុងចំណោមក្រុមហ៊ុនដែលគ្រោងនឹងចាកចេញ មាន២៥%និយាយថា ពួកគេនឹងចាកចេញទាំងស្រុងពីទីក្រុងហុងកុង ក្នុងរយៈពេល១២ខែខាងមុខ ខណៈ២៤%ទៀតនិយាយថា ពួកគេគ្រោងនឹងចាកចេញផ្នែកខ្លះ ពោលគឺមិនដកចេញទាំងស្រុងទេ។ ក្នុងចំណោមក្រុមហ៊ុនបរទេសទាំងនោះ គឺមានតែ១៧%ប៉ុណ្ណោះ ដែលនិយាយថា ពួកគេគ្មានគម្រោងចាកចេញ ក្នុងរយៈពេល១២ខែខាងមុខ។ ប៉ុន្តែនេះមិនមានន័យថា ផុតពីនេះពួកគេមិននឹងចាកចេញនោះឡើយ។
របាយការណ៍ពីសភាពាណិជ្ជកម្មអឺរ៉ុបបានបង្ហាញថា យុទ្ធសាស្ត្រ “មិនឱ្យមានកូវីដ-១៩ ដាច់ខាត” របស់ទីក្រុងហុងកុង បានបង្កផលវិបាកធ្ងន់ធ្ងរសម្រាប់អាជីវកម្មនានា និងអ្នករស់នៅទីនោះ។
សភាពាណិជ្ជកម្មអឺរ៉ុប បានលើកឡើងថា “អត្ថប្រយោជន៍ដ៏ធំបំផុត” របស់ហុងកុង គឺការតភ្ជាប់បណ្ដាញជាសាកលរបស់ខ្លួន និងការស្ថិតនៅកៀកប្រទេសចិន “ស្ទើរតែលែងមានទាំងស្រុងទៅហើយ”៕ CNN៕