សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ចុះកិច្ចព្រមព្រៀងផ្គត់ផ្គង់ឧស្ម័នហ្គាស ដោយកាត់បន្ថយប្រើហ្គាសរុស្ស៊ី

0

ដោយៈសុខុម

ព្រុចសែលៈ សហរដ្ឋអាមេរិក នឹងធ្វើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ LNG (ហ្គាស) រហូតដល់ទៅ ១៥ពាន់លានម៉ែត្រគូប ដល់ទីផ្សារសហភាពអឺរ៉ុប នៅឆ្នាំ២០២២នេះ ខណៈអឺរ៉ុបកំពុងស្វះស្វែង ផ្តាច់ខ្លួនចេញ ពីការផ្គត់ផ្គង់ឧស្ម័នហ្គាសរបស់រុស្ស៊ី។ នេះបើយោងតាមព័ត៌មានដ៏សំខាន់ដែលផ្តល់ដោយសេតវិមាន។

ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃសុក្រ ទី២៥ ខែមីនា នឹងប្រកាសពីការបង្កើតក្រុមការងារមួយនៅថ្ងៃសុក្រដដែល ដើម្បីកាត់បន្ថយការពឹងផ្អែករបស់អឺរ៉ុប លើឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ី បន្ទាប់ពីប្រទេសរុស្ស៊ី បានបញ្ឆេះសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន។

គណៈកម្មការអឺរ៉ុប ក៏នឹងធ្វើការជាមួយបណ្តាប្រទេសសហភាពអឺរ៉ុបផងដែរ ដើម្បីធានាថាពួកគេអាចទទួលបាន ឧស្ម័នហ្គាស LNG បន្ថែមប្រមាណ៥០ពាន់លានម៉ែត្រគូប រហូតដល់ឆ្នាំ២០៣០យ៉ាងតិច។

សហភាពអឺរ៉ុប បានបង្កើនកិច្ចខិតខំប្រឹងប្រែងរួចហើយ ដើម្បីទទួលបានឧស្ម័នហ្គាស LNG បន្ថែមទៀត បន្ទាប់ពីការចរចាជាមួយប្រទេសអ្នកផ្គត់ផ្គង់មួយចំនួន ដែលជាលទ្ធផល ការផ្គត់ផ្គង់ឧស្ម័នហ្គាស នឹងសម្រេចបានរហូតដល់ ទៅ១០ពាន់លានម៉ែត្រគូបកាលពីខែមករា។

នៅក្នុងខែដដែលនោះ ការចែកចាយរបស់សហរដ្ឋអាមេរិក បានកើនឡើង ដល់៤,៤ពាន់លានម៉ែត្រគូប ដែលកើនឡើងទ្វេដងបើធៀបនឹងចំនួនធម្មតាសម្រាប់ខែមករា។

ប្រហែល១០%នៃតម្រូវការឧស្ម័នហ្គាស របស់សហភាពអឺរ៉ុប ត្រូវបានបំពេញដោយផលិតកម្មក្នុងស្រុក។
ជាធម្មតា ប្រទេសរុស្ស៊ីបានផ្គត់ផ្គង់ប្រហែល៤១% នៃតម្រូវការសរុបរបស់សហភាពអឺរ៉ុប៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here