សម្ដេចតេជោអំពាវនាវកុំឱ្យប្រជាពលរដ្ឋព្រួយបារម្ភពីផលប៉ះពាល់របស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩

0

ដោយ៖ សូរិយា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានអារម្មណ៍នឹងនរ និងកុំព្រួយបារម្ភអំពីផលប៉ះពាល់របស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

សារអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ជាថ្មីនេះធ្វើឡើងបន្ទាប់ពីមានការឃោសនាអកុសលអំពីផលប៉ះពាល់រឿងវ៉ាក់សាំងនៅពេលចាក់ចូលក្នុងខ្លួនមនុស្ស ដែលសម្ដេចបានចាត់ទុកថា ការឃោសនាអកុសលនេះ គឺជារឿងឥតប្រយោជន៍ ខណៈនៅលើពិភពលោកបានចាក់វ៉ាក់សាំងកូវីដ១៩ដូចកម្ពុជានេះ រាប់ពាន់លាននាក់ទៅហើយ។

សម្ដេចតេជោបានមានប្រសាសន៍ថា “ការលើកឡើងណាមួយទាក់ទងនឹងឃោសនាអកុសលវាជារឿងឥតប្រយោជន៍ ខ្លះថាការចាក់វ៉ាក់សាំងនឹងបង្កើតជំងឺនៅថ្ងៃក្រោយ។ ខ្ញុំមិននឹកស្មានថា មានមនុស្សប្រទេសដែលនិយាយបែបនេះ ខណៈនៅលើពិភពលោកបានចាក់វ៉ាក់សាំងរាប់ពាន់លាននាក់”។

បើតាមប្រសាសន៍សម្ដេចតេជោ មិនមែនតែប្រជាជនកម្ពុជាជាង១៤លាននាក់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នោះទេ ពោលមានទូទាំងពិភពលោកដែលបានចាក់វ៉ាក់សាំង ដែលនេះមិនមែនជារឿងថ្មីនោះទេ ពោលយើងធ្លាប់ទទួលការបំភ័យរឿងចាក់វ៉ាក់សាំងនេះ តាំងពីដើមមកម្ល៉េះ ពោលតាំងពីកម្ពុជាផ្ដើមដំណើរការចាក់ដូសទី១មកម្ល៉េះ។

សម្ដេចតេជោបានស្នើដល់ប្រជាពលរដ្ឋកុំមានការភិតភ័យ ហើយទទួលយកនូវវិធានការការពារ ជាមួយការទទួលយកវ៉ាក់សាំង ដែលនៅពេលនេះកម្ពុជា កំពុងជំរុញការចាក់ដូសទី៣ និងទី៤ ដល់ប្រជាពលរដ្ឋ ព្រមជាមួយការចាក់ជូនកុមារអាយុ៣ឆ្នាំ។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល កាលពីពេលថ្មីៗនេះ បានប្រកាសច្រានចោលទាំងស្រុង ចំពោះព័ត៌មានដែលកើតចេញពីជនខិលខូច ដោយប្រឌិតថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នាំឱ្យកើតជំងឺមហារីកឈាម និងបានចាត់ទុកចំពោះការប្រឌិតព័ត៌មាននេះជាការញុះញង់បង្ករជា មហន្ដរាយដល់សង្គមជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here