ដោយៈសុខុម
អន្តរជាតិ: រដ្ឋាភិបាលទីក្រុងគៀវ បានទម្លាយឱ្យដឹងកាលពីថ្ងៃអាទិត្យ ទី២៧ ខែមីនា ថា ប្រទេសរុស្ស៊ី ដែលកងទ័ពរបស់ខ្លួនបាននិងកំពុងរុល ឆ្ពោះទៅកាន់រដ្ឋធានីគៀវបន្តិចម្តងៗ ប្រហែលជាមានបំណងហែកប្រទេសអ៊ុយក្រែន ជាពីរឱ្យដូចកូរ៉េខាងជើង និងកូរ៉េខាងត្បូងសព្វថ្ងៃ។
លោក Kyrylo Budanov ប្រធានភ្នាក់ងារស៊ើបការណ៍សម្ងាត់ នៃក្រសួងការពារជាតិអ៊ុយក្រែន បានចេញសេចក្តីថ្លែងការណ៍ លើបណ្ដាញទំនាក់ទំនងសង្គមថា យុទ្ធសាស្រ្តហែកប្រទេសអ៊ុយក្រែនជាពីរនេះ អាចបណ្តាលមកពីប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន បរាជ័យក្នុងការ “ដណ្ដើមកាន់កាប់រដ្ឋធានីគៀវ និងផ្ដួលរំលំរដ្ឋាភិបាលអ៊ុយក្រែន ចេញពីអំណាច”។ នេះបើយោងតាមសារព័ត៌មាន Korea Times ចុះផ្សាយនៅថ្ងៃច័ន្ទ ទី២៨ ខែមីនា នេះ។
ប្រធានភ្នាក់ងារស៊ើបការណ៍សម្ងាត់បានគូសបញ្ជាក់ថា “មានហេតុផលដែលអាចជឿបានថា គាត់ (ពូទីន) ប្រហែលជាព្យាយាមបំបែកឱ្យដាច់ពីគ្នារវាងតំបន់ត្រួតត្រា និងតំបន់មិនត្រួតត្រានៃប្រទេសរបស់យើង”។ លោកបន្ថែមថា “ជាការពិតណាស់ វាជាការប៉ុនប៉ងបំបែកដូចកូរ៉េខាងត្បូង និងកូរ៉េខាងជើង នៅក្នុងប្រទេសអ៊ុយក្រែន”។
ប្រទេសរុស្ស៊ី បានផ្ដល់សញ្ញាកាលពីដើមសប្តាហ៍នេះថាសង្រ្គាមរបស់ខ្លួន មានគោលបំណងផ្តោតលើការដណ្ដើម កាន់កាប់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន បន្ទាប់ពីបរាជ័យក្នុងការបំបែកការតស៊ូរបស់ប្រទេសនេះ ក្នុងរយៈពេលមួយខែនៃការប្រយុទ្ធគ្នា និងការវាយប្រហារទៅលើជនស៊ីវិល។
លោក Kyrylo Budanov បានគូសបញ្ជាក់ថា ប្រទេសរុស្ស៊ី ប្រហែលព្យាយាមប្រើប្រាស់ ស្ថានភាពនៃទឹកដីកាន់កាប់ធ្វើជាស្នៀតឈ្នះនៅក្នុងការចរចា ឬនិយាយឱ្យងាយស្ដាប់បានគឺថា រុស្ស៊ី អាចនឹងទាមទារកាន់កាប់ទឹកដីដែលខ្លួនដណ្ដើមបានជាថ្នូរនឹងការបញ្ចប់សង្គ្រាម៕ Korea Times៕