ដោយ: សុខុម
អន្តរជាតិ: សហរដ្ឋអាមេរិកកំពុងគាបរុស្ស៊ី ធ្វើយ៉ាងណារារាំងកុំឱ្យប្រទេសនេះលក់មាសបម្រុងយ៉ាងច្រើនសន្ធឹកសន្ធាប់របស់ខ្លួនដើម្បីប្រមូលលុយយកមកធ្វើសង្គ្រាម ខណៈការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន នៅតែបន្តអូសបន្លាយ។
ក្រសួងរតនាគារអាមេរិក បានបញ្ជាក់កាលពីសប្តាហ៍មុនថា ប្រតិបត្តិការជួញដូរមាសណាមួយដែលពាក់ព័ន្ធនឹងធនាគារកណ្តាលរបស់ប្រទេសរុស្ស៊ី គឺត្រូវស្ថិតក្រោមការដាក់ទណ្ឌកម្មដែលមានស្រាប់ដើម្បីដាក់គំនាបធ្វើយ៉ាងឱ្យកុំឱ្យប្រទេសរុស្ស៊ី មានសមត្ថភាពប្រមូលប្រាក់។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃ ច័ន្ទ ទី២៨ ខែមីនា។
ទោះជាយ៉ាងណា ថ្វីបើប្រទេសរុស្ស៊ី ពិបាកនឹងលក់មាសដែលរក្សាទុកនៅក្នុងឃ្លាំងរបស់ខ្លួនក្ដី ក៏ក្រុមអ្នកវិភាគលើកឡើងថា បញ្ហាប្រឈមក្នុងការតាមដានប្រភពមាសដែលធ្វើចរាចរលើទីផ្សារជាក់ស្ដែងបែបចាស់គំរឹលខុសពីទីផ្សារតាមអនឡាញ អាចធ្វើឱ្យមានចន្លោះប្រហោងដែលអនុញ្ញាតឱ្យរដ្ឋាភិបាលក្រុងមូស្គូ មានលទ្ធភាពប្រមូលប្រាក់តាមវិធីនេះ។
យោងតាមក្រុមប្រឹក្សាមាសពិភពលោក (World Gold Council) ដែលជាស្ថាប័នអភិវឌ្ឍន៍ទីផ្សារសម្រាប់ឧស្សាហកម្មមាសមានមូលដ្ឋាននៅប្រទេសអង់គ្លេស ឱ្យដឹងថា ធនាគារកណ្តាលនៃប្រទេសរុស្ស៊ី មានមាសបម្រុងជាង២.០០០តោន ដែលគិតជាលុយរហូតដល់ទៅប្រមាណ១៤០ពាន់លានដុល្លារ។
ចំនួននេះធ្វើឱ្យរុស្ស៊ី ក្លាយជាប្រទេសមានមាសបម្រុងច្រើនបំផុតទី៥ ក្នុងពិភពលោក។ ប្រទេសរុស្ស៊ី បានសម្រុកប្រមូលមាសទាំងនេះទុកក្នុងរយៈពេលប៉ុន្មាឆ្នាំចុងក្រោយនេះ រួមទាំងការទិញពីអ្នកផលិតក្នុងស្រុកផងដែរ។ មាសបម្រុងទាំងនេះត្រូវបានរក្សាទុកក្នុងឃ្លាំងក្នុងក្រុងមូស្គូ និងនៅជុំវិញប្រទេសរុស្ស៊ី។
យោងតាមតួលេខពីធនាគារកណ្តាលរបស់រុស្ស៊ី បង្ហាញថា មាសទាំងនេះមានចំនួនគ្របដណ្ដប់ប្រមាណ១ភាគ៥នៃទុនបម្រុងអន្តរជាតិរបស់រុស្ស៊ី ដែលរួមបញ្ចូលទាំងប្រាក់អឺរ៉ូ ប្រាក់ដុល្លារ និងប្រាក់យ័នចិន ផងដែរ៕