ដោយៈជេស៊ីកា
ភ្នំពេញៈ ស្របពេលការបូមខ្សាច់បំពេញសម្រេចបានតាមផែនការ និងដីមួយចំនួនត្រូវបានលក់ដល់វិស័យឯកជន បច្ចុប្បន្ននេះ ទីក្រុងកោះនរាបាន និងកំពុងត្រៀមបង្ហាញនូវសំណង់អគារថ្មីៗមូយចំនួនហើយ។
អគ្គនាយករងក្រុមហ៊ុនOCIC លោកទូច សំណាងបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា គំរោងសំណង់មួយចំនួន បានចាប់ផ្តើមសាងសង់បណ្តើរៗហើយ ប៉ុន្តែគំរោងទាំងនោះមិនមែនជាការសាងសង់អគារខ្ពស់ៗកប់ពពកនោះទេ គឺមានអគារកំពស់ត្រឹម៨ជាន់នៅឡើយ ដែលគំរោងទាំងនោះបាននិងកំពុងសាងសង់បណ្តើរៗហើយ។ លោកបន្តថា ទស្សនទាននៃការអភិវឌ្ឍទីក្រុងទំហំ១២៥ហិកតានេះ មានភាពស្រដៀងគ្នានឹងទីក្រិងកោះពេជ្រ នាពេលបច្ចុប្បន្ននេះ។
ដីទីក្រុងកោះនរា ត្រូវបានដាក់លក់ក្នុងតម្លៃចន្លោះពី២៨០០ទៅ៣៨០០ដុល្លារ ក្នុងមួយម៉ែត្រអារ៉េ ដែលតម្លៃនេះប្រែប្រួលទៅតាមទីតាំងសំខាន់ៗ ដូចជា ទំហំ និងដីដែលបែរមុខទៅរកទន្លេមេគង្គ និងទន្លេចតុមុខជាដើម។
លោកទូច សំណាងបានឲ្យដឹងនាពេលកន្លងមកថា រហូតមកទល់ពេលនេះ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋនៅលើទីក្រុង ដែលគ្រោងចំណាយទុនវិនិយោគរហូតដល់២៥០០លានដុល្លារនេះ កំពុងសម្រេចវឌ្ឍនភាពតាមផែនការរបស់ក្រុមហ៊ុន និងកំពុងសាងសង់យ៉ាងសកម្ម។ ខ្សែភ្លើង ឬបណ្តាញអគ្គិសនីនៅទីក្រុងនេះ ត្រូវបានកប់ក្រោមដីទាំងអស់ ហើយប្រព័ន្ឋទឹកស្អាត ទឹកភ្លៀង និងទឹកសំអុយត្រូវបានបែងចែកដាច់ពីគ្នាយ៉ាងគត់ម៉ត់ ខណៈទស្សនទានទីក្រុងនេះ ត្រូវបានរៀបចំអភិវឌ្ឍន៍ជាទីក្រុងឆ្លាតវៃ។
យោងតាមប្រភពព៌តមានដទៃទៀតបានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនOCIC កំពុងជួលក្រុមហ៊ុនFoster& Partner រចនាប្លង់អគារកប់ពពកនៅទីក្រុងនេះ ដែលកំពស់អគារនេះអាចនឹងមានកំពស់លើសពី៦០០ម៉ែត្រ ខណៈផែនការដំបូងក្រុមហ៊ុនគ្រោងសាងសង់កំពស់៥៥០ម៉ែត្រប៉ុណ្ណោះ។
ជាមួយនឹងសោភ័ណភាព និងផែនការច្បាស់លាស់របស់រដ្ឋាភិបាល ទីក្រុងកោះនរានឹងក្លាយជាLandmarkថ្មីមួយសំរាប់រាជធានីភ្នំពេញ ខណៈស្ពានតភ្ជាប់ពីភ្នំពេញទៅកាន់តំបន់អរិយក្សត្រ ត្រូវបានប្រមុខរដ្ឋាភិបាលសម្រេចរួចហើយ ដោយស្ពាននេះនឹងតភ្ជាប់ពីចំណចុចផ្សាររាត្រីទៅកាន់តំបន់សុខា មុនឆ្លងទៅកាន់ទឹកដីអរិយក្សត្រ ដែលស្ពាននេះនឹងបង្កើនសោភ័ណ្ឌភាពរាជធានីភ្នំពេញមួយកម្រិតទៀត។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងកាលពីសប្តាហ៍កន្លងមកថា ស្ពានមិត្តភាពកម្ពុជា កូរ៉េដែលនឹងសាងសង់នាពេលខាងមុខ នឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ បន្ថែមទៀតមកកាន់រាជធានីភ្នំពេញ ស្របពេលរដ្ឋាភិបាលកូរ៉េ បានសម្រេចផ្តល់ជំនួយសាងសង់ស្ពាននេះរួចហើយ៕