វៀតណាមវិនិយោគ២ពាន់លានដុល្លារ សង់រោងចក្រផលិតរថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិក

0

ដោយ៖ សុខុម

ហាណូយ: ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast បានប្រកាសកាលពីថ្ងៃអង្គារ ទី២៩ ខែមីនា ថា ខ្លួនបានចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគដំណាក់កាលដំបូងចំនួន២ពាន់លានដុល្លារ សាងសង់រោងចក្រមួយនៅរដ្ឋ North Carolina សហរដ្ឋអាមេរិក ដើម្បីផលិតរថយន្តក្រុងអគ្គិសនី រថយន្ត SUV និងអាគុយសម្រាប់រថយន្តអគ្គិសនី។

ក្រុមហ៊ុន VinFast ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនធំបំផុតរបស់វៀតណាម Vingroup បញ្ជាក់ថា ខ្លួនមានគម្រោងបោះទុនវិនិយោគសរុបរហូតដល់ទៅ៤ពាន់លានដុល្លារ លើរោងចក្រដំបូងរបស់ខ្លួននៅសហរដ្ឋអាមេរិក នេះ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃពុធ ទី៣០ ខែមីនា នេះ។

ក្រុមហ៊ុននេះបានបន្ថែមទៀតថា ដំណើរការសាងសង់រោងចក្រនេះនឹងចាប់ផ្តើមនៅឆ្នាំ២០២២ នេះ នៅពេលក្រុមហ៊ុនទទួលបានលិខិតអនុញ្ញាតចាំបាច់ ហើយរំពឹងថានឹងបញ្ចប់នៅខែកក្កដា ឆ្នាំ២០២៤។ សមត្ថភាពដំបូងរបស់រោងចក្រនេះនឹងអាចផលិតបាន១៥០.០០០គ្រឿងក្នុងមួយឆ្នាំៗ។

លោកស្រី Nguyen Thi Thu Thuy អគ្គនាយករងក្រុមហ៊ុន Vingroup និងជានាយកប្រតិបត្តិក្រុមហ៊ុន VinFast Global បានថ្លែងថា “ដោយមានរោងចក្រផលិតមួយនៅក្នុងទីផ្សារសហរដ្ឋអាមេរិក ក្រុមហ៊ុន VinFast អាចធ្វើឱ្យតម្លៃមានស្ថិរភាព និងកាត់បន្ថយពេលវេលាប្រគល់ផលិតផល ដោយធ្វើឱ្យរថយន្តអគ្គិសនីរបស់យើងកាន់តែច្រើនចូលទៅដល់អតិថិជន”។

ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានពោលសរសើរថា ការវិនិយោគរបស់ក្រុមហ៊ុន VinFast ដែលនឹងបង្កើតការងារថ្មីជាង៧.០០០កន្លែង ឆ្លុះបញ្ចាំងពីយុទ្ធសាស្រ្តសេដ្ឋកិច្ចដ៏ល្អរបស់លោក។

លោកបានបន្ថែមថា ការវិនិយោគនេះបន្ថែមពីលើអ្វីដែលក្រុមហ៊ុនដូចជាក្រុមហ៊ុនGM ក្រុមហ៊ុនFord និងក្រុមហ៊ុនSiemens បានប្រកាសកាលពីពេលថ្មីៗនេះថានឹងបោះទុនវិនិយោគនៅសហរដ្ឋអាមេរិក ឡើងវិញដើម្បីបង្កើតការងារជូនពលរដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here