រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបញ្ជាក់ពីពេលវេលាលែងខ្វះទឹកប្រើប្រាស់

0

      ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ វិបត្តិទឹកប្រើប្រាស់បានកើតឡើង នៅក្នុងរាជធានីភ្នំពេញ ចាប់តាំងពីឆ្នាំ២០១០ ពោលគឺបន្ទាប់ពីកម្ពុជា ទទួលបានការវិនិយោគលើវិស័យសំណង់កាន់តែច្រើន ដែលធ្វើឱ្យកំណើនប្រជាជននៅរាជធានីភ្នំពេញ និងធ្វើឱ្យតម្រូវការប្រើប្រាស់ទឹកកាន់តែកើនឡើង និងកំពុងជួបប្រទះកង្វះខាតទឹកស្អាតកាន់តែធ្ងន់ធ្ងរ ជាពិសេសនៅតំបន់ជាយក្រុ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ជាថ្មីថា នៅឆ្នាំ២០២៥ខាងមុខ ក្រុងភ្នំពេញនឹងមានទឹកប្រើប្រាស់គ្រប់គ្រាន់១០០ភាគរយ ក្រោយពីអាងប្រព្រឹត្តិកម្មទឹកស្អាត តម្លៃជិត២០០លានដុល្លារអាមេរិកសាងសង់រួចរាល់ ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កាលពីចុងខែមីនាកន្លងមកបានឱ្យដឹងថា បច្ចុប្បន្នអាងប្រព្រឹត្តិកម្មទឹកស្អាតបាខែងសម្រេចបាន ការសាងសង់ជាង៦០ភាគរយហើយ និងបន្តសាងសង់ដោយរលូនទៅមុខ ដើម្បីពន្លឿនដល់ការប្រើប្រាស់ទឹក របស់ប្រជាពលរដ្ឋនៅភ្នំពេញ ។

លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានមានប្រសាសន៍ថា បន្ទាប់ពីបញ្ចប់គ្រោងផ្គត់ផ្គង់ទឹកស្អាតនៅបាខែ ក្នុងឆ្នាំ២០២៥  រដ្ឋាករទឹកស្វាយ័តក្រុងភ្នំពេញ នឹងមានសមត្ថភាពផលិតទឹកបាន១លានម៉ែត្រកូបក្នុងមួយថ្ងៃ កើនពី៦០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ។

លោកបន្តថា គម្រោងសាងសង់របស់រដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញនេះ មានការសហការជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD ធនាគារវិនិយោគ អឺរ៉ុប EIB និងគូអភិវឌ្ឍន៍ផ្សេងទៀត ដែលគម្រោងនេះដែរមានទឹកប្រាក់វិនិយោគសរុបជាង១៨៤លានដុល្លារអាមេរិក ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់នាពេលកន្លងមកថា ដោយ​សារតែកំណើនអគារខ្ពស់នៅភ្នំពេញ កំណើននៃវិស័យសំណង់បានធ្វើឱ្យតម្រូវការទឹកកើនឡើង ដូច្នេះសម្ពាធទឹកនៅតំបន់ ជាយរាជធានីភ្នំពេញកាន់តែខ្សោយធ្វើឱ្យពលរដ្ឋ នៅតំបន់នោះមិនមានទឹកប្រើប្រាស់។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏បានអំពាវនាវឱ្យពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ជួួយសន្សំសំចៃទឹកដើម្បីឱ្យសម្ពាធទឹកបាន ទៅដល់ពលរដ្ឋនៅតំបន់ជាយក្រុងប្រើប្រាស់ផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here