ភាគហ៊ុនហក់ឡើងស្រឺតៗដល់ទៅ២៦% ក្រោយធ្លាយដំណឹងថា Elon Musk កាន់កាប់ភាគហ៊ុនច្រើននៅ Twitter

0

ដោយ សុខុម

អន្តរជាតិ: កំពូលមហាសេដ្ឋី Elon Musk នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានកាន់កាប់ភាគហ៊ុន៩,២%ក្នុងក្រុមហ៊ុន Twitter ដែលអាចធ្វើឱ្យលោកក្លាយជាម្ចាស់ភាគហ៊ុនធំបំផុតនៅក្នុងក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមមួយនេះ។ នេះបើយោងតាមឯកសារនិយ័តកម្មមួយបានបង្ហាញកាលពីថ្ងៃច័ន្ទ ទី៤ ខែមេសា។

ភាគហ៊ុនរបស់ក្រុមហ៊ុន Twitter បានហក់ឡើងស្រឺតៗរហូតដល់ទៅ២៦%នៅក្នុងការជួញដូរ ក្រោយធ្លាយដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលនេះ។ ការបែកធ្លាយដំណឹងនេះកើតមានឡើង បន្ទាប់ពីលោក Elon Musk បានសរសេរបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Twitter កាលពីពេលថ្មីៗនេះថា លោកកំពុងពិចារណាបង្កើត Platform បណ្ដាញទំនាក់ទំនងសង្គមថ្មីមួយ។

ភាគហ៊ុនរបស់ក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមផ្សេងៗទៀតរួមទាំង Platform របស់ក្រុមហ៊ុន Meta (ក្រុមហ៊ុនមេរបស់ Facebook) និងក្រុមហ៊ុន Snap ដែលជាក្រុមហ៊ុនមេរបស់ Snapchat Snap ផងក៏បានហក់ឡើងដែរនៅក្នុងការជួញដូរ។

លោក Elon Musk កាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុន Twitter រហូតដល់ទៅ៧៣,៥លានភាគហ៊ុនដែលមានតម្លៃសរុបរហូតដល់ទៅ២,៩ពាន់លានដុល្លារ នេះបើផ្អែកលើលទ្ធផលបិទការជួញដូរកាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅ។

លោក Elon Musk គឺជាអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម Twitter ដ៏ល្បីល្បាញម្នាក់ដែលមានអ្នកតាមដាន (Follower) រហូតដល់ទៅជាង៨០លាននាក់ចាប់តាំងពីលោកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមនេះក្នុងឆ្នាំ២០០៩ និងធ្លាប់បានប្រើប្រាស់វាដើម្បីធ្វើការប្រកាសដែលបង្កការភ្ញាក់ផ្អើលជាច្រើនលើក។

ទោះជាយ៉ាងណា លោកក៏បានរិះគន់បណ្ដាញទំនាក់ទំនងសង្គមមួយនេះ និងគោលការណ៍នានារបស់វាជាញឹកញាប់ ហើយបានលើកឡើងថា ក្រុមហ៊ុននេះកំពុងធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យតាមរយៈការមិនប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការបញ្ចេញមតិ។

លោក Elon Musk ក៏ជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន SpaceX និងជាអ្នកដឹកនាំក្រុមហ៊ុន Neuralink ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបខួរក្បាល (brain-chip) ទើបបង្កើតថ្មី និងក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ The Boring Company ផងដែរ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here