ដោយៈគង់ សូរិយា
ភ្នំពេញៈ សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា EURO CHAM Cambodia បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MOU) ជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីជួយកម្ពុជាពង្រឹងស្ដង់ដាវិស័យសំណង់ និងផែនការរៀបចំក្រុង។
អនុស្សរណៈនេះ ត្រួវបានចុះហត្ថលេខ កាលពីសប្តាហ៍មុន ដែលធ្វើឡើងរវាងលោកឆាន សាផាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និ លោក Tassilo Brinzer ប្រធាន EuroCham Cambodia។
តាមរយៈអនុស្សរណៈនេះ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា នឹងជួយផ្ដល់យោបល់ដល់ក្រសួង ក្នុងដំណើរការរៀបចំច្បាប់ និងគោលនយោបាយថ្មីៗ ពិសេសលើផ្នែកនៃការគ្រប់គ្រងដីធ្លី ផែនការរៀបចំទីក្រុង សំណង់ លំនៅឋាន និងការអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជាជាដើម។
សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ក៏បានបង្ហាញការគាំទ្រឌីជីថលនីយកម្មនៃវិស័យអចលនទ្រព្យ និងសំណង់ ក៏ដូចជាលើកកម្ពស់ការយល់ដឹងអំពីក្របខ័ណ្ឌច្បាប់នៃវិស័យទាំង២នេះ ឱ្យបានច្រើនជាងមុនផងដែរ៕