លោកហ៊ុន ម៉ានីៈថ្ងៃនេះខេត្តកំពង់ស្ពឺទទួលបានសមិទ្ធផលថ្មីរហូតដល់ទៅ២ទីតាំង

0

ដោយៈ ម៉ាលីនណា

        កំពង់ស្ពឺៈ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ លោកហ៊ុន ម៉ានីបានថ្លែងថា ក្នុងពេលតែមួយរួមមាន អគារសម្ភព និងរោគស្ត្រី នៃមន្ទីរពទ្យបង្អែកខេត្តកំពង់ស្ពឺ និងអគារអន្តេវាសិក នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ។

លោកហ៊ុន ម៉ានីបានលើកឡើងក្នុងបណ្តាញទំនាក់ទំនងសង្គមនាព្រឹកថ្ងៃទី៦ មេសានេះថា “ខ្ញុំសូមរំឭកបន្តិចពីប្រវត្តិ ដែលនាំឲ្យមានការសាងសង់អគារទាំង២នេះ។ កាលនោះផ្ដើមចេញពីការចុះជួបសំណេះសំណាល របស់ខ្ញុំជាមួយលោក  លោកស្រីវេជ្ជបណ្ឌិត និងមន្ត្រីបុគ្គលិកនៃមន្ទីរពេទ្យបង្អែកខេត្តកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨”។

លោកបន្តថា ពេលនោះតាមរយៈរបាយការណ៍ របស់លោកប្រធានមន្ទីរពេទ្យបង្អែក និងការចុះពិនិត្យជាក់ស្តែងដល់អគារសម្ភព បានឲ្យឃើញថាជាមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ពិតជាមានការខ្វះខាតជាផ្នែកសម្ភពពិតប្រាកដមែន ជាពិសេសបន្ទប់រង់ចាំសម្រាល និងក្រោយសម្រាល។ លើសពីនេះទៅទៀតនោះគឺ បន្ទប់វះកាត់សម្រាល ត្រូវបានដាក់រួមគ្នាជាមួយនឹងបន្ទប់វះកាត់ទូទៅ។

លើសពីនេះទៅទៀត ដោយសារទីធ្លាអគារសម្ភពទាំងមូល មានលក្ខណៈតូចចង្អៀត ដាក់គ្រែក៏បានតិច ហើយបងប្អូនប្រជាពលរដ្ឋយើង មកទទួលសេវាផ្នែកសម្ភពនេះកាន់តែច្រើន ដែលជាហេតុនាំឲ្យពិបាករកទីកន្លែងសមរម្យសម្រាប់អង្គុយរង់ចាំ។

លោកហ៊ុន ម៉ានីបានបន្តថា ឆ្លើយតបទៅនឹងបញ្ហាទាំងអស់នេះ ក្រុមការងារ ក៏បានខិតខំស្វះស្វែងកៀរគរប្រភពថវិកា ដើម្បីចូលរួមឆ្លើយតបជាមួយតម្រូវការដ៏ចាំបាច់របស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះដែរ ចំពោះមូលហេតុនៃការកសាងអគារអន្តេវាសិក នៅក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានកើតចេញពីការជួបសំណេះសំណាល និងពិនិត្យការរៀន និងបង្រៀន នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ ក្នុងឱកាសនៃទិវារំលឹកគុណគ្រូ កាលពីថ្ងៃ០៥ ខែតុលា ឆ្នាំ២០១៧។

លោកបន្តថា “ខ្ញុំទទួលបានសំណូមពរពីគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សនៃមជ្ឈមណ្ឌលនេះ ដើម្បីសាងសង់អគារស្នាក់នៅសម្រាប់គ្រូ និងសិស្សដែលមានជីវភាពខ្វះខាត រៀនសូត្រជំនាញបច្ចេកទេសវិជ្ជាជីវៈ”។

តាមរយៈការពិនិត្យជាក់ស្ដែងនៅទីតាំង យើងពិតជាឃើញមានការលំបាកមួយចំនួន សម្រាប់ការស្នាក់នៅរបស់គ្រូ និងសិស្ស ដោយហេតុថាអគារ ដែលមានស្រាប់មានសភាពទ្រុឌទ្រោម។ឆ្លើយតបជាមួយនឹងសំណូមពរ រួមទាំងសមិទ្ធកម្មជាក់ស្តែង ទើបមានការលេចរូបរាងថ្មីនៃអគារអន្តេ​វាសិក​ស្របតាមតម្រូវការចាំបាច់ទាំងអស់នោះ។

ក្នុងនាមជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមអបអរសាទរជាមួយមន្ត្រីបុគ្គលិក សុខាភិបាល លោកប្រធានមន្ទីរពេទ្យបង្អែកខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្ស នៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ រួមទាំងបងប្អូនប្រជាពលរដ្ឋ ដែលបានទទួលនូវសមិទ្ធផលថ្មីពីរបន្ថែមទៀត សម្រាប់បម្រើឲ្យសេចក្ដីត្រូវការនៅក្នុងមន្ទីរពេទ្យ ក៏ដូចជា មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋយើងនៅក្នុងក្របខ័ណ្ឌ ខេត្តកំពង់ស្ពឺនិយាយជារួម និងនិយាយដោយឡែកសម្រាប់ក្រុមអ្នកក្រុងច្បារមនរបស់យើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here