ដោយៈគង់ សូរិយា
ភ្នំពេញៈ ធនាគារពិភពលោកបានចង្អុលបង្ហាញនូវកត្តាសំខាន់ៗចំនួនបី ដែលនឹងរួមចំណែកដល់ការទាក់ទាញ វិនិយោគិនអន្តរជាតិមកកាន់កម្ពុជា។
យោងតាមរបាយការណ៍របស់ធនាគារពិភពលោក ដែលបានចេញផ្សាយនៅថ្ងៃទី៥ មេសាម្សិលម៉ិញនេះបានឲ្យដឹងថា ច្បាប់វិនិយោគថ្មី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកូរ៉េ ចិន និងកម្ពុជា និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ នឹងជួយជំរុញការវិនិយោគនៅកម្ពុជាមួយកម្រិតធំ ខណៈកំណើនសេដ្ឋកិច្ចឆ្នាំ ២០២២ ក៏ត្រូវបានព្យាករណ៍ថាអាចមានដល់ទៅ៤,៥ភាគរយ។
របាយការណ៍ដដែលបានបន្តថា ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ ឬRCEP គឺជាកិច្ចព្រមព្រៀងរវាង១០ប្រទេសនៃអាស៊ាន និងដៃគូពាណិជ្ជកម្ម មានចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងញូវសេឡែន។
RCEP កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា ចិន បានចូលជាធរមានរួចហើយ នៅដើមឆ្នាំ២០២២នេះ ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា កូរ៉េខាងត្បូង អាចនឹងចូលជាធរមានឆាប់ៗនេះ។
របាយការណ៍របស់World Bank ក៏បានព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនចន្លោះពី៣,៨ភាគរយនៅឆ្នាំនេះ និងកើនឡើងដល់៤,៥ភាគរយក្នុងឆ្នាំ២០២២ខាងមុខ៕