ក្រសួង​សេដ្ឋកិច្ច៖ កម្ពុជា​បន្ត​អនុវត្តន៍​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​ដើម្បីរក្សា​កំណើនសេដ្ឋកិច្ច

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​បន្ត​អនុវត្តន៍​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​ដោយ​ប្រុងប្រយ័ត្ន និង​ការប្រកាន់យក​នូវ​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ គោលនយោបាយ​រូបិយវត្ថុ​ដើម្បី​ជំរុញ​កំនើនសេដ្ឋកិច្ច និង​បរិយាកាស​វិនិយោគ​កាន់តែ​ល្អប្រសើរ។

យោងតាម​គោលនយោបាយ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​បានចែង​ក្នុង យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤នេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ប្តេជ្ញា​កែលម្អ​បរិយាកាស​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​ស្ថិរភាព​ល្អប្រសើរ​ផ្នែក​ម៉ាក្រូសេដ្ឋកិច្ច ការកែលម្អ​បរិយាកាស​ធុរកិច្ច និង​ការរៀបចំ​មូលដ្ឋាន​ចាំបាច់ ដើម្បី​ធានា​ការប្រកួតប្រជែង​ដោយ​ស្មើរ​ភាព នឹង​ការបន្ត​អនុវត្តន៍​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច ដោយ​ប្រុងប្រយ័ត្ន ការប្រកាន់យក​នូវ​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ គោលនយោបាយ​រូបិយវត្ថុ និង​ការកែទម្រង់​រចនាសម្ព័ន្ធ ដែលមាន​លក្ខណៈ​បុ​រេ​សកម្ម​ដោយ​ប្រយ័ត្នប្រយែង ដើម្បី​ធានាបាន​នូវ​ស្ថិរភាព​កំណើន អតិផរណា​ទាប ស្ថិរភាព​អត្រា​ប្តូរប្រាក់ និង​ជម្រុញ​ដល់​ការវិនិយោគ​ជាដើម។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​រៀបចំ​យន្តការ​គ្រប់គ្រង​វិបត្តិ និង​ហា​នី​ភ័យ​ផ្នែក​សេដ្ឋកិច្ច ដែល​អាច​កើនឡើង​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ ទាំង​វិស័យ​ធនាគារ និង​វិស័យ​មិនមែន​ធនាគារ វិស័យ​អ​ចនទ្រ​ព្យ និង​វិស័យ​ដ៏ទៃទៀត ជាពិសេស​ការ​ជម្រុញ​រៀបចំ​កំណែទម្រង់​ប្រព័ន្ធ​ពន្ធដារ ក្នុង​គោលដៅ​បង្កើន​ប្រសិទ្ធភាព​ចំណូល​ថវិការ​ជាតិ និង​ការបន្ត​សម្រួល​ដល់​ផ្នែក​ពាណិជ្ជកម្ម ការកែសម្រួល​ត្រួតពិនិត្យ​តាម​ព្រំដែន​ឲ្យ​ស្ថិតក្នុង​កម្រិត​អប្បបរមា និង​ការកាត់បន្ថយ​នូវ​នីតិវិធីផ្សេងៗជា​ចាំបាច់ ដែលជា​ឧបសគ្គ​ដល់​ការធ្វើ​ពាណិជ្ជកម្ម។

យោងតាម​ការវាយតម្លៃ​របស់​ក្រុម​បេសកម្ម​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (Article IV)កាល​ពេលថ្មីៗនេះ បាន​បង្ហាញថា សេដ្ឋកិច្ចកម្ពុជា​មាន​ភា​ព​ល្អប្រសើរ ដោយបាន​ជម្រុញ​កំណើនសេដ្ឋកិច្ច ស្ថិតក្នុង​អត្រាកំនើន៧,២៥ភាគរយ​នៅ​ឆ្នាំ២០១៨នេះ និង​អត្រា​អតិផរណា​មាន​កម្រិត​ទាប​ត្រឹម២,៥ភាគរយ ស្របពេល​វិស័យ​សារពើពន្ធ​មាន​មូលដ្ឋាន​រ៉ឹង​មាំ ជាពិសេស​គឺ​ការប្រមូល​ចំណូល និង​ការគ្រប់គ្រង​បំណុល​សាធារណៈ​បានល្អ​ប្រសើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here