ដោយៈសុផារី
បាងកកៈ រដ្ឋបាលក្រុងបាងកក (BMA) ដែលជាប្រតិបត្តិកររថភ្លើងលើអាកាស BTS កំពុងតែរងបណ្តឹង ដោយសារបានជំពាក់ថ្លៃប្រតិបត្តិការ និងការថែទាំរបស់ក្រុមហ៊ុន Bangkok Mass Transit System Plc (BTSC) ចំនួនជិត៣៨ពាន់លានបាត (ប្រហែល១,១ពាន់លានដុល្លារអាមេរិក)។
នេះបើតាមការឱ្យដឹងរបស់នាយកប្រតិបត្តិក្រុមហ៊ុន BTSC លោក Surapong Laoha-Unya បាននៅចុងសប្តាហ៍នេះ។
ប្រភពពីសារព័ត៌មានបាងកកបុស្តិ៍បានឱ្យដឹងថា គិតត្រឹមខែមីនា ឆ្នាំ២០២២ បំណុល ដែលរដ្ឋបាលក្រុងបាងកកបានជំពាក់ សម្រាប់ប្រតិបត្តិការរថភ្លើងលើអាកាស BTS សម្រាប់ប្រតិបត្តិការ មានប្រមាណ៥៣៦លានដុល្លារអាមេរិក និងថែរទាំប្រមាណ៥៩៦លានដុល្លារអាមេរិក។
ក្រុមហ៊ុន BTSC ធ្លាប់បានដាក់បណ្តឹងសាលាក្រុងបាងកក និងក្រុមហ៊ុនបុត្រសម្ព័ន្ធ Krungthep Thanakhom (KT) ម្តងរួចហើយ ពាក់ព័ន្ធនឹងការដោះស្រាយបំណុល ចំនួន១២ពាន់លានបាត លើថ្លៃប្រតិបត្តិការបន្ថែមលើខ្សែបៃតង និងការចំណាយពាក់ព័ន្ធផ្សេងទៀតចាប់តាំងពីខែមេសា ឆ្នាំ២០១៧មកម្លេះ។
លោក Surapong បាននិយាយថា ក្រុមហ៊ុនរបស់លោកបានត្រៀមខ្លួន ក្នុងការដាក់ពាក្យបណ្តឹងមួយទៀត ដើម្បីដោះស្រាយបំណុលបន្ថែមចំនួនជាង២០ពាន់លានបាត។
រដ្ឋបាលក្រុងបាងកក (BMA) ក៏មិនទាន់បានទូទាត់ប្រាក់ចំនួន៥៥ពាន់លានបាត (ប្រហែល១,៦ពាន់លានដុល្លារអាមេរិក) ដែលដើមឡើយបានជំពាក់ក្រុមហ៊ុន Bangkok Mass Transit System Plc (BTSC) សម្រាប់ថ្លៃវិស្វកម្មសំណង់ស៊ីវិលនៃគម្រោងផ្លូវដែករដ្ឋ។ គ្រាន់តែការប្រាក់នៃបំណុលនេះ បានកើនឡើងដល់ប្រហែល១០ពាន់លានបាត (ប្រហែល២៩៨លានដុល្លារអាមេរិក)៕