ដោយៈ សុផារី
ភ្នំពេញៈ ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣(AMRO)) បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនស្តីពី ទស្សនវិស័យសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន+៣ (AREO) សម្រាប់ឆ្នាំ២០២២។
AMRO បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាគឺមានសញ្ញាល្អ ដោយផលទុនជាតិសរុបរបស់ប្រទេសនេះរំពឹងថា នឹងកើនឡើង៦,១ភាគរយនៅឆ្នាំ២០២៣ ដោយនៅពីក្រោយប្រទេសជិតខាងក្នុងតំបន់គឺហ្វីលីពីន ដែលមានកំណើន៦,៥ភាគរយ និងប្រទេសវៀតណាម ដែលមានកំណើន៧ភាគរយ។
របាយការណ៍ក៏បានព្យាករណ៍កំណើនសេដ្ឋកិច្ច ក្នុងប្រទេសអាស៊ាន+៣ ដោយបង្ហាញថា ស្ថិតនៅ៤,៧ភាគរយនៅឆ្នាំ២០២២នេះ និង៤,៦ភាគរយនៅឆ្នាំ២០២៣ ចំណែកបណ្តាប្រទេសជាសមាជិកអាស៊ាន ស្ថិតនៅ៥,១នៅក្នុងឆ្នាំ២០២២ និង៥,២ភាគរយនៅក្នុងឆ្នាំ២០២៣។
លោក Hoe Ee Khor ប្រធានសេដ្ឋវិទូនៃការិយាល័យ AMRO បានមានប្រសាសន៍ថា “នៅពេលឈានចូលឆ្នាំ២០២២ តំបន់អាស៊ាន ទទួលបានមូលដ្ឋានខ្លះៗហើយ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ហើយឥឡូវនេះ យើងនៅទន្ទឹងរង់ចាំការបើកចំហពេញលេញ និងការងើបឡើងវិញនៃសេដ្ឋកិច្ចដ៏រឹងមាំ”។
លោកបានបន្តថា “សម្រាប់សេដ្ឋកិច្ចអាស៊ាន កង្វល់ដ៏ធំបំផុតនោះគឺថា ការប្រើប្រាស់ធនធានសារពើពន្ធយ៉ាងច្រើន ក្នុងការគាំទ្រជំងឺរាតត្បាត និងគាំទ្រការងើបឡើងវិញនៃសេដ្ឋកិច្ច ដែលមានន័យថា នៅពេលខាងមុខ រដ្ឋាភិបាលនានា នឹងមិនអាចមានធនធានគ្រប់គ្រាន់ សម្រាប់ការវិនិយោគសាធារណៈ ជាពិសេសផ្នែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា”។
របាយការណ៍បានឱ្យដឹងថា ប្រទេសដែលមានគម្លាតផ្នែកហេដ្ឋារចនាសម្ព័ន្ធខ្លាំងជាងគេ ត្រូវបានគេរំពឹងថា នឹងទទួលរងពីកង្វះខាតការវិនិយោគច្រើនបំផុត។ វេទិកាសេដ្ឋកិច្ចពិភពលោកចាត់ចំណាត់ថ្នាក់ ប្រទេសកម្ពុជាមានគម្លាត ផ្នែកហេដ្ឋារចនាសម្ព័ន្ធធំជាងគេទីបីនៅក្នុងតំបន់ ដោយតាមពីក្រោយប្រទេសមីយ៉ាន់ម៉ា និងឡាវប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ នេះមិនចោទជាបញ្ហា សម្រាប់ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសកម្ពុជានោះទេ ដោយសារគម្រោងកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ផ្លូវល្បឿនលឿន អាកាសយានដ្ឋាននានា ព្រមទាំងគម្រោងនានា បន្តដំណើរការទៅតាមការគ្រោងទុកជាធម្មតា។
លោក Khor បាននិយាយថា ការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងតំបន់ នឹងជួយដល់ការវិលត្រឡប់របស់ភ្ញៀវទេសចរចិន ខណៈពេលការរាតត្បាតខ្លាំង នៅក្នុងប្រទេសចិននាពេលថ្មីៗនេះ បាននិងកំពុងរឹតបន្តឹងការគ្រប់គ្រងព្រំដែន អ្នកទេសចរចិនបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើដំណើរកំសាន្តឡើងវិញ។
លោកបានមានប្រសាសន៍ថា “ការស្ទង់មតិបង្ហាញថា អ្នកទេសចរចិនចង់ធ្វើដំណើរម្តងទៀត ក្នុងរយៈពេលជាច្រើនខែ នៅពេលដែលប្រទេសចិនអាចបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើររបស់ខ្លួន” ។
របាយការណ៍ឱ្យដឹងទៀតថា ប្រទេសកម្ពុជាអាចទទួលបានអត្ថប្រយោជន៍ ពីកំណើននៃពាណិជ្ជកម្មអេឡិចត្រូនិក និងសេវាកម្មឌីជីថល ក៏ដូចជានិន្នាការកាន់តែខិតជិត ដែលនឹងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គ ង់ក្នុងតំបន់អាស៊ាន ជាពិសេសតាមរយៈកិច្ចព្រមព្រៀង RCEP តាមរយៈការកាត់បន្ថយពន្ធគយ សេរីភាវូបនីយកម្ម ពាណិជ្ជកម្ម សេវាកម្ម ការចល័តកម្លាំងពលកម្ម និងការរីកចម្រើននៃពាណិជ្ជកម្មអេឡិចត្រូនិក និងពាណិជ្ជកម្មឌីជីថល៕