ការចំណាយរបស់ប្រជាជនកម្ពុជាកំឡុងបុណ្យចូលឆ្នាំខ្មែរ ជាសញ្ញាវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជា

0

ដោយៈសុផារី

ភ្នំពេញៈ តាមរយៈស្ថិតិក្រសួងទេសចរណ៍បានឱ្យដឹងថា ក្នុងកំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ និងថ្ងៃអាទិត្យ១ថ្ងៃទៀត នៃឆ្នាំ២០២២នេះ ភ្ញៀវទេសចរសរុបចំនួនជាង៥លាននាក់ បានធ្វើដំណើរកំសាន្តនៅតាមតំបន់ទេសចរណ៍នានា នៅទូទាំងប្រទេសកម្ពុជា។

នេះជាចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ មិនធ្លាប់មានកន្លងមកចាប់តាំងពីប្រទេសកម្ពុជាប្រឈមនឹងវិបត្តិជំងឺឆ្លង។ អ្នកជំនាញ អាជីករនានា និងប្រជាជនកម្ពុជា បានសម្តែងភាពរីករាយ និងបង្ហើបថា ការចំណាយនៅក្នុងកំឡុងរដូវកាលបុណ្យនេះ មានការកើនឡើងច្រើន ដែលជាសញ្ញាវិជ្ជមាន ដល់ដំណើរការនិងចរន្តសេដ្ឋកិច្ចក្នុងស្រុកយ៉ាងខ្លាំង។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា បានមានប្រសាសន៍តាមប្រព័ន្ធទូរស័ព្ទ នៅព្រឹកថ្ងៃទី១៨ ខែមេសានេះថា ដោយសាររដ្ឋាភិបាលបានបិទ មិនឲ្យមាន​ការរៀបចំសង្ក្រាន្តពីរឆ្នាំកន្លងមក ទើបនៅក្នុងឆ្នាំ២០២២ ប្រជាជនកម្ពុជាបានដើរកំសាន្តយ៉ាងគក្រឹកគគ្រេង ការចំណាយក៏មានការកើនឡើងខ្ពស់ នឹកស្មានមិនដល់ ជាពិសេសនៅតាមគោលដៅទេសចរណ៍ សំខាន់ៗរបស់កម្ពុជា មានកំណើនភ្ញៀវទៅលេងច្រើន ។

លោកបណ្ឌិត បានគូសបញ្ជាក់ថា “យើងមិននឹកស្មានដល់ថា ឆ្នាំនេះ ស្របពេលដែលសាំងឡើងថ្លៃ និងកូវីដ១៩ នៅបន្តក្តី បែរជាការចូលរួមកំសាន្តនិងសប្បាយរីករាយច្រើននឹកស្មានមិនដល់”។

លោកបណ្ឌិតថា “ដោយសារនេះ ជាប្រពៃណីរបស់ខ្មែរយើង ដែលបង្ហាញពីលទ្ធភាព នៃការចំណាយរបស់ប្រជាជនយើង នាំឱ្យចរន្តសេដ្ឋកិច្ចដំណើរការយ៉ាងរស់រវើកនៅក្នុងដើមត្រីមាសទី២ ឆ្នាំ២០២២នេះ”។

លោកបណ្ឌិតបន្តដោយសុទិដ្ឋិនិយមថា “ប្រសិនបើស្ថានភាពល្អប្រសើ​របែបនេះ នៅតែបន្តទៅមុខទៀតនោះ ខ្ញុំអាចនិយាយបានថា ពេញឆ្នាំ២០២២នេះ អាចនឹងមានចលនាសេដ្ឋកិច្ចសង្គម នឹងកម្រើកមួយជំហានធំទៀត”។ លោកបន្តថា “ប្រសិនបើមិនមានអ្វីកើតឡើងទេ នោះក្នុងឱកាសនៃបុណ្យភ្ជុំបិណ្ឌខាងមុខ សន្ទុះនៃការដើរកំសាន្តរបស់ប្រជាពលរដ្ឋ នឹងមានច្រើនដូចក្នុងកំឡុងពេលបុណ្យចូលឆ្នាំ ឬអាចមានការកើនឡើងផងដែរ”។

បើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ និងថ្ងៃអាទិត្យ១ថ្ងៃទៀត ចាប់ពីថ្ងៃទី១៤-១៧ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួន៥.១៧៥.៧៥៤នាក់ ក្នុងនោះមានភ្ញៀវជាតិ៥.១៤០.៤៩៥នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៣៥.២៥៩នាក់។

លោករដ្ឋមន្ត្រីបានឱ្យដឹងថា ចំនួនភ្ញៀវទេសចរប្រមាណជាង៥លាន១៧ម៉ឺននាក់ក្នុងរយៈពេល៤ថ្ងៃនេះ គឺជាចំនួនមួយដ៏ច្រើនលើសពីការរំពឹងទុក និងជាចំនួនខ្ពស់មែនទែន ចាប់តាំងពីរាជរដ្ឋាភិបាលបានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍នាអំឡុងខែធ្នូ ឆ្នាំ២០២១”។

លោក សារុន ម្ចាស់ភោជនីយដ្ឋានមួយកន្លែង មានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៦A បានមានប្រសាសន៍ថា “បើធៀបនឹងឆ្នាំមុនៗ ឆ្នាំនេះ មានប្រជាជនធ្វើដំណើរកំសាន្តច្រើនណាស់ គឺមកទាំងឡានៗ ជាលក្ខណៈគ្រួសារផង និងតាមរថយន្តទេសចរណ៍ដឹកអ្នកដំណើរផង”។

លោកបានបន្តថា ក្នុងម្នាក់ៗចំណាយយ៉ាងតិច ក៏ម្នាក់១ទៅ២ម៉ឺនរៀលដែរ លើការឈប់សម្រាកបរិភោគអាហារ ពេលឆ្លងកាត់ហាងរបស់លោក ដោយនៅមិនទាន់រាប់បញ្ចូល ការទិញរបស់របរផ្ញើរទៅកាន់ផ្ទះនៅឡើយ។

និយាយដោយទឹកមុខញញឹមតិចៗ លោកបានសម្តែងការរីករាយ ដោយសារការលក់ដាច់ច្រើន មិនធ្លាប់មានពីមុនមក ចាប់តាំងពីមានកូវីដ១៩មក ដោយលោកថា ”ខ្ញុំលក់ដាច់គ្រាន់បើឆ្នាំនេះ ហើយរវល់ស្ទើរដកដៃមិនរួច”។

អ្នកស្រី ហ៊ាង លក្ខិណា អាជីវករលក់សម្លៀកបំពាក់នៅក្នុងផ្សារមួយកន្លែងនៅក្នុងស្រុកក្រូចឆ្នារ ខេត្តត្បូងឃ្មុំ ក៏បានសម្តែងភាពរីករាយ ដោយ​សារតែអ្នកស្រី បានលក់សម្លៀកបំពាក់ដាច់ខ្លាំង នៅមុននិងក្នុងកំឡុងបុ  ណ្យចូលឆ្នាំខ្មែរ។

អ្នកស្រីបាននិយាយថា “ខ្ញុំទៅលក់ទាំងមុន និងក្នុងកំឡុងចូលឆ្នាំ ដោយមិនមានឈប់សម្រាកឡើយ ដោយសារតែមានភ្ញៀវដើរទិញមួយៗ ឥតដាច់ទេ”។

អតិថិជនរបស់អ្នកស្រីភាគច្រើនជាស្រ្តី ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ដោយអ្នកស្រីបានបញ្ជាក់ថា ក្នុងម្នាក់ៗ យ៉ាងហោចណាស់ ទិញសម្លៀកបំពាក់២កំប្លេរ និងចំណាយជាមធ្យមប្រហែលជា៤ទៅ៦ម៉ឺនរៀល។

ចំណែក ប្រជាជននៅក្នុងក្រុងភ្នំពេញ ដែលបានធ្វើដំណើរត្រលប់ទៅកាន់ស្រុកកំណើតនៅក្នុងខេត្តត្បូងឃ្មុំ លោកបស់ លាងហេង បានមានប្រសាសន៍នៅថ្ងៃទី១៧ ខែមេសាថា លោកចំណាយច្រើនណាស់នៅក្នុងឆ្នាំនេះ ទាំងលើការធ្វើដំណើរ ការហូចចុក របស់របរផ្ញើរទៅកាន់ផ្ទះសម្បែង ។ល។

លោកថា “គ្រាន់តែមួយថ្ងៃដំបូង ខ្ញុំចាយអស់ជាង១០០ដុល្លារទៅហើយ នេះមិនទាន់គិតថ្លៃសាំង និងរបស់របរកំប៉ិចកំប៉ុកនៅឡើយទេ”។

យ៉ាងណាក្តី លោកបញ្ជាក់ថា “ការចំណាយបែបនេះ មិនជាថ្វីឡើយ ព្រោះត្រលប់ទៅផ្ទះយូរម្តងៗ ហើយនេះជារដូវកាលបុណ្យទាន អញ្ចឹងត្រូវតែចំណាយស្រាប់ហើយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here