ដោយៈសុខុម
ប៉េកាំង: ទិន្នន័យផ្លូវការបង្ហាញនៅថ្ងៃច័ន្ទ ទី១៨ មេសា នេះថា សេដ្ឋកិច្ចរបស់ប្រទេសចិន បានរីកចម្រើនលឿនជាងការរំពឹងទុក នៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២២ នេះជាមួយនឹងកំណើនផលទុនជាតិសរុប (GDP) ៤,៨%។
ទោះជាយ៉ាងណា ហានិភ័យនៃការធ្លាក់ចុះយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះបានកើនឡើង ខណៈវិធានការដ៏តឹងរ៉ឹងនៅក្នុងការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរ។
យោងតាមការស្ទង់មតិដែលទីភ្នាក់ងារព័ត៌មាន Reuters បានធ្វើឡើងទៅលើក្រុមអ្នកវិភាគបង្ហាញថា GDPរបស់ចិនត្រូវបានព្យាករថា នឹងទទួលបានកំណើន៤,៤%ធៀបនឹងឆ្នាំ២០២១ ដោយកើនឡើងពី៤,០%នៅក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២១។ ់
លោក ZHANG ZHIWEI អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់នៅក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម PINPOINT ASSET MANAGEMENT មានមូលដ្ឋាននៅក្រុងស៊ឹនជិន (SHENZHEN) បានលើកឡើងថា “កំណើន GDP ត្រីមាសទី១ គឺរឹងមាំ ប៉ុន្តែសេដ្ឋកិច្ចរបស់ប្រទេសចិន មានសន្ទុះយឺតខ្លាំងក្នុងខែមីនា ដោយសារ ការផ្ទុះឡើងនូវការរីករាលដាលវីរុសកូវីដ-១៩ រលកថ្មីក្នុងទីក្រុងជាច្រើន។ តម្រូវការប្រើប្រាស់បានធ្លាក់ចុះ ដែលធ្វើឱ្យប៉ះពាល់ដល់ការលក់រាយ អត្រាគ្មានការងារធ្វើ នៅក្នុងទីក្រុងចំនួន៣១បានកើនឡើងដល់៦% ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៨មក។ នេះសរបង្ហាញឱ្យឃើញថា បញ្ហាគ្មានការងារធ្វើ នៅក្នុងទីក្រុងធំៗកាន់តែធ្ងន់ធ្ងរ ជាងពេលផ្ទុះវីរុសកូវីដ-១៩ ក្នុងឆ្នាំ២០២០ ទៅទៀត”។
ទន្ទឹមនេះ លោក LI WEI អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់មកពីក្រុមហ៊ុនផ្ដល់សេវាធនាគារ និងហិរញ្ញវត្ថុអង់គ្លេស STANDARD CHARTERED មានមូលដ្ឋាននៅក្រុងសៀងហៃ បានលើកឡើងថា “GDP ប្រឈមហានិភ័យធ្លាក់ចុះ នៅក្នុងត្រីមាសទី២ ខណៈការផ្ទុះការរីករាលដាលវីរុសកូវីដ-១៩ និងការបិទខ្ទប់បន្តបង្កផលប៉ះពាល់ធ្ងន់ធ្ងរ”។
ចំណែកឯលោក MARCO SUN អ្នកវិភាគជានខ្ពស់ផ្នែកទីផ្សារហិរញ្ញវត្ថុ ប្រចាំធនាគារធំបំផុតរបស់ជប៉ុន MUFG មានមូលដ្ឋាននៅក្រុងសៀងហៃបានលើកឡើងថា “ដោយសារគោលដៅកំណើន GDP របស់ប្រទេសចិន សម្រាប់ឆ្នាំ២០២២ មានប្រមាណ៥,៥% យើងឃើញកត្តាជំរុញជាច្រើនដែលជួយសេដ្ឋកិច្ចក្នុងខែមករា និងខែកុម្ភៈ។
លោកបន្តថា “ផលប៉ះពាល់មកលើសេដ្ឋកិច្ចក្នុងខែមីនា ដែលបង្កឡើងដោយសារកូវីដ-១៩ បានកើតឡើងយឺត។ ប្រហែលជាផលប៉ះពាល់ខ្លះនឹងបង្ហាញនៅក្នុងស្ថិតិត្រីមាសទី២”។ លោកបន្ថែមថា “ទោះជាយ៉ាងណា ខ្ញុំឃើញថា ក្រុមអ្នកបង្កើតគោលនយោបាយចិន នឹងពន្លឿនការចំណាយសារពើពន្ធ ហើយបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុបន្ថែមទៀត។ វិធានការទាំងនេះអាចជួយជំរុញកំណើន GDP”៕ Reutters៕