ដោយៈសុខុម
អន្តរជាតិ: ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រាប់ក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ពិភពលោកថា ប្រទេសរបស់លោក ត្រូវការជំនួយរហូតដល់ទៅ៧ពាន់លានដុល្លារអាមេរិក ជារាល់ខែ រហូតដល់រដូវក្តៅដើម្បីទប់សេដ្ឋកិច្ចកុំឱ្យដួលរលំ។
លោកក៏បានគូសបញ្ជាក់ដែរថា “យើងក៏នឹងត្រូវការជំនួយរាប់រយពាន់លានដុល្លារអាមេរិក បន្ថែមទៀតផងដែរ សម្រាប់កសាងប្រទេសឡើងវិញជាក្រោយ”។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃសុក្រ ទី២២ ខែមេសា នេះ។
លោកបានថ្លែងបែបនេះ ទៅកាន់សន្និសីទមួយដែលរៀបចំឡើងដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (World Bank) តាមរយៈ Video Link ពីរដ្ឋធានីគៀវ ប្រទេសអ៊ុយក្រែន។
ធនាគារពិភពលោកបានប៉ាន់ប្រមាណថា គិតមកទល់ពេលនេះ ប្រទេសអ៊ុយក្រែន បានទទួលរងការខូចខាតជារូបវ័ន្ត ប្រមាណ៦០ពាន់លានដុល្លារអាមេរិកហើយ។
លោក Zelensky ក៏បាននិយាយដែរថា សហគមន៍ពិភពលោក ចាំបាច់ត្រូវដកប្រទេសរុស្ស៊ី ចេញពីបណ្ដាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ រួមទាំងធនាគារពិភពលោក មូលនិធិIMF និងស្ថាប័នផ្សេងៗទៀតជាបន្ទាន់។
លោកបានបន្ថែមថា គ្រប់ប្រទេសទាំងអស់ “ត្រូវត្រៀមខ្លួនភ្លាមៗដើម្បីកាត់ផ្ដាច់ទំនាក់ទំនងទាំងអស់ជាមួយរុស្ស៊ី”។
នៅពេលសួរថាតើមូលនិធិ IMF នឹងមានលទ្ធភាពរកបានភ្លាមៗនូវមូលនិធិដែលអ៊ុយក្រែន ត្រូវការច្រើនដល់ម៉្លឹង ឬយ៉ាងណា នាយកគ្រប់គ្រងមូលនិធិនេះលោកស្រី Kristalina Georgieva បានប្រាប់សារព័ត៌មានBBCថា “យើងរកបានសម្រាប់ខែទី១ និងខែទី២។ ហើយយើងជឿថា ចំនួននេះនឹងធ្លាក់ចុះបន្តិចៗម្ដង នៅពេលសេដ្ឋកិច្ចអ៊ុយក្រែន ក្នុងផ្នែកនៃប្រទេសនេះ ដែលមិនស្ថិតនៅក្រោមការកាន់កាប់របស់រុ ស្ស៊ី រើបឡើងវិញ”។
ទន្ទឹមនេះ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen និយាយថា ត្រូវចាប់បង្ខំប្រទេសរុស្ស៊ី ឱ្យទទួលខុសត្រូវចេញថ្លៃចំណាយខ្លះ សម្រាប់ការកសាងប្រទេសអ៊ុយក្រែន ឡើងវិញក្រោយសង្គ្រាមបញ្ចប់។
លោកគូសបញ្ជាក់ថា ការប្រើប្រាស់ទុនបម្រុងអន្តរជាតិរបស់ធនាគារកណ្តាលរុស្ស៊ី ដែលត្រូវបានរឹបអូសបាន នៅក្នុងសហរដ្ឋអាមេរិក ទុកសម្រាប់កសាងប្រទេសអ៊ុយក្រែនឡើងវិញ នឹងក្លាយជា “ជំហានដ៏សំខាន់” ដែលត្រូវការការពិភាក្សា និងកិច្ចព្រមព្រៀងជាមួយបណ្ដាដៃគូអន្តរជាតិ។
នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal ដែលបានចូលរួមសន្និសីទដោយផ្ទាល់និយាយថា ផលទុនជាតិសរុប (GDP) របស់អ៊ុយក្រែន អាចនឹងដាំក្បាលចុះរហូតដល់ទៅ៥០% ដោយការខាតបង់ទាំងផ្ទាល់ និងប្រយោលរហូតមកដល់ពេលនេះ មានចំនួនសរុប៥៦០ពាន់លានដុល្លារអាមេរិកហើយ។
យោងតាមធនាគារពិភពលោកបង្ហាញថា តួលេខនោះគឺច្រើនជាង៣ដងបើធៀបនឹង GDPរបស់អ៊ុយក្រែន ដែលសម្រេចបាន១៥៥,៥ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០៕ BBC៕