គម្រោងអភិវឌ្ឍចំណតផែរណបពហុបំណង TS១១ តម្លៃ ១២លានដុល្លារអាមរិក សម្រេចបានប្រមាណ៨៥ភាគរយហើយ”

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ការវិនិយោគដើម្បីធ្វើឲ្យប្រសើរឡើង នូវប្រព័ន្ឋដឹកជញ្ជូនតាមផ្លូវទឹក ពិសេសគំរោងចំណតផែរណប ពហុបំណងរបស់កំពង់ផែស្វ័យ័ត្នក្រុងភ្នំពេញសម្រេចបាន វឌ្ឍនភាពការងារបានប្រមាណ ៨៥%ហើយ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព ការងារសាងសង់កំពង់ផែរណបពហុបំណង TS១១ របស់កំពង់ផែស្វយ័តភ្នំពេញ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ គីឡូម៉ែត្រ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាភិបាល មន្រ្តី បុគ្គលិក កម្មករ។

ថ្លែងទៅកាន់អង្គពិធីនាពេលនោះ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនថា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការសិក្សា ពីការស្ដារផ្លូវទឹកនៅតាមទន្លេបាសាក់ ពីព្រែកអំបិល ទៅខេត្តតាកែវ កំពត កែប មានចម្ងាយ១៦៨គីឡូម៉ែត្រ ហើយក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការសិក្សាការស្ដារផ្លូវទឹក និងពិនិត្យមើលលទ្ធភាពធ្វើផ្លូវទឹកនេះថាធ្វើបាន ឬមិនបាន។

លោកគូសបញ្ជាក់ថា “ការរៀបចំផែនការស្ដារផ្លូវទឹក និងការសាងសង់ផែរណបបន្ថែមនេះ គឺជាទិសដៅមួយដែលមានសារៈសំខាន់ណាស់ ក្នុងការធ្វើឱ្យចម្ងាយដឹកជញ្ជូនពីគ្រប់ផ្លូវទន្លេ ទៅកាន់សមុទ្រកម្ពុជាកាន់តែខ្លី កាត់បន្ថយពេលវេលា និងចម្ងាយដឹកជញ្ជូន ចំណេញថវិកាក្នុងការដឹកជញ្ជូន កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងសម្ពាធនៃការប្រើប្រាស់ផ្លូវ ព្រមទាំងបង្កើនសកម្មភាពដឹកជញ្ជូនតាមផ្លូវទឹកកាន់តែច្រើនផងដែរ”។

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ចំណតផែរណបពហុបំណង TS១១ គឺជាការវិនិយោគ រវាងកំពង់ផែស្វយ័តភ្នំពេញ (ភាគទុន៥១%) និងក្រុមហ៊ុន PTLS Co., LTD (ភាគទុន៤៩%) ដោយចំណាយទឹកប្រាក់សាងសង់ប្រមាណ១២លានដុល្លារអាមេរិក។ គិតមកដល់ពេលនេះ ការសាងសង់សម្រេចបានជារួមប្រមាណ ៨៥% ដោយគ្រោងបញ្ចប់ការសាងសង់នៅចុងខែមិថុនា និងបើកឱ្យដំណើរការប្រើប្រាស់កំឡុងខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ដែលអាចផ្ទុកទំនិញបានពី៦ម៉ឺន ទៅ៩ម៉ឺន TEUs ក្នុង១ឆ្នាំ។

លោកស៊ុន ចាន់ថុល បានបន្ថែមទៀតថា ការរៀបចំផែនការស្ដារផ្លូវទឹកទន្លេបាសាក់ ក៏ដូចជា ការរៀបចំរបស់កំពង់ផែស្វយ័តភ្នំពេញ គឺជាជំហានមួយដែលជួយបង្កើន ការដឹកជញ្ជូននៅតាមផ្លូវទឹកឱ្យបានច្រើន ហើយការសាងសង់ពង្រីកផែរណបមួយចំនួនទៀតនេះគឺ ជាជំហានដ៏ធំមួយដែលជួយបង្កើនការដឹកជញ្ជូនតាមផ្លូវទឹកឱ្យបានច្រើន និងពង្រីកវិស័យភស្តុភារកម្មរបស់កម្ពុជាឱ្យមានប្រសិទ្ធភាពខ្ពស់ ផងដែរ។

គម្រោងប្រព័ន្ធផ្លូវទឹក និងភស្តុភារកម្មទន្លេបាសាក់ នឹងផ្តល់អត្ថប្រយោ​ជន៍យ៉ាងច្រើនដល់ការអភិវឌ្ឍពហុវិស័យ ដូចជា លើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនអន្តរកម្មដែលចុះសម្រុងគ្នា និងរួមបញ្ចូលគ្នាជាមួយមជ្ឈមណ្ឌលដឹកជញ្ជូន តំបន់ពាណិជ្ជកម្ម កសិកម្ម ប្រព័ន្ធធារាសាស្រ្ត ឧស្សាហកម្ម ទេស​ចរណ៍ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម។

គម្រោងនេះក៏នឹងជួយជំរុញ និងពន្លឿនការអភិវឌ្ឍនគរូបនីយកម្មទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធជនបទ ឆ្ពោះទៅរកការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននៅកម្ពុជានិរន្តរភាព កំណើនម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេស ព្រមទាំងពន្លឿនការកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនកម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here