ដោយ គង់ សូរិយា
ភ្នំពេញ៖ ក្រសួងពាក់ព័ន្ធចំនួន៣ នឹងបន្តលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម ក្នុងទិសដៅជម្រុញការផលិតក្នុងស្រុកជំនួសការនាំចូល តាមរយៈការតភ្ជាប់សហគ្រាសធុនតូច និងមធ្យមទៅនឹងក្រុមហ៊ុនវិនិយោគផ្ទាល់ពីបរទេស និងជម្រុញការនាំចេញផលិតផលមានសក្តានុពលជាដើម។
យោងតាមឯកសារពាក់ព័ន្ឋ នឹងយុទ្ឋសាស្ត្រចតុកោណដំណាក់កាលទី៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញនូវគោលនយោបាយ និងវិធានការក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ គឺការបន្តពង្រីកសហគ្រាសធុនតូច និងមធ្យម ជាពិសេស ការបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យម ក្នុងគោលដៅផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងការជម្រុញរៀបចំនិងអនុវត្តន៍ជម្រើសហិរញ្ញប្បទាននានា រួមទាំងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួមផងដែរ។
ក្រសួងបីគ្រោងសហការគ្នានេះរួមមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រសួងផែនការ។
ឯកសារគោកនយោបាយដដែលបានឲ្យដឹងថា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក៏បានបង្ហាញពីការបន្ត អភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ដើម្បីលើកកម្ពស់សហគ្រិនភាព និងសហគ្រាសបង្កើតថ្មី ក្នុងទិសដៅជម្រុញការផលិតក្នុងស្រុកជំនួសការនាំចូល ការតភ្ជាប់សហគ្រាសធុនតូច និងមធ្យមទៅនឹងក្រុមហ៊ុនវិនិយោគផ្ទាល់ពីបរទេស និងជម្រុញនាំចេញផលិតផលមានសក្តានុពល ជាពិសេសក្នុងវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងកសិឧស្សាហកម្មជាដើម។
ក្រៅពីគំរោងខាងលើនេះ ក្រសួងនឹងពង្រីកបន្ថែមការវិនិយោគលើហេដ្ឋារចនាស ម្ព័ន្ធគាំទ្រ ដូចជា មន្ទីរពិសោធន៍ ថ្នាក់ជាតិ ការកែលម្អកិច្ចសម្រួលពាណិជ្ជកម្ម ការកែលម្អប្រព័ន្ធឡូជីស្ទឹក ព្រមទាំងការបន្តលើកកម្ពស់ទឹកចិត្ត និងការទាក់ ទាញក្រុមអ្នកវិនិយោគទុន ដើម្បីបង្កើតចង្កោមសហគ្រាសធុនតូច និងមធ្យម និងការពង្រីកអនុលោមលក្ខខណ្ឌអនាម័យ ភូតគាមអនាម័យ និងស្តង់ដារ ព្រមទាំងការលើកកម្ពស់នវានុវត្តន៍ តាមរយៈការការពារកម្មសិទ្ធបញ្ញា និងការផ្តល់ប្រកាសនីយបត្រតក្កកម្មជាដើម។
ជាមួយគ្នានេះក្រសួងផែនការ នឹងត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងចាប់យកបដិវត្តន៍ឧស្សាហកម្មទី៤ ដែលតម្រូវឲ្យរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ ទាញយកកាលានុវត្តន៍សម្រាប់ជួយ អភិវឌ្ឍន៍សហ គ្រាសធុនតូច និងមធ្យម ដើម្បីជាឱកាសឈោងចាប់យកវិស័យសេដ្ឋកិច្ចថ្មីៗ ព្រមទាំងលើកកម្ពស់ផលិតភាព និងប្រសិទ្ធ ភាពក្នុងវិស័យសេដ្ឋកិច្ចជាតិ។
ប្រមុខរដ្ឋាភិបាលកាលពីដើមឆ្នាំនេះ បានប្រកាសវិនិយោគទឹកប្រាក់១០០លានដុល្លារអាមេរិក ដើម្បីបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យម ប៉ុន្តែរហូតមកទល់ពេលនេះ ធនាគារទាំងនេះមិនទាន់បើកដំណើរការនៅឡើយទេ។
លោកឧកញ៉ាតែ តាំងប៉ប្រធានសម្ព័ន្ឋសមាគមសហគ្រាសធុនតូច និងមធ្យមបានថ្លែងថា វិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាមានភាពរីកចម្រើនខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែសហគ្រាសភាគច្រើននៅជួបបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ ដើម្បីពង្រីកមូលដ្ឋានផលិតកម្មរបស់ពួកគេនៅឡើយ ដោយសារស្ថាប័នហិរញ្ញវត្ថុនានានៅតែមានការដាក់លក្ខខ័ណ្ឌតឹងរ៉ឹង ចំពោះការផ្តល់ឥណទានដល់សហគ្រាសទាំងនោះ៕