ឥណ្ឌាមិនខ្វល់ពីទណ្ឌកម្មលោកខាងលិច ហើយសម្ងំកើបលុយពីការ បង្កើនការទិញប្រេងថោកៗរបស់រុស្ស៊ី

0

ដោយ៖ សុខុម

ក្រុងឡុងដ៍: ប្រទេសឥណ្ឌាហាក់មិនខ្វល់សូម្បីតែបន្តិច ចំពោះការអំពាវនាវរបស់លោកខាងលិច ដែលសុំឱ្យដកខ្លួនចេញឆ្ងាយពីរដ្ឋាភិបាលក្រុងមូស្គូ បន្ទាប់ពីរុស្ស៊ីបញ្ឆេះសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន ហើយគិតតែសម្ងំសម្រុកបង្កើនការទិញប្រេងពីរុស្ស៊ី រហូតដល់ទ្វេដងបើធៀបនឹងឆ្នាំ២០២១។

មិនតែប៉ុណ្ណោះ រដ្ឋាភិបាលឥណ្ឌាថែមទាំងបានចេញមុខការពារចំណាត់ការទិញប្រេងពីរុស្ស៊ីទៀតផង ដោយលើកឡើងថា អ្វីដែលខ្លួនទិញពីរុស្ស៊ី ក្នុងរយៈពេលមួយខែ គឺមិនស្មើនឹងអ្វីដែលអឺរ៉ុបទិញពីរុស្ស៊ី ក្នុងពេលត្រឹមតែមួយថ្ងៃនោះឡើយ។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃពុធ ទី២៧ ខែមេសានេះ។

ហេតុអ្វីឥណ្ឌា សម្រុកទិញប្រេងពីរុស្ស៊ី កាន់តែច្រើន?

វាគ្មានអ្វីចម្លែកទេ នោះគឺរឿងផលចំណេញផ្នែកសេដ្ឋកិច្ច។ ប្រទេសឥណ្ឌា បានសម្ងំសម្រុកទិញប្រេងរុស្ស៊ី ដែលលក់បញ្ចុះតម្លៃថោកៗក្នុងគ្រា ដែលតម្លៃថាមពលទូទាំងពិភពលោកកំពុងហក់ឡើងឥតឈប់ឈរ។ នេះបានសេចក្ដីថា ឥណ្ឌាចំណេញកប់ក្ដោងពីការទិញប្រេងរុស្ស៊ី ហើយក៏ជាការបើកផ្លូវឱ្យរុស្ស៊ីមានដង្ហើមសេដ្ឋកិច្ច ខណៈរុស្ស៊ីទទួលរងទណ្ឌកម្មជុំទិស។

សហរដ្ឋអាមេរិក និយាយអំពីឥណ្ឌាទិញប្រេងរុស្ស៊ីថា ទោះបីជាការនាំចូលប្រេងទាំងនេះមិនបំពានទណ្ឌកម្មក៏ដោយ ក៏ “ការគាំទ្រប្រទេសរុស្ស៊ី គឺស្មើនឹងការគាំទ្រទង្វើឈ្លានពាន ដែលជាក់ស្តែងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ”។

រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Liz Truss ក៏បានជំរុញឱ្យឥណ្ឌាកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើរុស្ស៊ីផងដែរ អំឡុងដំណើរទស្សនកិច្ចទៅកាន់ក្រុងដេលី កាលខែមីនា ដែលបានកើតឡើងក្នុងពេលដំណាលគ្នានឹងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov។

លោក Sergei Lavrov បានប្រាប់សមភាគីឥណ្ឌាថា រុស្ស៊ីមានឆន្ទៈចង់ពិភាក្សាអំពីទំនិញ ដែលឥណ្ឌាចង់ទិញ ហើយបានជំរុញឱ្យទូទាត់ថ្លៃទំនិញជារូបិយប័ណ្ណ Rouble របស់រុស្សី។

បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសចិន ឥណ្ឌាគឺជាអ្នកប្រើប្រាស់ប្រេងធំជាងគេបំផុតទី៣ របស់ពិភពលោក ដោយ៨០%នៃតម្រូវការសរុបរបស់ខ្លួនត្រូវបានពីការនាំចូល។

ទោះជាយ៉ាងណា ក្នុងឆ្នាំ២០២១ ក្នុងចំណោមការនាំចូលប្រេងសរុបរបស់ខ្លួន គឺមានតែប្រមាណ២%ប៉ុណ្ណោះដែលនាំចូលពីប្រទេសរុស្ស៊ី។ នេះបើយោងតាមក្រុមសិក្សាស្រាវជ្រាវអំពីទំនិញ Kpler៕

LEAVE A REPLY

Please enter your comment!
Please enter your name here