តើវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជានៅបន្តមានភាពរឹងមាំពិតឬទេ?

0

ដោយ៖ សុផារី

 

ភ្នំពេញ៖  ការវិនិយោគរបស់បរទេស ត្រូវបានរំពឹងថា ចាប់ផ្តើមមានសញ្ញាប្រសើរឡើងវិញបណ្តើរៗ ក្រោយមានការបន្ធូរបន្ធយលក្ខខណ្ឌធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជា ជាបន្តបន្ទាប់។ ស្របពេលជាមួយគ្នានេះ នៅតាមបណ្តាប្រទេសវិនិយោគធំៗ នៅមិនទាន់មានការបើកចំហរសេដ្ឋកិច្ច និងលក្ខខណ្ឌនៃការធ្វើដំណើរចេញចូលនៅបន្តមានការរឹតត្បឹតយ៉ាងខ្លាំង។

ការណ៍នេះ ចង់ឬមិនចង់ កម្ពុជានឹងអាចនៅតែបន្តប្រឈមនឹងអត្រាទាបនៃលំហូរការវិនិយោគពីបរទេស ដែលជាផ្នែកមួយនឹងជំរុញកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាផងដែរ។ ដូច្នេះ តើបរិយាកាសវិនិយោគផ្ទាល់របស់បរទេសនៅក្នុងប្រទេសកម្ពុជានៅតែបន្តមានភាពរឹងមាំពិតឬទេ?

 

របាយការណ៍រួមគ្នារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងធនាគារជាតិនៃកម្ពុជា ចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ បានបង្ហាញថា គិតត្រឹមចុងឆ្នាំ២០២១ វិនិយោគផ្ទាល់បរទេសនៅកម្ពុជានៅបន្តមានភាពរឹងមាំ។

 

របាយការណ៍នេះបានឱ្យដឹងថា អត្រាការវិនិយោគផ្ទាល់ពីបរទេសមកកាន់ប្រទេសកម្ពុជា មានចំនួន១៦៨,៨ពាន់ពាន់លាន​រៀល (ត្រូវជា៤១,៧៨ពាន់លានដុល្លារអាមេរិក) បានកើនឡើង១១,២ភាគរយ ធៀបនឹងចុងឆ្នាំ២០២០ ដែលគាំទ្រដោយវិនិយោគពីបណ្តាប្រទេសមួយចំនួន ក្នុងវិស័យហិរញ្ញវត្ថុមានចំនួន២២,៩ភាគរយ កម្មន្តសាល ២០,៨ភាគរយ អចលនទ្រព្យ ១២ភាគរយ សណ្ឋាគារនិងភោជនីយដ្ឋាន ១០,៧ភាគរយ កសិកម្ម ១០,៣ភាគរយ និងសំណង់ ៦,២ភាគរយ។

 

ប្រទេសវិនិយោគធំបំផុតគឺ ប្រទេសចិន វិនិយោគក្នុងទុនសរុបចំនួន៧៤ពាន់ពាន់លានរៀល (៤៣,៩ភាគរយ) កូរ៉េខាងត្បូងក្នុងទុនសរុបចំនួន២០,១ពាន់ពាន់លានរៀល (១១,៩ភាគរយ)  វៀតណាមក្នុងទុនសរុបចំនួន១០,២ពាន់ពាន់លានរៀល (៦,១ភាគរយ) សិង្ហបុរីក្នុងទុនសរុបចំនួន១០,៩ពាន់ពាន់លានរៀល (៦,៥ភាគរយ) ជប៉ុន ក្នុងទុនសរុបចំនួន១០ពាន់ពាន់លានរៀល (៥,៩ភាគរយ) និងម៉ាឡេស៊ី ក្នុងទុនសរុបចំនួន៧,៨ពាន់ពាន់លានរៀល (៤,៦ភាគរយ)។

ជុំវិញបញ្ហាការទាក់ទាញវិនិយោគបរទេស លោកបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia និងជាអ្នកជំនួញអចលនទ្រព្យជើងចាស់មួយរូប បានលើកឡើងនៅថ្ងៃទី២៥ ខែមេសានេះថា ប្រទេសកម្ពុជាមានចំណុចល្អៗជាច្រើន ដែលអាចលើកយកមកនិយាយផ្សព្វផ្សាយ ដើម្បីជម្រុញការវិនិយោគបន្ថែមមកកាន់ទឹកដីរបស់យើង ប៉ុន្តែមានចំណុចមួយ ដែលប្រទេសកម្ពុជានៅមានភាពខ្វះខាត នោះគឺ “ការធ្វើទីផ្សារ”ដែលនឹងជំរុញកេរ្តិ៍ឈ្មោះប្រទេសនៅក្នុងផ្លូវវិជ្ជមានឱ្យពិភពលោកបានស្គាល់។

 

លោកឧកញ៉ាថ្លែងថា “បើនិយាយពីកម្ពុជា យើងអាចលើកយកនូវចំណុចល្អជាច្រើន កម្ពុជាជាប្រទេសប្រជាធិបតេយ្យ សេដ្ឋកិច្ចកម្ពុជារីកចម្រើនក្នុងអត្រា៧ភាគរយក្នុង រយៈពេល៧ឆ្នាំចុងក្រោយ ប្រជាជនកម្ពុជាវ័យក្មេងស្ទើរតែ៧០ភាគរយ កម្ពុជាមានសណ្ឋានដីល្អ មានច្បាប់ទម្លាប់ល្អ ច្បាប់វិនិយោគដ៏ល្អ ដែលសម្រួលដល់ការវិនិយោគរកស៊ីរបស់បរទេសនៅក្នុងប្រទេសកម្ពុជា ប្រទេសកម្ពុជាជាប្រទេសដែលមានប្រជាជនរួសរាយរាក់ទាក់”។

 

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី២៦ ខែមេសានេះ បានមានប្រសាសន៍ទាក់ទងនឹងការវិនិយោគដោយផ្ទាល់របស់វិនិយោគិនអាមេរិក ដែលជាមហាអំណាចសេដ្ឋកិច្ចទី១ នៅក្នុងពិភពលោកថា ប្រទេសកម្ពុជា គឺជាទីផ្សារដ៏ល្អមួយ មានកម្លាំងពលកម្មដែលជាយុវជនច្រើន។

 

ឆ្លើយតបនឹងសំណួរថា តើបច្ចុប្បន្ននេះ សហរដ្ឋអាមេរិកចាត់ទុកថា កម្ពុជាជាប្រទេសមួយដែលមានបរិយាកាសវិនិយោគល្អដែរឬទេ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានអះអាងថា “សហរដ្ឋអាមេរិកមានក្រុមប្រឹក្សា ដែលត្រួតពិនិត្យទៅលើលក្ខខណ្ឌ ថាតើប្រទេសកម្ពុជាមានសក្តានុពលកម្រិតណា?”។

 

លោកអះអាងថា “យើងមើលឃើញថា ទីផ្សារកម្ពុជាមានការរីកចម្រើនខ្ពស់។ វិនិយោគិនអាមេរិកបាននិងកំពុងមើលឃើញសក្តានុពល និងបាននាំចូលមកនូវទុនវិនិយោគបន្ថែមទៀត មកកាន់ប្រទេសកម្ពុជា។ ជាក់ស្តែង ក្រុមហ៊ុន កូកាកូឡា ក្រុមហ៊ុន Ford ដែលនឹងបើករោងចក្រតំឡើងរថយន្តនៅក្នុងខេត្តពោធិ៍សាត់ ក្រុមហ៊ុន Crown Factory ដែលនាំចូលការផលិតដប ជាដើម”។

 

ដើម្បីជម្រុញការវិនិយោគរបស់វិនិយោគិនអាមេរិកមកកម្ពុជាបន្ថែមទៀត លោកបានបញ្ជាក់ថា សហរដ្ឋអាមេរិកក៏ចង់បង្កើនការវិនិយោគមកលើទីផ្សារកម្ពុជា លុះត្រាណាតែប្រជាជនកម្ពុជាគាំទ្រផលិតផលរបស់អាមេរិកផងដែរ។ សព្វថ្ងៃនេះ សហរដ្ឋអាមេរិកបានទទួលទិញទំនិញជាច្រើនពីកម្ពុជា ហើយយើងរំពឹងលើការពង្រីកទីផ្សារបន្ថែមទៀត”។

សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៥ ខែមេសានេះ បានថ្លែងថា បរិយាកាសវិនិយោគនៅកម្ពុជា មានភាពល្អប្រសើរ ដោយមូលហេតុសំខាន់ៗ៥ រួមមាន កត្តាសុខសន្តិភាព និងស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការវិនិយោគ ច្បាប់វិនិយោគ ដែលផ្ដល់ការងាយស្រួលដល់អ្នកវិនិយោគ ក្បាលម៉ាស៊ីនគ្រប់គ្រងច្រកចេញចូលតែមួយ សម្រាប់ការជួយសម្រួលដល់ការវិនិយោគ លក្ខខណ្ឌមិនតំរូវឲ្យអ្នកវិនិយោគប្រើតែប្រាក់រៀល ដោយអនុញ្ញាតការប្រើប្រាក់ដទៃទៀតដូចជា ប្រាក់ដុល្លារជាដើម និងកម្លាំងពលកម្មវ័យក្មេងច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here