អតីតមេបញ្ជាការ UN ថា កម្ពុជាមានការផ្លាស់ប្ដូរដ៏អស្ចារ្យ ជាពិសេសរាជធានីភ្នំពេញ

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន ទទួលជួបអតីតមេបញ្ជាការរបស់កងកម្លាំងអន្តរជាតិ នៃអាជ្ញាធរបណ្តោះអាសន្ន អង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNTAC) នៅក្នុងដំណើរការសន្តិភាពនៅកម្ពុជា។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានទទួលជួប លោកឧត្តមសេនីយឯក ចនសេន ដឺសុន (Jonh Sanderson) អតីតមេបញ្ជាការរបស់កងកម្លាំងអន្តរជាតិ នៃអាជ្ញាធរបណ្តោះអាសន្ន អង្គការសហប្រជាជាតិប្រចាំកម្ពុជា(UNTAC) នៅក្នុងដំណើរការសន្តិភាពនៅកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នៅវិមានសន្តិភាព ។

នៅក្នុងជំនួបនេះ លោកចនសេន ដឺសុន បានគោរពជម្រាបជូនសម្តេចតេជោថា ឯកឧត្តមពិតជាមានសេចក្ដីរំភើប ដែលបានវិលត្រឡប់មកកម្ពុជាវិញ និងជាប្រទេសដែល លោកមានអនុស្សាវរីយ៍យ៉ាងច្រើន និងមិត្តភ័ក្រ្តយ៉ាងច្រើន ស្របពេលជាមួយខួប៣០ឆ្នាំ នៃប្រតិបត្តិការស្វែងរកសន្តិភាពនៅកម្ពុជា និងខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្ត្រាលី។

លោកចនសេន ដឺសុន បានគោរពជម្រាបជូនសម្ដេចតេជោផងដែរថា កម្ពុជាមានការផ្លាស់ប្ដូរដ៏អស្ចារ្យ ជាពិសេសរាជធានីភ្នំពេញ ដែលមានការអភិវឌ្ឍដ៏ស្រស់បំព្រង ស្របគ្នានឹងការអភិវឌ្ឍយ៉ាងឆាប់រហ័ស របស់កម្ពុជានៅទូទាំងប្រទេស។ លោកបន្ថែមថា ជាមួយការចូលរួមចំណែកក្នុងកិច្ចការពិភពលោក កិច្ចការតំបន់ និងជាពិសេស ប្រធានអាស៊ាន ទាំងនេះជាវឌ្ឍនភាព និងជោគជ័យដ៏ធំធេងរបស់កម្ពុជា។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណឯកឧ ត្តមរដ្ឋាភិបាលអូស្ត្រាលី ដែលបានចូលរួមចំណែកក្នុងការស្វែងរកសន្តិភាពរបស់កម្ពុជា ការទទួលស្គាល់កម្ពុជា មុនកម្ពុជាទទួលបានឯករាជ្យ និងបោះបង់ការទទួលស្គាល់ខ្មែរក្រហម នៅអង្គការសហប្រជាជាតិមុនគេ។

សម្ដេ​ចតេជោបានមានប្រសាសន៍ថា “ប្រទេសអូស្ត្រាលី ជាប្រទេសបានទទួលស្គាល់កម្ពុជា មុនកម្ពុជាទទួលបានឯករាជ្យ ជាប្រទេសដែលជួយកម្ពុជាឲ្យទទួលបានឯករាជ្យ”។

ជាមួយគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនលោកចនសេន ដឺសុន អំពីចក្ខុវិស័យ និងយុទ្ធសាស្ត្រដែលនាំឲ្យកម្ពុជា ទទួលបានសន្តិភាពពេញលេញ រួមជាមួយយុទ្ធសាស្ត្រគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here