ដោយៈសុខុម
រុស្ស៊ី: មានការព្យាករណ៍យ៉ាងទូលំទូលាយថា មិនយូរទេសេដ្ឋកិច្ចរុស្ស៊ី នឹងឈានដល់ការដួលរលំជាមិនខាន ដោយសារទទួលរងទណ្ឌកម្មជុំទិសដែលធ្ងន់ធ្ងរបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ក្រោយបុរសខ្លាំង វ៉្លាឌីមៀ ពូទីន បញ្ឆេះសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ។
ទោះជាយ៉ាងណា បើគិតមកទល់នឹងថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា នេះ វាមានរយៈពេល២ខែនិង៤ថ្ងៃហើយ ប៉ុន្តែសេដ្ឋកិច្ចរុស្ស៊ី ហាក់នៅតែរឹងមាំដដែល។
តើសេដ្ឋកិច្ចរុស្ស៊ី ពឹងផ្អែកលើអ្វីនៅពេលនេះ ទើបបានជាមិនដួលរលំសោះ? តោះ មកស្វែងយល់ទាំងអស់គ្នា។
យោងតាមសារព័ត៌មាន Foreign Policy ចុះផ្សាយកាលពីថ្ងៃសុក្រ ទី២២ ខែមេសា ឱ្យដឹងថា ការនាំចេញប្រេងរបស់ប្រទេសរុស្ស៊ី ទៅកាន់អឺរ៉ុប និងប្រទេសនានាដូចជា ឥណ្ឌា ប្រទេសចិន និងតួកគី ជាដើម ពិតជាបានកើនឡើងយ៉ាងគំហុក ហើយវិស័យហិរញ្ញវត្ថុរបស់ប្រទេសនេះ មកទល់ពេលនេះ កំពុងជៀសផុតឆ្ងាយ ពីវិបត្តិសាច់ប្រាក់ធ្ងន់ធ្ងរគួរឱ្យភ្ញាក់ផ្អើល។
ក្រុមអ្នកជំនាញលើកឡើងថា ទណ្ឌកម្មនឹងបញ្ចេញឥទ្ធិពលរបស់វា ក្នុងរយៈពេលវែង ប៉ុន្តែសម្រាប់ពេលនេះ ប្រទេសជាច្រើនដែលកំពុងដាក់ទណ្ឌកម្មលើរុស្ស៊ី នៅតែបន្តទិញថាមពលពីប្រទេសនេះ ដោយជៀសមិនរួច ហើយថែមទាំងទិញច្រើនជាងមុនទៀតផង នៅក្នុងខែមេសា នេះបើធៀបនឹងមីនា។
លោក Edward Fishman អតីតអ្នកឯកទេសផ្នែកកិច្ចការអឺរ៉ុប នៅក្រសួងការបរទេសអាមេរិក បាននិយាយថា “លោក ពូទីន កំពុងបន្តរកប្រាក់ចំណូល បានយ៉ាងហោចណាស់១ពាន់លានដុល្លារ ក្នុងមួយថ្ងៃពីការលក់ប្រេង និងឧស្ម័ន ហើយមួយផ្នែកធំនៃប្រាក់ចំណូលនេះ គឺបានពីអឺរ៉ុប”។
អ្នកជំនាញរូបនេះបានបន្ថែមទៀតថា “ប្រទេសអឺរ៉ុប មួយចំនួនកំពុងបញ្ជូនជំនួយយោធាទៅអ៊ុយក្រែន ទាំងដែលខ្លួនកំពុងទិញប្រេង និងឧស្ម័នរុស្ស៊ី ហើយទូទាត់លុយឱ្យរុស្ស៊ី”។
លោក Matt Smith អ្នកជំនាញមកពី Kpler ដែលជាក្រុមហ៊ុនតាមដានកប៉ាល់ ដឹកទំនិញប្រេងនិយាយថា ទោះបីជាលោកខាងលិច រឹតបន្តឹងលើវិស័យហិរញ្ញវត្ថុរបស់រុស្ស៊ី កាន់តែខ្លាំងយ៉ាងណាក្ដី ក៏ការនាំចេញប្រេងរបស់ប្រទេសនេះ បានឈានដល់៣,៦លានបារ៉ែល ក្នុងមួយថ្ងៃក្នុងខែមេសា បើធៀបនឹង៣,៣លានបារ៉ែលក្នុងមួយថ្ងៃក្នុងខែមុន។
លោក Matt Smith បានបន្ថែមទៀតថា “ការនាំចេញប្រេងឆៅរបស់រុស្ស៊ី ក្នុងខែនេះពិតជាខ្ពស់ ជាងខែមុនឆ្ងាយណាស់។ វាពិតជាគួរឱ្យភ្ញាក់ផ្អើលមែនទែន”។
វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ (Institute of International Finance) បានចេញរបាយការណ៍ក្នុងសប្តាហ៍នេះថា ការនាំចេញប្រេងរបស់រុស្ស៊ី ក្នុងខែមេសា មកទល់ពេលនេះ កំពុងមានសន្ទុះខ្លាំងមិនធ្លាប់មាន។ សូម្បីប្រេងឆៅរុស្ស៊ី លក់បញ្ចុះតម្លៃច្រើនយ៉ាងណាក្ដី ក៏ “ប្រាក់ចំណូលបានពីការនាំចេញប្រេង ទំនងជាកើនលើសច្រើន បើធៀបនឹងខែដូចគ្នាក្នុងឆ្នាំមុនៗ”។
ប្រាក់ចំណូលទាំងនោះ បានជំរុញឱ្យអតិរេកគណនី ចរន្តរបស់រុស្ស៊ី កើនឡើងដល់កម្រិតខ្ពស់ជាថ្មី។
សម្រាប់រយៈពេល៣ខែដំបូងនៃឆ្នាំនេះ អតិរេកគណនីចរន្តមានចំនួន៦០ពាន់លានដុល្លារ បើធៀបនឹងចំនួន១២០ពាន់លានដុល្លារ សម្រាប់ពេញមួយឆ្នាំក្នុងឆ្នាំ២០២១ ដែលធ្វើឱ្យវិមានក្រឹមឡាំង មានប្រាក់ចំណូលថ្មីៗដើម្បីទប់ទល់នឹងទណ្ឌកម្មរបស់លោកខាងលិច។
ប្រទេសរុស្ស៊ី គឺជាប្រទេសផលិតប្រេងឆៅធំជាងគេបំផុតទី៣ របស់ពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសអារ៉ាប៊ីសាអូឌីត៕ Foreign Policy៕