Elon Musk បម្រុងទិញក្រុមហ៊ុន Coca-Cola ថែមទៀត ក្រោយចំណាយលុយមហាសាលទិញយក Twitter

0

ដោយ៖ សុខុម

ញូវយ៉ក: កំពូលមហាសេដ្ឋី Elon Musk បានបង្កការភ្ញាក់ផ្អើលជាថ្មីពេញពិភពលោកកាលពីពេលថ្មីៗនេះ ក្រោយលោកចំណាយលុយមហាសាលរហូតដល់ទៅ៤៤ពាន់លានដុល្លារអាមេរិក ដើម្បីទិញយកក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គម Twitter។

ហើយយខណៈការភ្ញាក់ផ្អើលនេះមិនទាន់ស្ងប់ស្ងាត់ទៅវិញផង ស្រាប់តែលោកបានបង្កការភ្ញាក់ផ្អើលជាថ្មីម្ដងទៀត ក្រោយលោកបានលោកប្រកាសមហិច្ឆតាដ៏ធំរបស់លោកថា លោកចង់ទិញយកក្រុមហ៊ុន Coca-Cola ថែមទៀត។

សំដៅដល់រូបមន្តដើមរបស់ភេសជ្ជៈកូកាកូឡា តាំងពីចាប់ផ្ដើមផលិតដំបូងតាំងពីឆ្នាំ១៨៨៦ មេ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla និងក្រុមហ៊ុនអវកាស SpaceX រូបនេះបានសរសេរបង្ហោះលើគណនី Twitter របស់លោកថា “ពេលបន្ទាប់ ខ្ញុំនឹងទិញយកក្រុមហ៊ុន Coca-Cola ដើម្បីដាក់សារធាតុកូកាអ៊ីនចូលទៅក្នុងភេសជ្ជកូកាកូឡា វិញ”។

សំណេររបស់លោក Elon Musk អំពីផែនការទិញយកក្រុមហ៊ុន Coca-Cola ខាងលើនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានអ្នកចុច Like រហូតដល់ទៅ១,១Like ក្នុងពេលត្រឹមតែប៉ុន្មានម៉ោង បន្ទាប់ពីបង្ហោះកាលពីថ្ងៃពុធ ទី២៧ ខែមេសា។

ទោះជាយ៉ាងណា មិនប្រាកដថាលោក Elon Musk មានលទ្ធភាពទិញយកក្រុមហ៊ុន Coca-Cola នោះឡើយ ព្រោះនៅលើទីផ្សារក្រុមហ៊ុននេះមានតម្លៃរហូតដល់ទៅ២៨៤ពាន់លានដុល្លារអាមេរិក ឯណោះ ខណៈទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោកនាពេលបច្ចុប្បន្ន មានចំនួន២៥៣ពាន់លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here