ដោយៈ វិវឌ្ឈន៍
ព្រះសីហនុៈ អ្នកវិនិយោគជប៉ុនគ្រោងវិនិយោគ លើការសាងសង់រោងចក្រផលិតគ្រឿងសំំអាង នៅខេត្តព្រះសីហនុ បន្ទាប់ពីជំនួបជាផ្លូវការរវាងលោកគួច ចំរើនអភិបាលខេត្ត និងលោក Fumiaki Takahashi ប្រធានសមាគមជប៉ុន-កម្ពុជាកាលពីថ្ងៃម្សិលម៉ិញនេះ។
តាមរយៈជំនួននេះ នោះគណ:ប្រតិភូវិនិយោគជប៉ុន បានបង្ហាញពីគោលបំណង ក្នុងការបណ្តាក់ទុនវិនិយោគបង្កើត រោងចក្រគ្រឿងសម្អាងនៅខេត្តព្រះសីហនុ ព្រោះខាងជប៉ុនមានបច្ចេកទេស ចំណែកកម្ពុជាមានវត្ថុធាតុដើម (សូតមាស) យកមកកែច្នៃធ្វើគ្រឿងសំអាង និងសាប៊ូ ដែលជាផលិតផលដែលកំពុងពេញនិយម។
លោក Fumiaki Takahashi បានភ្ញាក់ផ្អើលដោយសារខេត្តព្រះសីហនុ មានការអភិវឌ្ឍលឿន មានហេដ្ឋរចនាសម្ព័ន្ធល្អស្អាត បរិស្ថានល្អសាកសម្យជាតំបន់ទេសចរណ៍ និងវិនិយោគ។ ដំណើរទស្សនកិច្ចរបស់គណ:ប្រតិភូវិនិយោគជប៉ុន មកកាន់កម្ពុជារយៈពេល៣ថ្ងៃមកហើយ កាលពីឆ្នាំ២០១៩ លោកក៏បានដឹកនាំគណ:ប្រតិភូវិនិយោគជប៉ុន ចំនួន១០ក្រុមហ៊ុន មកកាន់ខេត្តសៀមរាប និងមកទស្សនកិច្ចនៅខេត្តព្រះសីហនុ។
លោកបន្តថា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា គណ:ប្រតិភូ ក៏បានចូលជួបពិភាក្សាការងារ ជាមួយសម្តេចក្រឡាហោម សេ ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីចំនួន៦ក្រសួងផ្សេងទៀត នៅរាជធានីភ្នំពេញ ក្នុងនោះក៏បានធ្វើសិក្ខាសាលាចាប់ដៃគូរ វិនិយោគរវាងជប៉ុន-កម្ពុជា បានចំនួន៤លើក ១.ក្រុមហ៊ុនដៃគូរ ២.ប្រធានធនាគារអេស៊ីលីដា ៣.សហគ្រិនវ័យក្មេងកម្ពុជា និង៤.ជួបកម្មសិក្សាការីរៀននៅប្រទេសជប៉ុន ជាអ្នកគ្រប់គ្រងវ័យក្មេងកម្ពុជា។
អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោកគួច ចំរើនបានស្វាគមន៍វត្តមាន លោក Fumiaki Takahashi និងគណ:ប្រតិភូវិនិយោគជប៉ុន ដែលបានមកធ្វើទស្សនកិច្ច និងឈ្វេងយល់ពីការអភិវឌ្ឍនៅខេត្តព្រះសីហនុ ដោយលោកបានលើកឡើងថា កម្ពុជាមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជិតស្និតជាមួយប្រទេសជប៉ុន លើផ្នែកសេដ្ឋកិច្ច និងនយោបាយ។
លោកបន្តថា ថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ទើបបញ្ចប់ទស្សនកិច្ចនៅប្រទេសជប៉ុន ហើយលោកហ៊ុន ម៉ាណែត ក៏បានទៅទស្សនកិច្ចនៅប្រទេសជប៉ុន និងបានជួបពិភាក្សាកាងារជាមួយថ្នាក់ដឹកនាំជប៉ុនផងដែរ។
ជាមួយគ្នានេះលោកគួច ចំរើនបានលើកពីប្រវត្តិជាច្រើននៃទំនាក់ទំនងកម្ពុជា ជប៉ុនដែលមាននាពេលកន្លងមក ពិសេស នាវាកងស្វ័យការពាកងទ័ពជើងទឹកជប៉ុន បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីអបអរខួបទី៣០ឆ្នាំ ដែលជប៉ុនបានចូល រួមជាមួយអង្គការសហប្រជាជាតិ ក្នុងការថែរក្សាសន្តិភាពនៅកម្ពុជា ដោយក្នុងឪកាសនោះសម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញមកធ្វើការសំណេះសំណាល ជាមួយមេបញ្ជាការនាវាកងស្វ័យការពារជប៉ុនផងដែរ។
លោកបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាតារារះនាទិសនារតី និងជាប៉ូលសេដ្ឋកិច្ចរបស់ប្រទេស។ តាមរយៈទស្សនកិច្ចរបស់គណ:ប្រតិភូ គឺអាចចាប់យកឱកាសវិនិយោគនៅខេត្តព្រះសីហនុ ព្រោះប្រជាពលរដ្ឋកម្ពុជាចូលចិត្តប្រើប្រាស់ផលិតផលរបស់ប្រទេសជប៉ុន៕