ខេត្តកំពង់ស្ពឺប្រឈមនឹងកង្វះកំលាំងពលកម្មក្នុងវិស័យឧស្សាហកម្ម ខណៈការវិនិយោគកើនឡើង

0

ដោយ៖ វឌ្ឍនៈ

កំពង់ស្ពឺ៖ ស្របពេលការវិនិយោគ លើឧស្សាហកម្មរោងចក្រ សហគ្រាស នៅក្នុងខេត្តកំពង់ស្ពឺបន្តកើនឡើង តាមការព្យាករណ៍ និងការរំពឹងរបស់អ្នកជំនាញវិស័យអចលនទ្រព្យ ពេលនេះខេត្តកំពង់ស្ពឺកំពុងប្រឈមនឹងកង្វះកំលាំងពលកម្ម សម្រាប់បម្រើនូវសេចក្តីត្រូវការនេះ។


នេះបើតាមការលើកឡើងរបស់លោកវ៉ី សំណាងអភិបាលខេត្តកំពង់ស្ពឺ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មនិយោជិតនៅថ្ងៃទី២៩ មេសា ២០២២នេះ ។

លោក វ៉ី សំណាង បានមានប្រសាសន៍ថា បច្ចុប្បន្នខេត្តកំពង់ស្ពឺ មានរោងចក្រសហគ្រាសសរុបចំនួន ៣៣៤កន្លែង ដែលមានកម្មករនិយោជិតសរុបចំនួន១៤៤.៧៩៧នាក់ ក្នុងនោះផ្នែកវាយនភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើងមានចំនួន១៥១កន្លែង មានកម្មករសរុប១៣៩.៦៧៨នាក់ (ស្រី១០៥.០០១នាក់)។

លោកបន្តថា ទន្ទឹមនឹងនេះដែរ ក៏មានរោងចក្រសហគ្រាស ជាច្រើនកន្លែងទៀតដែលបាននិងកំពុងសាងសង់ និងមានរោងចក្រខ្លះបានបើកទ្វារ រើសកម្មករឱ្យចូលបម្រើការងារ ដែលមានតម្រូវការកម្មករ រហូតមកទល់ពេលនេះ នៅខ្វះប្រមាណជាង១០.០០០នាក់ឯណោះ។ ចំនួននេះក៏នឹងមានកែប្រែច្រើនទៀត ខណៈដែលរោងចក្រ និងសហគ្រាសផ្សេងៗទៀតបើកទ្វារជាបន្តបន្ទាប់។

លោកបន្ថែមថា ដោយសារលក្ខខណ្ឌនេះ ទើបរដ្ឋបាលខេត្ត ក៏ដូចថ្នាក់ខេត្ត មន្ទីរ មានការព្រួយបារម្ភរថា រកកម្មករមកធ្វើការឱ្យគេមិនបាន និងបានអំពាវទៅកម្មករនិយោជិត ដែលមានបងប្អូន ដែលបានបញ្ចប់ការសិក្សា ឬឈប់រៀន និងចង់រកការងារធ្វើ អាចទៅធ្វើការនៅខេត្តកំពង់ស្ពឺ ដោយទាក់ទងទៅមន្ទីរការងារ បណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីទទួលបានឱកាសការងារនៅក្នុងខេត្តកំពង់ស្ពឺ។

កន្លងមកអ្នកជំនាញ នៃវិស័យអចលនទ្រព្យបានលើកឡើងផងដែរថា កំពង់ស្ពឺ ជាខេត្តមួយដែលមានសក្ដានុពលខ្ពស់ក្នុងការទាក់ទាញលើឧស្សាហកម្មរោងចក្រ សហគ្រាសនានា ពីព្រោះតែមើលឃើញពីទីតាំង ដែលមានអំណោយផលល្អ ។

លោក សន សៀប នាយកប្រតិបត្តិក្រុមហ៊ុនឃីរៀលអ៊ីស្ទេត បានលើកឡើងថា កំពង់ស្ពឺនឹងទទួលបានរោងចក្រជាច្រើនបន្ថែមទៀតនៅពេលខាងមុខ ពីព្រោះកំពង់ស្ពឺជាខេត្តដែលនៅជិតខេត្តព្រះសីហនុ ងាយស្រួលក្នុងការដឹកជញ្ជូនទៅកាន់កំពង់ផែទឹកជ្រៅ ហើយក៏មានផ្លូវសម្រាប់ដឹកជញ្ជូនទៅកាន់ច្រកព្រំដែនកម្ពុជា ថៃផងដែរ។ ដូច្នេះ វិនិយោគិននឹងជ្រើសរើសយកខេត្តនេះ សម្រាប់បោះទីតាំងវិនិយោគលើគម្រោងរបស់ខ្លួន។

លោក ប៊ូ សេងហូរ អ្នកជំនាញអចលនទ្រព្យប្រចាំខេត្តកំពង់ស្ពឺក៏បាននិយាយថា តម្រូវការដីសម្រាប់ប្រើប្រាស់ក្នុងវិស័យឧស្សាហកម្មរោងចក្រ សហគ្រាសនៅក្នុងខេត្តកំពង់ស្ពឺ ឃើញថាបានកើនឡើងជាបន្តបន្ទាប់ ដែលធ្វើឱ្យតម្លៃដីធ្លីនៅក្នុងតំបន់មួយចំនួននៃខេត្តនេះ ក៏ចាប់ផ្ដើមឡើងថ្លៃជាបន្តបន្ទាប់ផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here